ទំនុកតម្កើង 40:1-17
ទំនុកតម្កើង 40:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំបានរង់ចាំព្រះយេហូវ៉ាដោយអំណត់ ព្រះអង្គក៏បានផ្អៀងព្រះកាណ៌ស្តាប់ខ្ញុំ ហើយព្រះអង្គឮសម្រែករបស់ខ្ញុំ។ ព្រះអង្គបានស្រង់ខ្ញុំចេញពីរណ្ដៅ នៃសេចក្ដីវិនាស ចេញពីភក់ជ្រាំ ក៏ដាក់ជើងខ្ញុំនៅលើថ្មដា ហើយធ្វើឲ្យជំហានខ្ញុំឈរយ៉ាងរឹងមាំ។ ព្រះអង្គបានដាក់បទចម្រៀងថ្មីនៅក្នុងមាត់ខ្ញុំ ជាបទចម្រៀងនៃការសរសើរដល់ព្រះនៃយើង មនុស្សជាច្រើននឹងឃើញ ហើយកោតខ្លាច គេនឹងទុកចិត្តដល់ព្រះយេហូវ៉ា។ មានពរហើយ អ្នកណាដែលយកព្រះយេហូវ៉ា ជាទីទុកចិត្ត ជាអ្នកដែលមិនបែរទៅរកមនុស្សអំនួត ឬទៅរកអស់អ្នកដែលវង្វេង ទៅតាមសេចក្ដីភូតភរ។ ៙ ឱព្រះយេហូវ៉ាជាព្រះនៃទូលបង្គំអើយ ការអស្ចារ្យដែលព្រះអង្គបានធ្វើ មានច្រើនណាស់ ហើយព្រះអង្គក៏មានគំនិតគិតដល់យើងខ្ញុំដែរ គ្មានអ្នកណាអាចប្រៀបផ្ទឹម ស្មើនឹងព្រះអង្គបានឡើយ។ ប្រសិនបើទូលបង្គំនឹងប្រកាស រៀបរាប់ពីការអស្ចារ្យទាំងនោះ នោះមានច្រើនឥតគណនា មិនអាចរៀបរាប់អស់ឡើយ។ ព្រះអង្គមិនចង់បានយញ្ញបូជា និងតង្វាយអ្វីទេ តែព្រះអង្គបានបើកត្រចៀកឲ្យទូលបង្គំស្តាប់ ព្រះអង្គមិនទាមទារតង្វាយដុត និងតង្វាយលោះបាបឡើយ។ ពេលនោះ ទូលបង្គំពោលថា «មើល៍ ទូលបង្គំមកហើយ សេចក្ដីនេះមានចែងពីទូលបង្គំ នៅក្នុងគម្ពីរហើយ ឱព្រះនៃទូលបង្គំអើយ ទូលបង្គំរីករាយ នឹងធ្វើតាមព្រះហឫទ័យព្រះអង្គ ហើយក្រឹត្យវិន័យរបស់ព្រះអង្គ នៅក្នុងចិត្តទូលបង្គំ»។ ទូលបង្គំបានប្រកាសដំណឹង ដ៏រីករាយអំពីការរំដោះរបស់ព្រះអង្គ នៅក្នុងក្រុមជំនុំធំ មើល៍ ឱព្រះយេហូវ៉ាអើយ ព្រះអង្គជ្រាបហើយថា ទូលបង្គំមិនបានទប់មាត់ឡើយ។ ទូលបង្គំមិនបានលាក់ការរំដោះរបស់ព្រះអង្គ ទុកក្នុងចិត្តឡើយ ទូលបង្គំបានថ្លែងប្រាប់ពីព្រះហឫទ័យស្មោះត្រង់ និងការសង្គ្រោះរបស់ព្រះអង្គវិញ ក៏មិនបានបំបិទព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់ របស់ព្រះអង្គ នៅក្នុងជំនុំធំដែរ។ ឱព្រះយេហូវ៉ាអើយ សូមកុំបង្ខាំងព្រះហឫទ័យមេត្តាករុណា របស់ព្រះអង្គចំពោះទូលបង្គំឡើយ សូមព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ថែរក្សាទូលបង្គំជានិច្ច។ ដ្បិតមានសេចក្ដីអាក្រក់ច្រើនឥតគណនា ព័ទ្ធជុំវិញទូលបង្គំ អំពើទុច្ចរិតរបស់ទូលបង្គំ បានតាមទូលបង្គំទាន់ហើយ ទូលបង្គំមើលមិនឃើញទេ អំពើទាំងនោះច្រើនជាងសរសៃសក់ លើក្បាលទូលបង្គំទៅទៀត ហើយចិត្តទូលបង្គំ ក៏លែងមានសង្ឃឹមទៀតដែរ។ ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គសព្វព្រះហឫទ័យរំដោះទូលបង្គំផង ឱព្រះយេហូវ៉ាអើយ សូមប្រញាប់នឹងជួយទូលបង្គំផង! សូមឲ្យអស់អ្នកដែលចង់ឆក់យកជីវិតទូលបង្គំ ត្រូវខ្មាស ហើយបាក់មុខទាំងអស់គ្នា! សូមឲ្យអ្នកដែលប៉ងធ្វើឲ្យទូលបង្គំឈឺចាប់ ត្រូវដកខ្លួនថយ ហើយអាម៉ាស់មុខ! សូមឲ្យអស់អ្នកដែលនិយាយមកទូលបង្គំថា «ន៏ ន៏!» ឲ្យគេត្រូវញាប់ញ័រ ព្រោះតែភាពអាម៉ាស់របស់គេទៅ! រីឯអស់អ្នកដែលស្វែងរកព្រះអង្គ សូមឲ្យគេបានអរសប្បាយ ហើយរីករាយក្នុងព្រះអង្គ សូមឲ្យអស់អ្នកដែលស្រឡាញ់ ការសង្គ្រោះរបស់ព្រះអង្គ បានពោលជានិច្ចថា «ព្រះយេហូវ៉ាប្រសើរឧត្តម!» រីឯទូលបង្គំ ទូលបង្គំក្រីក្រ ហើយទុគ៌ត ប៉ុន្តែ ព្រះអម្ចាស់គិតគូរដល់ទូលបង្គំ។ ព្រះអង្គជាជំនួយ និងជាអ្នករំដោះទូលបង្គំ ឱព្រះនៃទូលបង្គំអើយ សូមកុំបង្អង់ឡើយ!
ទំនុកតម្កើង 40:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំបានទន្ទឹងរង់ចាំព្រះអម្ចាស់ ព្រះអង្គក៏ផ្ទៀងព្រះកាណ៌ស្ដាប់ សម្រែកទូលអង្វររបស់ខ្ញុំ។ ព្រះអង្គបានយកខ្ញុំចេញពីរណ្ដៅ ចេញពីភក់ជ្រាំ មកដាក់នៅលើថ្មដាឲ្យមានជំហរយ៉ាងរឹងប៉ឹង។ ព្រះអង្គបានប្រទានឲ្យខ្ញុំច្រៀងបទចម្រៀងថ្មី ដើម្បីសរសើរតម្កើងព្រះរបស់យើង មនុស្សជាច្រើននឹងឃើញ ហើយកោតខ្លាចទៀតផង គេនឹងនាំគ្នាផ្ញើជីវិតលើព្រះអម្ចាស់។ មានសុភមង្គលហើយ មនុស្សណាផ្ញើជីវិតលើព្រះអម្ចាស់ គឺជាអ្នកមិនបែរទៅរកថ្វាយបង្គំព្រះក្លែងក្លាយ ដែលជាព្រះបោកបញ្ឆោត!។ ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ ព្រះអង្គបានសម្តែងការអស្ចារ្យ ជាច្រើនចំពោះយើងខ្ញុំ ព្រះអង្គក៏មានគម្រោងការជាច្រើន សម្រាប់យើងខ្ញុំដែរ។ គ្មាននរណាអាចផ្ទឹមស្មើនឹងព្រះអង្គបានទេ ការអស្ចារ្យទាំងនោះមានចំនួនច្រើនឥតគណនា ទូលបង្គំមិនអាចពណ៌នាអស់ឡើយ។ ព្រះអង្គមិនចង់បានយញ្ញបូជា ឬតង្វាយអ្វីទេ តែព្រះអង្គបានបើកត្រចៀកទូលបង្គំ ឲ្យចេះស្ដាប់ព្រះអង្គ ព្រះអង្គមិនទាមទារតង្វាយដុត ឬ យញ្ញបូជាសុំឲ្យរួចពីបាបឡើយ។ ដូច្នេះ ទូលបង្គំពោលថា បពិត្រព្រះអម្ចាស់ ទូលបង្គំមករកព្រះអង្គ ទាំងកាន់គម្ពីរដែលមានចែងទុកអំពីទូលបង្គំ។ ទូលបង្គំពេញចិត្តនឹងធ្វើតាម ព្រះហឫទ័យរបស់ព្រះអង្គ ហើយក្រឹត្យវិន័យរបស់ព្រះអង្គដក់ នៅក្នុងដួងចិត្តទូលបង្គំជានិច្ច។ ទូលបង្គំបានប្រកាសឲ្យអង្គប្រជុំ ដ៏ធំដឹងអំពីសេចក្ដីសុចរិតរបស់ព្រះអង្គ ឱព្រះអម្ចាស់អើយ ព្រះអង្គជ្រាបហើយថា ទូលបង្គំនឹងថ្លែងឥតឈប់ឈរឡើយ។ ទូលបង្គំមិនលាក់សេចក្ដីសុចរិតរបស់ព្រះអង្គ ទុកក្នុងចិត្តទូលបង្គំទាល់តែសោះ ទូលបង្គំតែងតែប្រកាសពីព្រះហឫទ័យ ស្មោះត្រង់របស់ព្រះអង្គដែលបានសង្គ្រោះទូលបង្គំ ទូលបង្គំពុំអាចនៅស្ងៀមមិនប្រកាស អំពីព្រះហឫទ័យមេត្តាករុណាដ៏ស្មោះត្រង់ របស់ព្រះអង្គនៅកណ្ដាលអង្គប្រជុំធំបានឡើយ។ ឱព្រះអម្ចាស់អើយ ទូលបង្គំដឹងថាព្រះអង្គតែងតែ អាណិតមេត្តាទូលបង្គំឥតឈប់សោះឡើយ ព្រះហឫទ័យមេត្តាករុណាដ៏ស្មោះត្រង់ របស់ព្រះអង្គតែងតែតាមការពារទូលបង្គំជានិច្ច។ មានទុក្ខលំបាកច្រើនឥតគណនារួបរឹតទូលបង្គំ កំហុសរបស់ទូលបង្គំផ្ទាល់បានតាមយាយីទូលបង្គំ ធ្វើឲ្យទូលបង្គំស្រវាំងភ្នែកមើលអ្វីលែងឃើញ កំហុសទូលបង្គំមានចំនួនច្រើនជាង សរសៃសក់របស់ទូលបង្គំទៅទៀត ទូលបង្គំលែងមានកម្លាំង ប្រឈមមុខទៀតហើយ។ ឱព្រះអម្ចាស់អើយ សូមមេត្តារំដោះទូលបង្គំផង! ព្រះអម្ចាស់អើយ សូមយាងមកសង្គ្រោះទូលបង្គំជាប្រញាប់! សូមឲ្យអស់អ្នកដែលចង់ដកជីវិតទូលបង្គំ ត្រូវអាប់ឱន និងបាក់មុខទាំងអស់គ្នា! សូមឲ្យអស់អ្នកដែលសប្បាយចិត្ត នឹងទុក្ខវេទនារបស់ទូលបង្គំ ត្រូវដកខ្លួនថយ និងអាម៉ាស់មុខ! សូមឲ្យអស់អ្នកដែលសើចចំអកដាក់ទូលបង្គំ ត្រូវបរាជ័យ ទាំងអាប់កិត្តិយស រីឯអស់អ្នកដែលស្វែងរកព្រះអង្គវិញ សូមឲ្យគេបានសប្បាយរីករាយ រួមជាមួយព្រះអង្គ! សូមឲ្យអស់អ្នកដែលស្រឡាញ់ការសង្គ្រោះ របស់ព្រះអង្គ ថ្លែងឥតឈប់ឈរថា «សូមលើកតម្កើងព្រះអម្ចាស់!»។ ទូលបង្គំជាមនុស្សកម្សត់ទុគ៌ត តែព្រះអម្ចាស់បានគិតគូរដល់ទូលបង្គំ។ ព្រះអង្គតែងតែសង្គ្រោះ និងរំដោះទូលបង្គំ ឱព្រះនៃទូលបង្គំអើយ សូមយាងមកកុំបង្អង់ឡើយ!
ទំនុកតម្កើង 40:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំបានរង់ចាំព្រះយេហូវ៉ា ដោយអំណត់ ទ្រង់ក៏បានផ្អៀងព្រះកាណ៌មកស្តាប់ ហើយទទួលតាមសំរែករបស់ខ្ញុំ ទ្រង់បានស្រង់ខ្ញុំចេញពីអន្លង់គួរស្បើម ឲ្យរួចពីភក់ស្អិត ក៏ដាក់ជើងខ្ញុំលើថ្មដា ព្រមទាំងតាំងជំហានខ្ញុំឲ្យខ្ជាប់ខ្ជួន ទ្រង់បានបណ្តាលឲ្យមានទំនុកថ្មីនៅក្នុងមាត់ខ្ញុំ គឺជាសេចក្ដីសរសើរដល់ព្រះនៃយើងខ្ញុំ មនុស្សជាច្រើននឹងឃើញ ព្រមទាំងមានសេចក្ដីកោតខ្លាច ហើយនឹងទុកចិត្តដល់ព្រះយេហូវ៉ាផង មានពរហើយ អ្នកណាដែលយកព្រះយេហូវ៉ាជាទីពឹង ឥតយល់ដល់មនុស្សឆ្មើងឆ្មៃ ឬពួកអ្នកដែលបែរទៅឯសេចក្ដីភូតភរឡើយ។ ៙ ឱព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ ការអស្ចារ្យដែលទ្រង់បានធ្វើ នោះមានច្រើនណាស់ ព្រមទាំងគំនិតដែលទ្រង់នឹកដល់យើងខ្ញុំផង គ្មានអ្នកណាអាចនឹងរៀបរាប់ដោយលំដាប់ ពីការទាំងនោះ នៅចំពោះទ្រង់បានឡើយ បើទូលបង្គំនឹងចង់និទានប្រាប់ នោះមានច្រើនហួសកំណត់នឹងរាប់បាន ឯយញ្ញបូជា ហើយនឹងដង្វាយ នោះទ្រង់មិន សព្វព្រះហឫទ័យទេ ទ្រង់បានបើកត្រចៀកឲ្យទូលបង្គំស្តាប់តាម ទ្រង់មិនចង់បានដង្វាយដុត ឬយញ្ញបូជាលោះបាបនោះទេ បានជាទូលបង្គំទូលថា មើល ទូលបង្គំមកហើយ សេចក្ដីនេះបានកត់ទុកពីទូលបង្គំ នៅក្នុងគម្ពីរហើយ គឺថា ឱព្រះនៃទូលបង្គំអើយ ទូលបង្គំមានសេចក្ដីអំណរ នឹងធ្វើតាមព្រះហឫទ័យទ្រង់ អើ ក្រិត្យវិន័យរបស់ទ្រង់ក៏នៅក្នុងចិត្តទូលបង្គំ ទូលបង្គំបានប្រកាសដំណឹងល្អ ពីសេចក្ដីសុចរិត នៅក្នុងជំនុំធំ មើល ឱព្រះយេហូវ៉ាអើយ ទ្រង់ជ្រាបហើយថា ទូលបង្គំនឹងមិនទប់មាត់ឡើយ ទូលបង្គំមិនបានលាក់សេចក្ដីសុចរិតរបស់ទ្រង់ នៅក្នុងចិត្តទេ គឺបានថ្លែងប្រាប់ពីសេចក្ដីស្មោះត្រង់ នឹងសេចក្ដីសង្គ្រោះរបស់ទ្រង់វិញ ក៏មិនបានបំបិទសេចក្ដីសប្បុរស នឹងសេចក្ដីពិត របស់ទ្រង់ នៅក្នុងជំនុំធំដែរ ឱព្រះយេហូវ៉ាអើយ សូមកុំបង្ខាំងសេចក្ដីមេត្តាករុណា របស់ទ្រង់ចំពោះទូលបង្គំឡើយ សូមឲ្យសេចក្ដីសប្បុរសនឹងសេចក្ដីពិតត្រង់របស់ទ្រង់ បានថែរក្សាទូលបង្គំជានិច្ច ដ្បិតមានសេចក្ដីអាក្រក់ឥតគណនាព័ទ្ធទូលបង្គំជុំវិញ អំពើទុច្ចរិតរបស់ទូលបង្គំ បានតាមទូលបង្គំទាន់ហើយ បានជាទូលបង្គំមិនអាចនឹងងើបឡើងមើលបានឡើយ អំពើទាំងនោះច្រើនជាងសរសៃសក់លើក្បាលទូលបង្គំ ចិត្តទូលបង្គំក៏អស់សង្ឃឹមទៅ ឱព្រះយេហូវ៉ាអើយ សូមទ្រង់សព្វព្រះហឫទ័យនឹងជួយ ទូលបង្គំឲ្យរួច ឱព្រះយេហូវ៉ាអើយ សូមប្រញាប់នឹងជួយទូលបង្គំផង ឯអស់អ្នកដែលរកបំផ្លាញព្រលឹងទូលបង្គំ នោះសូមឲ្យគេត្រូវមានសេចក្ដីខ្មាស ហើយលាក់មុខ ទាំងអស់គ្នា ឯពួកអ្នកដែលប៉ងប្រទូស្តនឹងទូលបង្គំ នោះសូមឲ្យគេត្រូវថយចេញ ព្រមទាំងមានសេចក្ដីអាប់យសផង ឯអស់អ្នកដែលនិយាយមកទូលបង្គំថា ន៏ ន៏ នោះសូមឲ្យគេត្រូវស្រឡាំងកាំង ដោយសេចក្ដី ខ្មាសរបស់គេទៅ ចំណែកពួកអស់អ្នកដែលស្វែងរកទ្រង់ នោះសូមឲ្យគេបានរីករាយសប្បាយក្នុងទ្រង់ចុះ សូមឲ្យអស់អ្នកដែលស្រឡាញ់សេចក្ដីសង្គ្រោះនៃទ្រង់ បានពោលជានិច្ចថា សូមឲ្យព្រះយេហូវ៉ាបានថ្កើងឡើង ឯទូលបង្គំៗក្រីក្រ ហើយទុគ៌ត ប៉ុន្តែព្រះអម្ចាស់ទ្រង់នឹកដល់ទូលបង្គំដែរ ទ្រង់ជាជំនួយ ហើយជាអ្នកប្រោសឲ្យទូលបង្គំរួចផង ឱព្រះនៃទូលបង្គំអើយ សូមកុំបង្អង់ឡើយ។