ទំនុកតម្កើង 40:1-11

ទំនុកតម្កើង 40:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ខ្ញុំ​បាន​រង់‌ចាំ​ព្រះ‌យេហូវ៉ា​ដោយ​អំណត់ ព្រះ‌អង្គ​ក៏​បាន​ផ្អៀង​ព្រះ‌កាណ៌​ស្តាប់​ខ្ញុំ ហើយ​ព្រះ‌អង្គ​ឮ​សម្រែក​របស់​ខ្ញុំ។ ព្រះ‌អង្គ​បាន​ស្រង់​ខ្ញុំ​ចេញ​ពី​រណ្ដៅ នៃ​សេចក្ដី​វិនាស ចេញ​ពី​ភក់​ជ្រាំ ក៏​ដាក់​ជើង​ខ្ញុំ​នៅ​លើ​ថ្ម​ដា ហើយ​ធ្វើ​ឲ្យ​ជំហាន​ខ្ញុំ​ឈរ​យ៉ាងរឹង​មាំ។ ព្រះ‌អង្គ​បាន​ដាក់បទ​ចម្រៀង​ថ្មី​នៅ​ក្នុង​មាត់​ខ្ញុំ ជា​បទ​ចម្រៀង​នៃ​ការ​សរសើរ​ដល់​ព្រះ​នៃ​យើង មនុស្ស​ជា​ច្រើន​នឹង​ឃើញ ហើយ​កោត​ខ្លាច គេ​នឹង​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា។ មាន​ពរ​ហើយ អ្នក​ណា​ដែល​យក​ព្រះ‌យេហូវ៉ា ជា​ទីទុក​ចិត្ត ជា​អ្នក​ដែល​មិន​បែរ​ទៅ​រក​មនុស្ស​អំនួត ឬ​ទៅ​រក​អស់​អ្នក​ដែលវង្វេង ទៅ​តាម​សេចក្ដី​ភូត‌ភរ។ ៙ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ការ​អស្ចារ្យ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ មាន​ច្រើន​ណាស់ ហើយ​ព្រះ‌អង្គ​ក៏​មាន​គំនិត​គិត​ដល់​យើង​ខ្ញុំ​ដែរ គ្មាន​អ្នក​ណា​អាច​ប្រៀប​ផ្ទឹម ស្មើ​នឹង​ព្រះ‌អង្គ​បាន​ឡើយ។ ប្រសិន‌បើ​ទូល‌បង្គំ​នឹង​ប្រកាស រៀប​រាប់ពី​ការ​អស្ចារ្យ​ទាំង​នោះ នោះ​មាន​ច្រើន​ឥត​គណនា មិន​អាច​រៀប​រាប់​អស់​ឡើយ។ ព្រះ‌អង្គ​មិនចង់​បាន​យញ្ញ‌បូជា និង​តង្វាយអ្វី​ទេ តែ​ព្រះ‌អង្គ​បាន​បើក​ត្រចៀក​ឲ្យ​ទូល‌បង្គំ​ស្តាប់ ព្រះ‌អង្គ​មិនទាម​ទារ​តង្វាយ​ដុត និងតង្វាយ​លោះ​បាប​ឡើយ។ ពេល​នោះ ទូល‌បង្គំ​ពោល​ថា «មើល៍ ទូល‌បង្គំ​មក​ហើយ សេចក្ដី​នេះ​មាន​ចែង​ពី​ទូល‌បង្គំ នៅ​ក្នុង​គម្ពីរ​ហើយ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​រីក​រាយ នឹង​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ ហើយ​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ នៅ​ក្នុង​ចិត្ត​ទូល‌បង្គំ»។ ទូល‌បង្គំ​បានប្រកាស​ដំណឹង ដ៏​រីករាយ​អំពី​ការ​រំដោះ​របស់​ព្រះ‌អង្គ នៅ​ក្នុង​ក្រុម​ជំនុំ​ធំ មើល៍ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជ្រាប​ហើយ​ថា ទូល‌បង្គំ​មិន​បាន​ទប់​មាត់​ឡើយ។ ទូល‌បង្គំ​មិន​បាន​លាក់​ការ​រំដោះ​របស់​ព្រះ‌អង្គ ទុក​ក្នុង​ចិត្ត​ឡើយ ទូល‌បង្គំ​បាន​ថ្លែង​ប្រាប់​ពី​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់ និងការ​សង្គ្រោះ​របស់​ព្រះ‌អង្គ​វិញ ក៏​មិន​បាន​បំបិទ​ព្រះ‌ហឫ‌ទ័យ​សប្បុរស និង​ព្រះ‌ហឫ‌ទ័យ​ស្មោះត្រង់ របស់​ព្រះ‌អង្គ នៅ​ក្នុង​ជំនុំ​ធំ​ដែរ។ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​បង្ខាំង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា របស់​ព្រះ‌អង្គ​ចំពោះ​ទូល‌បង្គំ​ឡើយ សូម​ព្រះ‌ហឫ‌ទ័យ​សប្បុរស និង​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ ថែ‌រក្សា​ទូល‌បង្គំ​ជា‌និច្ច។

ទំនុកតម្កើង 40:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​បាន​ទន្ទឹង​រង់‌ចាំ​ព្រះ‌អម្ចាស់ ព្រះអង្គ​ក៏​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់ សម្រែក​ទូល‌អង្វរ​របស់​ខ្ញុំ។ ព្រះអង្គ​បាន​យក​ខ្ញុំ​ចេញ​ពី​រណ្ដៅ ចេញ​ពី​ភក់​ជ្រាំ មក​ដាក់​នៅ​លើ​ថ្ម‌ដា​ឲ្យ​មាន​ជំហរ​យ៉ាង​រឹង‌ប៉ឹង។ ព្រះអង្គ​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ច្រៀង​បទ​ចម្រៀង​ថ្មី ដើម្បី​សរសើរ​តម្កើង​ព្រះ​របស់​យើង មនុស្ស​ជា​ច្រើន​នឹង​ឃើញ ហើយ​កោត​ខ្លាច​ទៀត​ផង គេ​នឹង​នាំ​គ្នា​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់។ មាន​សុភមង្គល​ហើយ មនុស្ស​ណា​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ គឺ​ជា​អ្នក​មិន​បែរ​ទៅ​រក​ថ្វាយ‌បង្គំ​ព្រះ​ក្លែងក្លាយ ដែល​ជា​ព្រះ​បោក​បញ្ឆោត!។ ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ព្រះអង្គ​បាន​សម្តែង​ការ​អស្ចារ្យ ជា​ច្រើន​ចំពោះ​យើង​ខ្ញុំ ព្រះអង្គ​ក៏​មាន​គម្រោង‌ការ​ជា​ច្រើន សម្រាប់​យើង​ខ្ញុំ​ដែរ។ គ្មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​ព្រះអង្គ​បាន​ទេ ការ​អស្ចារ្យ​ទាំង​នោះ​មាន​ចំនួន​ច្រើន​ឥត​គណនា ទូលបង្គំ​មិន​អាច​ពណ៌នា​អស់​ឡើយ។ ព្រះអង្គ​មិន​ចង់​បាន​យញ្ញ‌បូជា ឬ​តង្វាយ​អ្វី​ទេ តែ​ព្រះអង្គ​បាន​បើក​ត្រចៀក​ទូលបង្គំ ឲ្យ​ចេះ​ស្ដាប់​ព្រះអង្គ ព្រះអង្គ​មិន​ទាម‌ទារ​តង្វាយ​ដុត ឬ យញ្ញ‌បូជា​សុំ​ឲ្យ​រួច​ពី​បាប​ឡើយ។ ដូច្នេះ ទូលបង្គំ​ពោល​ថា បពិត្រ​ព្រះ‌អម្ចាស់ ទូលបង្គំ​មក​រក​ព្រះអង្គ ទាំង​កាន់​គម្ពីរ​ដែល​មាន​ចែង​ទុក​អំពី​ទូលបង្គំ។ ទូលបង្គំ​ពេញ​ចិត្ត​នឹង​ធ្វើ​តាម ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ ហើយ​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ​ដក់ នៅ​ក្នុង​ដួង​ចិត្ត​ទូលបង្គំ​ជានិច្ច។ ទូលបង្គំ​បាន​ប្រកាស​ឲ្យ​អង្គ​ប្រជុំ ដ៏​ធំ​ដឹង​អំពី​សេចក្ដី​សុចរិត​របស់​ព្រះអង្គ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ជ្រាប​ហើយ​ថា ទូលបង្គំ​នឹង​ថ្លែង​ឥត​ឈប់​ឈរ​ឡើយ។ ទូលបង្គំ​មិន​លាក់​សេចក្ដី​សុចរិត​របស់​ព្រះអង្គ ទុក​ក្នុង​ចិត្ត​ទូលបង្គំ​ទាល់​តែ​សោះ ទូលបង្គំ​តែងតែ​ប្រកាស​ពី​ព្រះ‌ហឫទ័យ ស្មោះ​ត្រង់​របស់​ព្រះអង្គ​ដែល​បាន​សង្គ្រោះ​ទូលបង្គំ ទូលបង្គំ​ពុំ​អាច​នៅ​ស្ងៀម​មិន​ប្រកាស អំពី​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​ស្មោះ​ត្រង់ របស់​ព្រះអង្គ​នៅ​កណ្ដាល​អង្គ​ប្រជុំ​ធំ​បាន​ឡើយ។ ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ដឹង​ថា​ព្រះអង្គ​តែងតែ អាណិត​មេត្តា​ទូលបង្គំ​ឥត​ឈប់​សោះ​ឡើយ ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​ស្មោះ​ត្រង់ របស់​ព្រះអង្គ​តែងតែ​តាម​ការពារ​ទូលបង្គំ​ជានិច្ច។

ទំនុកតម្កើង 40:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខ្ញុំ​បាន​រង់‌ចាំ​ព្រះ‌យេហូវ៉ា ដោយ​អំណត់ ទ្រង់​ក៏​បាន​ផ្អៀង​ព្រះ‌កាណ៌​មក​ស្តាប់ ហើយ​ទទួល​តាម​សំរែក​របស់​ខ្ញុំ ទ្រង់​បាន​ស្រង់​ខ្ញុំ​ចេញ​ពី​អន្លង់​គួរ​ស្បើម ឲ្យ​រួច​ពី​ភក់​ស្អិត ក៏​ដាក់​ជើង​ខ្ញុំ​លើ​ថ្មដា ព្រម​ទាំង​តាំង​ជំហាន​ខ្ញុំ​ឲ្យ​ខ្ជាប់‌ខ្ជួន ទ្រង់​បាន​បណ្តាល​ឲ្យ​មាន​ទំនុក​ថ្មី​នៅ​ក្នុង​មាត់​ខ្ញុំ គឺ​ជា​សេចក្ដី​សរសើរ​ដល់​ព្រះ​នៃ​យើង​ខ្ញុំ មនុស្ស​ជា​ច្រើន​នឹង​ឃើញ ព្រម​ទាំង​មាន​សេចក្ដី​កោត‌ខ្លាច ហើយ​នឹង​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ផង មាន​ពរ​ហើយ អ្នក​ណា​ដែល​យក​ព្រះ‌យេហូវ៉ា​ជា​ទី​ពឹង ឥត​យល់​ដល់​មនុស្ស​ឆ្មើង‌ឆ្មៃ ឬ​ពួក​អ្នក​ដែល​បែរ​ទៅ​ឯ​សេចក្ដី​ភូត‌ភរ​ឡើយ។ ៙ ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ការ​អស្ចារ្យ​ដែល​ទ្រង់​បាន​ធ្វើ នោះ​មាន​ច្រើន​ណាស់ ព្រម​ទាំង​គំនិត​ដែល​ទ្រង់​នឹក​ដល់​យើង​ខ្ញុំ​ផង គ្មាន​អ្នក​ណា​អាច​នឹង​រៀប‌រាប់​ដោយ​លំដាប់ ពី​ការ​ទាំង​នោះ នៅ​ចំពោះ​ទ្រង់​បាន​ឡើយ បើ​ទូលបង្គំ​នឹង​ចង់​និទាន​ប្រាប់ នោះ​មាន​ច្រើន​ហួស​កំណត់​នឹង​រាប់​បាន ឯ​យញ្ញ‌បូជា ហើយ​នឹង​ដង្វាយ នោះ​ទ្រង់​មិន សព្វ​ព្រះ‌ហឫទ័យ​ទេ ទ្រង់​បាន​បើក​ត្រចៀក​ឲ្យ​ទូលបង្គំ​ស្តាប់​តាម ទ្រង់​មិន​ចង់​បាន​ដង្វាយ​ដុត ឬ​យញ្ញ‌បូជា​លោះ​បាប​នោះ​ទេ បាន​ជា​ទូលបង្គំ​ទូល​ថា មើល ទូលបង្គំ​មក​ហើយ សេចក្ដី​នេះ​បាន​កត់​ទុក​ពី​ទូលបង្គំ នៅ​ក្នុង​គម្ពីរ​ហើយ គឺ​ថា ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​មាន​សេចក្ដី​អំណរ នឹង​ធ្វើ​តាម​ព្រះ‌ហឫទ័យ​ទ្រង់ អើ ក្រិត្យ‌វិន័យ​របស់​ទ្រង់​ក៏​នៅ​ក្នុង​ចិត្ត​ទូលបង្គំ ទូលបង្គំ​បាន​ប្រកាស​ដំណឹង​ល្អ ពី​សេចក្ដី​សុចរិត នៅ​ក្នុង​ជំនុំ​ធំ មើល ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ជ្រាប​ហើយ​ថា ទូលបង្គំ​នឹង​មិន​ទប់​មាត់​ឡើយ ទូលបង្គំ​មិន​បាន​លាក់​សេចក្ដី​សុចរិត​របស់​ទ្រង់ នៅ​ក្នុង​ចិត្ត​ទេ គឺ​បាន​ថ្លែង​ប្រាប់​ពី​សេចក្ដី​ស្មោះ‌ត្រង់ នឹង​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​វិញ ក៏​មិន​បាន​បំបិទ​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ពិត របស់​ទ្រង់ នៅ​ក្នុង​ជំនុំ​ធំ​ដែរ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​បង្ខាំង​សេចក្ដី​មេត្តា‌ករុណា របស់​ទ្រង់​ចំពោះ​ទូលបង្គំ​ឡើយ សូម​ឲ្យ​សេចក្ដី​សប្បុរសនឹង​សេចក្ដី​ពិត​ត្រង់​របស់​ទ្រង់ បាន​ថែ​រក្សា​ទូលបង្គំ​ជានិច្ច

ទំនុកតម្កើង 40:1-11

ទំនុកតម្កើង 40:1-11 គខប