ទំនុកតម្កើង 39:8-13
ទំនុកតម្កើង 39:8-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
សូមរំដោះទូលបង្គំឲ្យរួចពីអំពើរំលងទាំងប៉ុន្មាន របស់ទូលបង្គំផង សូមកុំឲ្យទូលបង្គំក្លាយជាទីត្មះតិះដៀល របស់មនុស្សល្ងីល្ងើឡើយ។ ទូលបង្គំនៅស្ងៀម ឥតហើបមាត់សោះ ដ្បិតគឺព្រះអង្គហើយដែលបានធ្វើការនោះ។ សូមដករំពាត់របស់ព្រះអង្គចេញពីទូលបង្គំទៅ ព្រះហស្ដព្រះអង្គវាយទូលបង្គំទ្រមទៅហើយ។ ពេលព្រះអង្គវាយផ្ចាលមនុស្ស ដោយព្រោះអំពើទុច្ចរិតរបស់គេ ព្រះអង្គធ្វើឲ្យអ្វីៗដែលអ្នកនោះចូលចិត្ត វិនាសហិនហោចដូចកណ្ដៀរស៊ី ប្រាកដមែន មនុស្សលោកទាំងអស់ ប្រៀបបាននឹងមួយដង្ហើម។ –បង្អង់ ៙ ឱព្រះយេហូវ៉ាអើយ សូមស្តាប់ពាក្យ អធិស្ឋានរបស់ទូលបង្គំ សូមផ្ទៀងព្រះកាណ៌ស្តាប់សម្រែកទូលបង្គំផង សូមកុំព្រងើយកន្ដើយនឹងទឹកភ្នែកទូលបង្គំ ដ្បិតទូលបង្គំគ្រាន់តែជាអ្នកស្នាក់នៅ ជាភ្ញៀវរបស់ព្រះអង្គ ដូចបុព្វបុរសរបស់ទូលបង្គំទាំងអស់គ្នាដែរ។ សូមបែរព្រះភក្ត្រចេញពីទូលបង្គំ ដើម្បីឲ្យទូលបង្គំបានញញឹមឡើងវិញ មុននឹងទូលបង្គំចេញទៅ ហើយលែងមានទៀត»។
ទំនុកតម្កើង 39:8-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សូមរំដោះទូលបង្គំឲ្យរួចពីអំពើបាប ទាំងប៉ុន្មានដែលទូលបង្គំបានប្រព្រឹត្ត! សូមកុំទុកឱកាសឲ្យមនុស្សល្ងីល្ងើ មាក់ងាយទូលបង្គំបានឡើយ។ ទូលបង្គំនៅស្ងៀម មិននិយាយស្ដីអ្វីទេ ដ្បិតព្រះអង្គទេតើដែលបានធ្វើទោសទូលបង្គំ។ សូមកុំធ្វើទារុណកម្មទូលបង្គំទៀតឡើយ! ដ្បិតទូលបង្គំស្ទើរតែស្លាប់ ដោយព្រះអង្គវាយទូលបង្គំ។ ពេលព្រះអង្គវាយប្រដៅមនុស្សណាម្នាក់ ដែលបានធ្វើខុស ព្រះអង្គធ្វើឲ្យអ្វីៗដែលអ្នកនោះ ចូលចិត្តត្រូវវិនាសហិនហោចដូចកណ្ដៀរស៊ីដែរ។ ពិតមែនហើយ ជីវិតមនុស្សលោក ប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ។ - សម្រាក ឱព្រះអម្ចាស់អើយ សូមព្រះសណ្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំ សូមផ្ទៀងព្រះកាណ៌ស្ដាប់សម្រែករបស់ទូលបង្គំផង សូមកុំព្រងើយកន្តើយនឹងទំនួញ យំសោករបស់ទូលបង្គំឡើយ ដ្បិតទូលបង្គំគ្រាន់តែស្នាក់នៅ ជាបណ្តោះអាសន្នជាមួយព្រះអង្គ ដូចបុព្វបុរសរបស់ទូលបង្គំប៉ុណ្ណោះ។ សូមបែរព្រះភ័ក្ត្រចេញពីទូលបង្គំ ដើម្បីឲ្យទូលបង្គំស្រឡះមុខបន្តិច មុននឹងទូលបង្គំលាចាកលោកនេះ រលាយសូន្យបាត់ទៅ។
ទំនុកតម្កើង 39:8-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សូមជួយទូលបង្គំឲ្យរួចពីគ្រប់អំពើរំលងរបស់ទូលបង្គំ សូមកុំឲ្យទូលបង្គំបានជាទីដៀលត្មះរបស់ពួកមនុស្ស ឆោតល្ងង់ឡើយ ទូលបង្គំបាននៅជាគ ឥតហើបមាត់សោះ ដ្បិតគឺជាទ្រង់ដែលបានធ្វើការនោះ សូមដករំពាត់របស់ទ្រង់ចេញពីទូលបង្គំ ទូលបង្គំត្រូវវិនាសហើយ ដោយសារព្រះហស្តទ្រង់វាយ កាលណាទ្រង់វាយប្រដៅផ្ចាញ់ផ្ចាលមនុស្ស ដោយព្រោះអំពើទុច្ចរិតរបស់គេ នោះទ្រង់ធ្វើឲ្យសេចក្ដីលំអរបស់គេបាត់ទៅ ដូចជាមេអំបៅ ពិតប្រាកដជាមនុស្សទាំងអស់សុទ្ធតែឥត ប្រយោជន៍ទទេ។ –បង្អង់ ៙ ឱព្រះយេហូវ៉ាអើយ សូមស្តាប់ពាក្យ ដែលទូលបង្គំអធិស្ឋាន សូមផ្ទៀងព្រះកាណ៌ស្តាប់សំរែកទូលបង្គំផង សូមទ្រង់កុំនៅធ្មឹងនឹងទឹកភ្នែកនៃទូលបង្គំឡើយ ដ្បិតទូលបង្គំជាអ្នកដទៃនៅចំពោះទ្រង់ ជាអ្នកស្នាក់នៅដូចជាពួកឰយុកោ ទូលបង្គំទាំងអស់គ្នាដែរ ឱសូមប្រណីដល់ទូលបង្គំ ដើម្បីឲ្យទូលបង្គំបានមានកំឡាំងឡើង មុនដែលទូលបង្គំចេញបាត់ទៅ ហើយមិនមានទៀត។