ទំនុកតម្កើង 39:4-8
ទំនុកតម្កើង 39:4-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«ឱព្រះយេហូវ៉ាអើយ សូមឲ្យទូលបង្គំដឹងពីចុងបំផុតរបស់ទូលបង្គំ និងពីចំនួនថ្ងៃអាយុរបស់ទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានដឹងថា ជីវិតទូលបង្គំស្រួយយ៉ាងណា! មើល៍ ព្រះអង្គបានធ្វើឲ្យថ្ងៃអាយុរបស់ទូលបង្គំ មានប្រវែងតែប៉ុន្មានចំអាមដៃប៉ុណ្ណោះ ហើយជីវិតទូលបង្គំ ដូចជាឥតមានសោះ នៅចំពោះព្រះអង្គ។ មែនហើយ មនុស្សលោកទាំងអស់ ប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ។ –បង្អង់ ៙ ប្រាកដមែន មនុស្សមានជីវិត ប្រៀបដូចជាស្រមោល! ប្រាកដមែន គេជ្រួលជ្រើមជាឥតប្រយោជន៍ គេបង្គរទ្រព្យសម្បត្តិទុក តែមិនដឹងថានឹងបានទៅអ្នកណាទេ។ ឥឡូវនេះ ឱព្រះអម្ចាស់អើយ តើទូលបង្គំទន្ទឹងរង់ចាំអ្វី? ព្រះអង្គជាទីសង្ឃឹមរបស់ទូលបង្គំ។ សូមរំដោះទូលបង្គំឲ្យរួចពីអំពើរំលងទាំងប៉ុន្មាន របស់ទូលបង្គំផង សូមកុំឲ្យទូលបង្គំក្លាយជាទីត្មះតិះដៀល របស់មនុស្សល្ងីល្ងើឡើយ។
ទំនុកតម្កើង 39:4-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់អើយ សូមប្រាប់ឲ្យទូលបង្គំដឹងថ្ងៃចុងក្រោយ នៃជីវិតរបស់ទូលបង្គំផង តើទូលបង្គំអាចរស់បានប៉ុន្មានថ្ងៃទៀត តើជីវិតទូលបង្គំផុយដល់កម្រិតណា? ព្រះអង្គបានបង្កើតជីវិតទូលបង្គំមក ដូចទឹកដក់លើស្លឹកឈូក គឺជីវិតទូលបង្គំខ្លីបំផុតនៅចំពោះព្រះភ័ក្ត្រព្រះអង្គ ពិតមែនហើយ ជីវិតរបស់មនុស្សលោក ប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ។ - សម្រាក ជីវិតមនុស្សរសាត់បាត់ទៅប្រៀបបីដូច ជាស្រមោល អ្វីៗដែលគេខិតខំធ្វើ សុទ្ធតែឥតបានការ គេប្រមូលទ្រព្យសម្បត្តិទុក តែគេពុំដឹងថាទ្រព្យសម្បត្តិនោះ នឹងបានទៅលើនរណាឡើយ។ ឱព្រះអម្ចាស់អើយ បើដូច្នេះតើឲ្យទូលបង្គំទន្ទឹងរង់ចាំអ្វី? មានតែព្រះអង្គទេ ដែលជាទីសង្ឃឹមរបស់ទូលបង្គំ។ សូមរំដោះទូលបង្គំឲ្យរួចពីអំពើបាប ទាំងប៉ុន្មានដែលទូលបង្គំបានប្រព្រឹត្ត! សូមកុំទុកឱកាសឲ្យមនុស្សល្ងីល្ងើ មាក់ងាយទូលបង្គំបានឡើយ។
ទំនុកតម្កើង 39:4-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះយេហូវ៉ាអើយ សូមឲ្យទូលបង្គំដឹងពីចុងបំផុតនៃទូលបង្គំ ហើយពីចំនួនថ្ងៃអាយុនៃទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានដឹងជាមានជីវិតស្រួយ អម្បាលម៉ានទៅ មើលទ្រង់បានធ្វើឲ្យថ្ងៃអាយុនៃទូលបង្គំបានខ្លី ប្រវែង១ចំអាមដៃ ហើយជំនួរជីវិតរបស់ទូលបង្គំ ដូចជាឥតមានសោះ នៅចំពោះទ្រង់ មែនហើយ គ្រប់មនុស្ស ទោះទាំងមនុស្សនៅក្នុង សណ្ឋានពេញវ័យ នោះក៏ឥតប្រយោជន៍ទទេដែរ។ –បង្អង់ ៙ ប្រាកដមែន គ្រប់មនុស្សទាំងឡាយដើរ ប្រៀបដូចជាស្រមោលទទេ គេជ្រួលជ្រើមឡើងជាឥតប្រយោជន៍ គេបង្គរទ្រព្យសម្បត្តិឡើង ឥតដឹងជាអ្នកណានឹងទទួលទេ ឥឡូវនេះ ឱព្រះអម្ចាស់អើយ តើទូលបង្គំនៅរង់ចាំអ្វីទៀត ដ្បិតទូលបង្គំសង្ឃឹមដល់ទ្រង់តែ១ប៉ុណ្ណោះ សូមជួយទូលបង្គំឲ្យរួចពីគ្រប់អំពើរំលងរបស់ទូលបង្គំ សូមកុំឲ្យទូលបង្គំបានជាទីដៀលត្មះរបស់ពួកមនុស្ស ឆោតល្ងង់ឡើយ