ទំនុកតម្កើង 37:3-7
ទំនុកតម្កើង 37:3-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ ចូរទុកចិត្តដល់ព្រះយេហូវ៉ា ហើយប្រព្រឹត្តអំពើល្អ នោះអ្នកនឹងបាននៅក្នុងស្រុក ហើយរស់នៅយ៉ាងសុខក្សេមក្សាន្ត។ ចូរយកព្រះយេហូវ៉ាជាអំណររបស់អ្នកចុះ នោះព្រះអង្គនឹងប្រទានអ្វីៗ ដែលចិត្តអ្នកប្រាថ្នាចង់បាន។ ចូរទុកដាក់ផ្លូវរបស់អ្នកដល់ព្រះយេហូវ៉ា ចូរទុកចិត្តដល់ព្រះអង្គ នោះព្រះអង្គនឹងប្រោសឲ្យបានសម្រេច។ ព្រះអង្គនឹងឲ្យសេចក្ដីសុចរិត របស់អ្នកផ្សាយចេញដូចពន្លឺ ហើយអំពើយុត្តិធម៌របស់អ្នក ដូចពន្លឺនៅពេលថ្ងៃត្រង់។ ចូរស្ងប់ស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំព្រះអង្គដោយអំណត់ កុំក្តៅចិត្តនឹងអ្នក ដែលចម្រុងចម្រើនក្នុងផ្លូវរបស់គេ ហើយនឹងមនុស្សដែលសម្រេចបាន តាមផ្លូវអាក្រក់របស់ខ្លួននោះឡើយ។
ទំនុកតម្កើង 37:3-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរផ្ញើជីវិតលើព្រះអម្ចាស់ ចូរប្រព្រឹត្តអំពើល្អ នោះអ្នកនឹងរស់នៅក្នុងស្រុកនេះ យ៉ាងសុខក្សេមក្សាន្ត។ ចូរស្វែងរកសុភមង្គលពីព្រះអម្ចាស់ នោះព្រះអង្គនឹងប្រោសប្រទាននូវអ្វីៗ ដែលអ្នកប្រាថ្នាចង់បាន។ ចូរផ្ញើវាសនារបស់អ្នកទៅក្នុង ព្រះហស្ដរបស់ព្រះអង្គ ចូរផ្ញើជីវិតលើព្រះអង្គ នោះទ្រង់នឹងជួយអ្នក។ ព្រះអង្គនឹងបង្ហាញឲ្យគេឃើញថា អ្នកជាមនុស្សសុចរិត ដូចឃើញពន្លឺថ្ងៃ ហើយព្រះអង្គនឹងបង្ហាញឲ្យគេឃើញថា អ្នកជាមនុស្សទៀងត្រង់ ដូចពន្លឺនៅពេលថ្ងៃត្រង់។ ចូរស្ងប់ស្ងៀមនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយទុកចិត្តលើព្រះអង្គទៅ មិនត្រូវចងកំហឹងនឹងអ្នក ដែលបានចម្រុងចម្រើននោះឡើយ ហើយក៏មិនត្រូវចងកំហឹងនឹងមនុស្ស ដែលប្រព្រឹត្តអំពើអាក្រក់ដែរ។
ទំនុកតម្កើង 37:3-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
៙ ចូរទុកចិត្តនឹងព្រះយេហូវ៉ា ហើយប្រព្រឹត្តការល្អចុះ យ៉ាងនោះ អ្នកនឹងបាននៅក្នុងស្រុក ហើយចំអែតខ្លួនដោយសេចក្ដីពិត ចូរយកព្រះយេហូវ៉ាជាសេចក្ដីអំណររបស់អ្នក នោះទ្រង់នឹងប្រទានឲ្យអ្នកបានដូចបំណងចិត្ត ចូរទុកដាក់ផ្លូវអ្នកនឹងព្រះយេហូវ៉ាចុះ ថែមទាំងទុកចិត្តដល់ទ្រង់ផង នោះទ្រង់នឹងប្រោសឲ្យបានសំរេច ទ្រង់នឹងឲ្យសេចក្ដីសុចរិតរបស់អ្នកបានផ្សាយចេញ ដូចជាពន្លឺ ហើយសេចក្ដីយុត្តិធម៌របស់អ្នក ដូចជាវេលាថ្ងៃត្រង់ផង ចូរស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំទ្រង់ចុះ កុំឲ្យក្តៅចិត្ត ដោយព្រោះអ្នកដែលចំរើនក្នុងផ្លូវគេ ឬមនុស្សដែលបង្កើតការអាក្រក់សំរេចបាននោះឡើយ។