ទំនុកតម្កើង 37:3-11
ទំនុកតម្កើង 37:3-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ ចូរទុកចិត្តដល់ព្រះយេហូវ៉ា ហើយប្រព្រឹត្តអំពើល្អ នោះអ្នកនឹងបាននៅក្នុងស្រុក ហើយរស់នៅយ៉ាងសុខក្សេមក្សាន្ត។ ចូរយកព្រះយេហូវ៉ាជាអំណររបស់អ្នកចុះ នោះព្រះអង្គនឹងប្រទានអ្វីៗ ដែលចិត្តអ្នកប្រាថ្នាចង់បាន។ ចូរទុកដាក់ផ្លូវរបស់អ្នកដល់ព្រះយេហូវ៉ា ចូរទុកចិត្តដល់ព្រះអង្គ នោះព្រះអង្គនឹងប្រោសឲ្យបានសម្រេច។ ព្រះអង្គនឹងឲ្យសេចក្ដីសុចរិត របស់អ្នកផ្សាយចេញដូចពន្លឺ ហើយអំពើយុត្តិធម៌របស់អ្នក ដូចពន្លឺនៅពេលថ្ងៃត្រង់។ ចូរស្ងប់ស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំព្រះអង្គដោយអំណត់ កុំក្តៅចិត្តនឹងអ្នក ដែលចម្រុងចម្រើនក្នុងផ្លូវរបស់គេ ហើយនឹងមនុស្សដែលសម្រេចបាន តាមផ្លូវអាក្រក់របស់ខ្លួននោះឡើយ។ ៙ ចូររម្ងាប់កំហឹង ហើយបោះបង់ចិត្តក្រេវក្រោធចោលចេញ កុំក្តៅចិត្តឡើយ ដ្បិតចិត្តក្ដៅក្រហាយ នាំឲ្យមនុស្សប្រព្រឹត្តអាក្រក់តែប៉ុណ្ណោះ។ ព្រោះពួកអ្នកដែលប្រព្រឹត្តអាក្រក់ នឹងត្រូវកាត់ចេញ តែអស់អ្នកដែលរង់ចាំព្រះយេហូវ៉ា នឹងបានទទួលទឹកដីជាមត៌ក។ នៅតែបន្តិចទៀត មនុស្សអាក្រក់ នឹងលែងមានទៀតហើយ ទោះបើអ្នកខំរកមើលកន្លែងគេ ក៏គេមិននៅទីនោះទៀតដែរ។ រីឯមនុស្សទន់ទាប គេនឹងបានទទួលទឹកដីជាមត៌ក ហើយមានចិត្តរីករាយ ដោយសេចក្ដីសុខក្សេមក្សាន្តជាបរិបូរ។
ទំនុកតម្កើង 37:3-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរផ្ញើជីវិតលើព្រះអម្ចាស់ ចូរប្រព្រឹត្តអំពើល្អ នោះអ្នកនឹងរស់នៅក្នុងស្រុកនេះ យ៉ាងសុខក្សេមក្សាន្ត។ ចូរស្វែងរកសុភមង្គលពីព្រះអម្ចាស់ នោះព្រះអង្គនឹងប្រោសប្រទាននូវអ្វីៗ ដែលអ្នកប្រាថ្នាចង់បាន។ ចូរផ្ញើវាសនារបស់អ្នកទៅក្នុង ព្រះហស្ដរបស់ព្រះអង្គ ចូរផ្ញើជីវិតលើព្រះអង្គ នោះទ្រង់នឹងជួយអ្នក។ ព្រះអង្គនឹងបង្ហាញឲ្យគេឃើញថា អ្នកជាមនុស្សសុចរិត ដូចឃើញពន្លឺថ្ងៃ ហើយព្រះអង្គនឹងបង្ហាញឲ្យគេឃើញថា អ្នកជាមនុស្សទៀងត្រង់ ដូចពន្លឺនៅពេលថ្ងៃត្រង់។ ចូរស្ងប់ស្ងៀមនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយទុកចិត្តលើព្រះអង្គទៅ មិនត្រូវចងកំហឹងនឹងអ្នក ដែលបានចម្រុងចម្រើននោះឡើយ ហើយក៏មិនត្រូវចងកំហឹងនឹងមនុស្ស ដែលប្រព្រឹត្តអំពើអាក្រក់ដែរ។ ចូររំងាប់កំហឹង និងលះបង់ចិត្ត ក្ដៅក្រហាយនោះចោលទៅ កុំចងកំហឹងឡើយ ព្រោះកំហឹងតែងតែ បង្កឲ្យមានការអាក្រក់។ ព្រះអម្ចាស់នឹងកាត់កាល់អស់អ្នក ដែលប្រព្រឹត្តអំពើអាក្រក់ តែអស់អ្នកដែលសង្ឃឹមលើព្រះអង្គ នឹងទទួលទឹកដីជាមត៌ក។ នៅតែបន្តិចទៀត នឹងលែងមានមនុស្សអាក្រក់ទៀតហើយ! ទោះបីអ្នកខំរកមើលកន្លែងដែលគេធ្លាប់នៅ ក៏មិនឃើញមានអ្វីដែរ។ រីឯមនុស្សទន់ទាបវិញ គេនឹងទទួលទឹកដីជាមត៌ក ហើយនឹងបានសប្បាយសុខក្សេមក្សាន្ត។
ទំនុកតម្កើង 37:3-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
៙ ចូរទុកចិត្តនឹងព្រះយេហូវ៉ា ហើយប្រព្រឹត្តការល្អចុះ យ៉ាងនោះ អ្នកនឹងបាននៅក្នុងស្រុក ហើយចំអែតខ្លួនដោយសេចក្ដីពិត ចូរយកព្រះយេហូវ៉ាជាសេចក្ដីអំណររបស់អ្នក នោះទ្រង់នឹងប្រទានឲ្យអ្នកបានដូចបំណងចិត្ត ចូរទុកដាក់ផ្លូវអ្នកនឹងព្រះយេហូវ៉ាចុះ ថែមទាំងទុកចិត្តដល់ទ្រង់ផង នោះទ្រង់នឹងប្រោសឲ្យបានសំរេច ទ្រង់នឹងឲ្យសេចក្ដីសុចរិតរបស់អ្នកបានផ្សាយចេញ ដូចជាពន្លឺ ហើយសេចក្ដីយុត្តិធម៌របស់អ្នក ដូចជាវេលាថ្ងៃត្រង់ផង ចូរស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំទ្រង់ចុះ កុំឲ្យក្តៅចិត្ត ដោយព្រោះអ្នកដែលចំរើនក្នុងផ្លូវគេ ឬមនុស្សដែលបង្កើតការអាក្រក់សំរេចបាននោះឡើយ។ ៙ ចូរឈប់ពីសេចក្ដីកំហឹង ហើយបោះបង់សេចក្ដីឃោរឃៅចោលចេញ កុំឲ្យក្តៅចិត្តឡើយ ដ្បិតនោះនឹងនាំឲ្យប្រព្រឹត្តអាក្រក់វិញ ពីព្រោះពួកអ្នកដែលធ្វើអាក្រក់ នឹងត្រូវកាត់ចេញ តែអស់អ្នកដែលរង់ចាំព្រះយេហូវ៉ា នោះនឹងបានផែនដីជាមរដក ដល់បន្តិចទៀត មនុស្សអាក្រក់នឹងមិនមានទៀតទេ អើ អ្នកនឹងខំមើលកន្លែងគេ តែគេមិននៅទេ ឯមនុស្សរាបសា គេនឹងបានផែនដីជាមរដក ហើយនឹងបានចិត្តរីករាយ ដោយសេចក្ដីក្សេមក្សាន្តដ៏បរិបូរ។