ទំនុកតម្កើង 37:27-31
ទំនុកតម្កើង 37:27-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ ចូរថយចេញពីអំពើអាក្រក់ ហើយប្រព្រឹត្តអំពើល្អ នោះអ្នកនឹងរស់នៅជារៀងដរាប។ ដ្បិតព្រះយេហូវ៉ាស្រឡាញ់យុត្តិធម៌ ព្រះអង្គមិនបោះបង់ពួកបរិសុទ្ធ របស់ព្រះអង្គឡើយ។ ព្រះអង្គថែរក្សាគេជានិច្ច តែកូនចៅរបស់មនុស្សអាក្រក់នឹងត្រូវកាត់ចេញ។ មនុស្សសុចរិតនឹងទទួលទឹកដីជាមត៌ក ហើយរស់នៅក្នុងទឹកដីនោះជារៀងរហូត។ ៙ មាត់របស់មនុស្សសុចរិត ពោលចេញជាប្រាជ្ញា ហើយអណ្ដាតរបស់គេ ស្រដីចេញជាពាក្យយុត្តិធម៌។ ក្រឹត្យវិន័យរបស់ព្រះនៃគេ ដក់ជាប់ក្នុងចិត្តគេ ហើយជំហានរបស់គេមិនរអិលឡើយ។
ទំនុកតម្កើង 37:27-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរចៀសវាងអំពើអាក្រក់ ហើយប្រព្រឹត្តតែអំពើល្អ ធ្វើដូច្នេះ អ្នកនឹងរស់នៅលើទឹកដីនេះរហូតតទៅ ដ្បិតព្រះអម្ចាស់សព្វព្រះហឫទ័យ នឹងការអ្វីដែលត្រឹមត្រូវ ព្រះអង្គថែរក្សា អស់អ្នកដែលជឿលើព្រះអង្គជានិច្ច ព្រះអង្គមិនបោះបង់ពួកគេឡើយ តែព្រះអង្គកាត់កាល់ពូជពង្សរបស់មនុស្ស អាក្រក់ឲ្យវិនាសសាបសូន្យ។ មនុស្សសុចរិតនឹងទទួលទឹកដីជាមត៌ក ហើយគេនឹងរស់នៅលើទឹកដីនោះរហូតតទៅ។ មនុស្សសុចរិតតែងតែស្រដីចេញមក នូវពាក្យពេចន៍ប្រកបដោយប្រាជ្ញា។ ហើយអណ្ដាតរបស់គេគ្រលាស់ ចេញមកនូវអ្វីដែលត្រឹមត្រូវ ក្រឹត្យវិន័យរបស់ព្រះអម្ចាស់ដក់នៅក្នុងដួងចិត្ត របស់គេ ហើយគេនឹងមិនឃ្លាតចាក ពីមាគ៌ារបស់ព្រះអង្គឡើយ។
ទំនុកតម្កើង 37:27-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
៙ ចូរគេចចេញពីការអាក្រក់ ហើយប្រព្រឹត្តការល្អចុះ នោះអ្នកនឹងបាននៅជារៀងរាបដរាប ដ្បិតព្រះយេហូវ៉ាទ្រង់សព្វព្រះទ័យនឹងសេចក្ដីយុត្តិធម៌ ក៏មិនដែលបោះបង់ចោលពួកបរិសុទ្ធរបស់ទ្រង់ឡើយ ទ្រង់ថែរក្សាគេអស់កល្បជានិច្ច តែពូជរបស់មនុស្សអាក្រក់នឹងត្រូវកាត់ចេញវិញ ពួកអ្នកសុចរិតនឹងបានស្រុកទុកជាមរដក ហើយនឹងនៅក្នុងស្រុកនោះជានិច្ច។ ៙ មាត់របស់មនុស្សសុចរិតពោលចេញសុទ្ធតែប្រាជ្ញា ហើយអណ្តាតគេក៏សំដែងជាសេចក្ដីយុត្តិធម៌ ក្រិត្យវិន័យរបស់ព្រះនៃគេ នោះនៅក្នុងចិត្ត ឯជំហាននៃគេ ក៏នឹងមិនភ្លាំងភ្លាត់ឡើយ