ទំនុកតម្កើង 37:22-25

ទំនុកតម្កើង 37:22-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​អស់​អ្នក​ដែល​ទទួល​ព្រះ‌ពរ​ពី​ព្រះ‌យេហូវ៉ា នឹង​ទទួល​ទឹក‌ដី​ជា​មត៌ក តែ​អស់​អ្នក​ដែល​ព្រះ‌អង្គ​ដាក់​បណ្ដាសា​វិញ នឹង​ត្រូវ​កាត់​ចោល។ ៙ ព្រះ‌យេហូវ៉ា​តាំង​ជំហាន​របស់​មនុស្ស ឲ្យ​បាន​មាំ​មួន ពេល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ នឹង​ផ្លូវ​របស់​គេ ។ ទោះ​បើ​គេ ជំពប់ជើង ក៏​គេ​នឹង​មិន​ដួល​បោក​ក្បាល​ដែរ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​កាន់​ដៃ​គេ​ជាប់។ ពី​មុន​ខ្ញុំ​នៅ​ក្មេង ហើយ​ឥឡូវ​នេះ​ចាស់​ហើយ តែ​មិន​ដែល​ឃើញ​ព្រះ​បោះ​បង់​ចោល មនុស្ស​សុចរិត​ឡើយ ក៏​មិន​ដែល​ឃើញ​ពូជ‌ពង្ស​របស់​គេ សុំ​ទាន​អាហារ​ដែរ។

ទំនុកតម្កើង 37:22-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អស់​អ្នក​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ពរ នឹង​ទទួល​ទឹក​ដី​ជា​មត៌ក រីឯ​អ្នក​ដែល​ព្រះអង្គ​ដាក់​បណ្ដាសា​វិញ នឹង​ត្រូវ​កាត់‌កាល់​ចោល។ ព្រះ‌អម្ចាស់​ពង្រឹង​ជំហាន​របស់​មនុស្ស​ឲ្យ​បាន​មាំ‌មួន ហើយ​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ នឹង​មាគ៌ា​របស់​គេ។ ប្រសិន​បើ​អ្នក​នោះ​ភ្លាត់​ជើង គេ​នឹង​មិន​ដួល​ដល់​ដី​ឡើយ ព្រោះ​ព្រះ‌អម្ចាស់​កាន់​ដៃ​គេ​ជាប់។ តាំង​ពី​ខ្ញុំ​នៅ​ក្មេង រហូត​មក​ទល់​ពេល​ខ្ញុំ​ចាស់​នេះ ខ្ញុំ​មិន​ដែល​ឃើញ​ព្រះ‌អម្ចាស់​បោះ​បង់​ចោល មនុស្ស​សុចរិត​ឡើយ ហើយ​ក៏​មិន​ដែល​ឃើញ​កូន​ចៅ របស់​គេ​សុំ​ទាន​ដែរ។

ទំនុកតម្កើង 37:22-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​អស់​អ្នក​ដែល​ទទួល​ព្រះ‌ពរ​ពី​ទ្រង់ នោះ​នឹង​បាន​ផែនដី​ជា​មរដក តែ​អស់​អ្នក​ដែល​ទ្រង់​ដាក់​បណ្តាសា​វិញ នោះ​នឹង​ត្រូវ​កាត់​ចោល​ចេញ។ ៙ គឺ​ព្រះ‌យេហូវ៉ា​ដែល​ដំរូវ​អស់​ទាំង​ជំហាន​នៃ​មនុស្ស​ល្អ ហើយ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​ផ្លូវ​ដែល​គេ​ដើរ​ដែរ ទោះ​បើ​គេ​ភ្លាត់​ដួល គង់​តែ​មិន​ត្រូវ​ដួល​ទាំង​ស្រុង​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ទ្រ​អ្នក​នោះ​ដោយ​ព្រះ‌ហស្ត យើង​ពី​ដើម​នៅ​ក្មេង ឥឡូវ​នេះ​ចាស់​ហើយ តែ​មិន​ដែល​ឃើញ​មនុស្ស​សុចរិត​ត្រូវ​លះ‌បង់​ចោល ឬ​ពូជ‌ពង្ស​គេ​សូម​ទាន​អាហារ​ឡើយ