ទំនុកតម្កើង 37:1-8

ទំនុកតម្កើង 37:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កុំ​ក្តៅ​ចិត្ត ដោយ​ព្រោះ​មនុស្ស ដែល​ប្រព្រឹត្ត​អាក្រក់​ឡើយ ក៏​កុំ​ច្រណែន​នឹង​ពួក​អ្នក ដែលប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ ដ្បិត​គេ​នឹង​ត្រូវ​ស្រពោន​ដូច​ជា​ស្មៅ ហើយ​ក៏​ក្រៀម​ស្វិត ដូច​តិណជាតិ​ខៀវ​ខ្ចីដែរ។ ៙ ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា ហើយ​ប្រព្រឹត្ត​អំពើ​ល្អ នោះអ្នក​នឹង​បាន​នៅ​ក្នុង​ស្រុក ហើយ​រស់​នៅ​យ៉ាង​សុខ​ក្សេម​ក្សាន្ត។ ចូរ​យក​ព្រះ‌យេហូវ៉ា​ជា​អំណរ​របស់​អ្នក​ចុះ នោះ​ព្រះ‌អង្គ​នឹង​ប្រទាន​អ្វីៗ ដែល​ចិត្ត​អ្នក​ប្រាថ្នាចង់​បាន។ ចូរ​ទុក​ដាក់​ផ្លូវ​របស់​អ្នក​ដល់​ព្រះ‌យេហូវ៉ា ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​នឹង​ប្រោស​ឲ្យ​បាន​សម្រេច។ ព្រះ‌អង្គ​នឹង​ឲ្យ​សេចក្ដី​សុចរិត របស់​អ្នក​ផ្សាយ​ចេញ​ដូច​ពន្លឺ ហើយ​អំពើ​យុត្តិ‌ធម៌​របស់​អ្នក ដូច​ពន្លឺ​នៅ​ពេល​ថ្ងៃ​ត្រង់។ ចូរ​ស្ងប់​ស្ងៀម​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​រង់‌ចាំ​ព្រះ‌អង្គ​ដោយ​អំណត់ កុំ​ក្តៅ​ចិត្ត​នឹង​អ្នក ដែលចម្រុង​ចម្រើន​ក្នុង​ផ្លូវ​របស់​គេ ហើយ​នឹង​មនុស្ស​ដែលសម្រេច​បាន តាម​ផ្លូវ​អាក្រក់របស់​ខ្លួន​នោះឡើយ។ ៙ ចូរ​រម្ងាប់​កំហឹង ហើយ​បោះ‌បង់​ចិត្តក្រេវ​ក្រោធ​ចោល​ចេញ កុំ​ក្តៅ​ចិត្ត​ឡើយ ដ្បិត​ចិត្ត​ក្ដៅ​ក្រហាយ នាំ​ឲ្យ​មនុស្ស​ប្រព្រឹត្ត​អាក្រក់​តែ​ប៉ុណ្ណោះ។

ទំនុកតម្កើង 37:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មិន​ត្រូវ​ចង​កំហឹង​នឹង​អស់​អ្នក ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ឡើយ ហើយ​ក៏​កុំ​ច្រណែន​នឹង​អស់​អ្នក ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ ដ្បិត​ពួក​គេ​នឹង​ត្រូវ​វិនាស​សូន្យ​ទៅ​យ៉ាង​រហ័ស ដូច​ស្មៅ​ដែល​តែងតែ​ក្រៀម​ស្វិត និង​ដូច​ផ្កា​ដែល​តែងតែ ស្រពោន​នោះ​ដែរ។ ចូរ​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ ចូរ​ប្រព្រឹត្ត​អំពើ​ល្អ នោះ​អ្នក​នឹង​រស់​នៅ​ក្នុង​ស្រុក​នេះ យ៉ាង​សុខ​ក្សេម‌ក្សាន្ត។ ចូរ​ស្វែង​រក​សុភមង្គល​ពី​ព្រះ‌អម្ចាស់ នោះ​ព្រះអង្គ​នឹង​ប្រោស​ប្រទាន​នូវ​អ្វីៗ ដែល​អ្នក​ប្រាថ្នា​ចង់​បាន។ ចូរ​ផ្ញើ​វាសនា​របស់​អ្នក​ទៅ​ក្នុង ព្រះ‌ហស្ដ​របស់​ព្រះអង្គ ចូរ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ នោះ​ទ្រង់​នឹង​ជួយ​អ្នក។ ព្រះអង្គ​នឹង​បង្ហាញ​ឲ្យ​គេ​ឃើញ​ថា អ្នក​ជា​មនុស្ស​សុចរិត ដូច​ឃើញ​ពន្លឺ​ថ្ងៃ ហើយ​ព្រះអង្គ​នឹង​បង្ហាញ​ឲ្យ​គេ​ឃើញ​ថា អ្នក​ជា​មនុស្ស​ទៀង​ត្រង់ ដូច​ពន្លឺ​នៅ​ពេល​ថ្ងៃ​ត្រង់។ ចូរ​ស្ងប់​ស្ងៀម​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហើយ​ទុក​ចិត្ត​លើ​ព្រះអង្គ​ទៅ មិន​ត្រូវ​ចង​កំហឹង​នឹង​អ្នក ដែល​បាន​ចម្រុង‌ចម្រើន​នោះ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ចង​កំហឹង​នឹង​មនុស្ស ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែរ។ ចូរ​រំងាប់​កំហឹង និង​លះ‌បង់​ចិត្ត ក្ដៅ​ក្រហាយ​នោះ​ចោល​ទៅ កុំ​ចង​កំហឹង​ឡើយ ព្រោះ​កំហឹង​តែងតែ បង្ក​ឲ្យ​មាន​ការ​អាក្រក់។

ទំនុកតម្កើង 37:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កុំ​ឲ្យ​ក្តៅ​ចិត្ត ដោយ​ព្រោះ​មនុស្ស ដែល​ប្រព្រឹត្ត​អាក្រក់​ឡើយ ក៏​កុំ​ឲ្យ​ច្រណែន​នឹង​ពួក​អ្នក​ដែល​ធ្វើ​ការ​ទុច្ចរិត​ដែរ ដ្បិត​នៅ​បន្តិច​ទៀត គេ​នឹង​ត្រូវ​ច្រូត​កាត់​ដូច​ជា​ស្មៅ ហើយ​នឹង​ក្រៀម​ស្វិត​ទៅ ដូច​ជា​ស្មៅ​ខ្ចី​ដែរ។ ៙ ចូរ​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា ហើយ​ប្រព្រឹត្ត​ការ​ល្អ​ចុះ យ៉ាង​នោះ អ្នក​នឹង​បាន​នៅ​ក្នុង​ស្រុក ហើយ​ចំអែត​ខ្លួន​ដោយ​សេចក្ដី​ពិត ចូរ​យក​ព្រះ‌យេហូវ៉ា​ជា​សេចក្ដី​អំណរ​របស់​អ្នក នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ​អ្នក​បាន​ដូច​បំណង​ចិត្ត ចូរ​ទុក​ដាក់​ផ្លូវ​អ្នក​នឹង​ព្រះ‌យេហូវ៉ា​ចុះ ថែម​ទាំង​ទុក​ចិត្ត​ដល់​ទ្រង់​ផង នោះ​ទ្រង់​នឹង​ប្រោស​ឲ្យ​បាន​សំរេច ទ្រង់​នឹង​ឲ្យ​សេចក្ដី​សុចរិត​របស់​អ្នក​បាន​ផ្សាយ​ចេញ ដូច​ជា​ពន្លឺ ហើយ​សេចក្ដី​យុត្តិ‌ធម៌​របស់​អ្នក ដូច​ជា​វេលា​ថ្ងៃ​ត្រង់​ផង ចូរ​ស្ងៀម​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​រង់‌ចាំ​ទ្រង់​ចុះ កុំ​ឲ្យ​ក្តៅ​ចិត្ត ដោយ​ព្រោះ​អ្នក​ដែល​ចំរើន​ក្នុង​ផ្លូវ​គេ ឬ​មនុស្ស​ដែល​បង្កើត​ការ​អាក្រក់​សំរេច​បាន​នោះ​ឡើយ។ ៙ ចូរ​ឈប់​ពី​សេចក្ដី​កំហឹង ហើយ​បោះ‌បង់​សេចក្ដី​ឃោរ‌ឃៅ​ចោល​ចេញ កុំ​ឲ្យ​ក្តៅ​ចិត្ត​ឡើយ ដ្បិត​នោះ​នឹង​នាំ​ឲ្យ​ប្រព្រឹត្ត​អាក្រក់​វិញ