ទំនុកតម្កើង 36:5-10
ទំនុកតម្កើង 36:5-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ ឱព្រះយេហូវ៉ាអើយ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ខ្ពស់ដល់ផ្ទៃមេឃ ព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ខ្ពស់ដល់ពពក។ សេចក្ដីសុចរិតរបស់ព្រះអង្គ ប្រៀបដូចជាភ្នំនៃព្រះ ការវិនិច្ឆ័យរបស់ព្រះអង្គ ប្រៀបដូចមហាសមុទ្រដ៏ជ្រៅ ឱព្រះយេហូវ៉ាអើយ ព្រះអង្គសង្គ្រោះ ទាំងមនុស្សលោក ទាំងសត្វ។ ឱព្រះអើយ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ថ្លៃវិសេសយ៉ាងណាហ្ន៎! ពួកកូនមនុស្សលោក ជ្រកក្រោមម្លប់នៃស្លាបរបស់ព្រះអង្គ។ គេនឹងបានឆ្អែត ដោយរបស់ដ៏បរិបូរក្នុងដំណាក់ព្រះអង្គ ហើយព្រះអង្គនឹងឲ្យគេផឹកពីទន្លេ នៃព្រះហឫទ័យរីករាយរបស់ព្រះអង្គ។ ដ្បិតប្រភពទឹកនៃជីវិតស្ថិតនៅជាមួយព្រះអង្គ យើងខ្ញុំមើលឃើញពន្លឺ ដោយសារពន្លឺរបស់ព្រះអង្គ។ ឱសូមសម្ដែងព្រះហឫទ័យសប្បុរស ដល់អស់អ្នកដែលស្គាល់ព្រះអង្គតទៅ ហើយសម្ដែងសេចក្ដីសុចរិតរបស់ព្រះអង្គ ដល់អស់អ្នកដែលមានចិត្តទៀងត្រង់ផង។
ទំនុកតម្កើង 36:5-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់អើយ! ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ខ្ពស់រហូតដល់ផ្ទៃមេឃ ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ ខ្ពស់ដល់អាកាសវេហាស៍។ ព្រះហឫទ័យសុចរិតរបស់ព្រះអង្គ មានកម្ពស់ដូចភ្នំដ៏ខ្ពស់បំផុត ព្រះតម្រិះរបស់ព្រះអង្គជ្រៅដូចមហាសាគរ។ ឱព្រះអម្ចាស់អើយ ព្រះអង្គសង្គ្រោះទាំងមនុស្សលោក ទាំងសត្វតិរច្ឆាន!។ ឱព្រះជាម្ចាស់អើយ ព្រះហឫទ័យមេត្តាករុណា របស់ព្រះអង្គ មានតម្លៃដ៏លើសលុបបំផុត! មនុស្សលោកមកជ្រកកោនក្រោមម្លប់ព្រះបារមី របស់ព្រះអង្គ ដូចកូនសត្វជ្រកកោនក្រោមស្លាបមេវា។ ព្រះអង្គប្រទានអាហារយ៉ាងបរិបូណ៌ ឲ្យមនុស្សលោកនៅក្នុង ព្រះដំណាក់របស់ព្រះអង្គ ហើយព្រះអង្គប្រទានឲ្យគេមាន អំណរសប្បាយដ៏ហូរហៀរដូចទឹកទន្លេ។ ដ្បិតព្រះអង្គជាប្រភពនៃជីវិត ហើយយើងខ្ញុំមើលឃើញពន្លឺ ដោយសារពន្លឺរបស់ព្រះអង្គ។ សូមសម្តែងព្រះហឫទ័យមេត្តាករុណា ចំពោះអស់អ្នកដែលស្គាល់ព្រះអង្គតទៅទៀត ហើយសម្តែងព្រះហឫទ័យសុចរិត ចំពោះអស់អ្នកដែលមានចិត្តទៀងត្រង់។
ទំនុកតម្កើង 36:5-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
៙ ឱព្រះយេហូវ៉ាអើយ សេចក្ដីសប្បុរសនៃទ្រង់ខ្ពស់ ដល់ផ្ទៃមេឃ សេចក្ដីស្មោះត្រង់នៃទ្រង់ក៏ដល់ពពកផង សេចក្ដីសុចរិតរបស់ទ្រង់ដូចជាភ្នំនៃព្រះ សេចក្ដីវិនិច្ឆ័យរបស់ទ្រង់ដូចមហាសមុទ្រដ៏ជ្រៅ ឱព្រះយេហូវ៉ាអើយ ទ្រង់ទំនុកបំរុងទាំងមនុស្ស នឹងសត្វផង ឱព្រះអង្គអើយ សេចក្ដីសប្បុរសនៃទ្រង់ថ្លៃវិសេស យ៉ាងណាហ្ន៎ ពួកមនុស្សលោកក៏ជ្រកនៅម្លប់នៃស្លាបទ្រង់ គេនឹងបានឆ្អែត ដោយរបស់ដ៏បរិបូរក្នុងដំណាក់ទ្រង់ ហើយទ្រង់នឹងឲ្យគេផឹកពីទន្លេនៃសេចក្ដីអំណររបស់ទ្រង់ ដ្បិតឯជ្រោះនៃជីវិត នោះនៅជាមួយនឹងទ្រង់ នៅក្នុងពន្លឺនៃទ្រង់ នោះយើងខ្ញុំនឹងបានភ្លឺ ឱសូមទ្រង់ចេះតែផ្តល់សេចក្ដីសប្បុរស ដល់អស់អ្នកដែលស្គាល់ទ្រង់តទៅ ហើយសេចក្ដីសុចរិតរបស់ទ្រង់ ដល់អស់អ្នក ដែលមានចិត្តទៀងត្រង់ផង