ទំនុកតម្កើង 35:11-18
ទំនុកតម្កើង 35:11-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានសាក្សីក្លែងក្លាយលើកគ្នាឡើង គេចោទសួរពីរឿងហេតុដែលទូលបង្គំមិនដឹង។ គេប្រព្រឹត្តអំពើអាក្រក់ តបស្នងនឹងអំពើល្អរបស់ទូលបង្គំ ព្រលឹងទូលបង្គំនៅឯកោម្នាក់ឯង។ តែឯទូលបង្គំវិញ កាលគេបានឈឺ ទូលបង្គំបានស្លៀកពាក់សំពត់ធ្មៃ ទូលបង្គំធ្វើទុក្ខខ្លួនឯងដោយតមអាហារ ទូលបង្គំឱនក្បាលអធិស្ឋានយ៉ាងអស់ពីចិត្ត។ ទូលបង្គំបានប្រព្រឹត្ត ដូចប្រព្រឹត្តចំពោះមិត្តសម្លាញ់ ឬបងប្អូនរបស់ទូលបង្គំ ទូលបង្គំបានឱនខ្លួនទាំងសោយសោក ដូចអ្នកដែលកាន់ទុក្ខនៅពេលម្តាយស្លាប់។ ប៉ុន្ដែ ពេលទូលបង្គំមានទុក្ខលំបាក គេអរសប្បាយ ហើយប្រមូលផ្ដុំគ្នា គេប្រមូលផ្ដុំគ្នាទាស់នឹងទូលបង្គំ ហើយពួកជនពាលដែលទូលបង្គំពុំស្គាល់ បានហែកហូរទូលបង្គំឥតឈប់ឈរ គេប្រមាថមើលងាយទូលបង្គំឥតស្រាកស្រាន្ត ហើយសង្កៀតធ្មេញដាក់ទូលបង្គំ។ ឱព្រះអម្ចាស់អើយ តើព្រះអង្គធ្វើព្រងើយដល់កាលណាទៀត? សូមរំដោះព្រលឹងទូលបង្គំ ឲ្យរួចពីការបំផ្លាញរបស់គេ ហើយសង្គ្រោះជីវិតទូលបង្គំ ឲ្យរួចពីពួកសិង្ហទាំងនោះផង។ ទូលបង្គំនឹងអរព្រះគុណព្រះអង្គ នៅក្នុងក្រុមជំនុំធំ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ក្នុងចំណោមមហាជន។
ទំនុកតម្កើង 35:11-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានសាក្សីក្លែងក្លាយជាច្រើន នាំគ្នាប្រឆាំងនឹងទូលបង្គំ គេបានចោទសួរទូលបង្គំអំពីកិច្ចការ ដែលទូលបង្គំពុំបានដឹងទាល់តែសោះ។ គេបានធ្វើអំពើអាក្រក់តបស្នង នឹងអំពើល្អដែលទូលបង្គំបានប្រព្រឹត្តចំពោះពួកគេ ទូលបង្គំនៅឯកោម្នាក់ឯង។ ពេលពួកគេឈឺ ទូលបង្គំបានជួយរំលែកទុក្ខ ទូលបង្គំបន្ទាបខ្លួន ទាំងតមអាហារ ហើយទូលបង្គំទូលអង្វរឲ្យគេឥតឈប់ឈរ។ ទូលបង្គំប្រព្រឹត្តចំពោះពួកគេ ដូចប្រព្រឹត្តចំពោះមិត្តភក្ដិ និងបងប្អូន ទូលបង្គំព្រួយចិត្តសោកសង្រេង ដូចកាន់ទុក្ខនៅពេលម្ដាយស្លាប់។ ផ្ទុយទៅវិញ ពេលទូលបង្គំមានទុក្ខលំបាក គេបែរជានាំគ្នាសើចសប្បាយ គេឃុបឃិតគ្នាប្រឆាំងនឹងទូលបង្គំ ហើយអ្នកដទៃដែលទូលបង្គំពុំស្គាល់ បានវាយទូលបង្គំ និងហែកហួរទូលបង្គំ ឥតឈប់ឡើយ។ ពួកគេចូលដៃជាមួយមនុស្សពាល ដែលនៅជុំវិញទូលបង្គំ ហើយសង្កៀតធ្មេញដាក់ទូលបង្គំ។ ព្រះអម្ចាស់អើយ! តើព្រះអង្គធ្វើព្រងើយដល់កាលណាទៀត? សូមរំដោះទូលបង្គំឲ្យរួចពីក្រញាំរបស់ពួកគេ សូមការពារជីវិតទូលបង្គំ ឲ្យរួចពីពួកសិង្ហទាំងនោះផង។ ទូលបង្គំនឹងអរព្រះគុណព្រះអង្គនៅក្នុងអង្គប្រជុំធំ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ក្នុងចំណោមប្រជាជនដ៏ច្រើន។
ទំនុកតម្កើង 35:11-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មានសាក្សីកោងលើកគ្នាឡើង គេចោទសួរពីរឿងដែលទូលបង្គំមិនដឹង គេប្រព្រឹត្តការអាក្រក់ដល់ទូលបង្គំ ស្នងនឹងការល្អ ដើម្បីឲ្យព្រលឹងទូលបង្គំត្រូវនៅតែឯង តែឯទូលបង្គំ កាលគេបានឈឺ នោះទូលបង្គំបានស្លៀកពាក់សំពត់ធ្មៃ ទូលបង្គំបានសំដែងសេចក្ដីទុក្ខ ដោយតមអត់អាហារ ហើយសេចក្ដីអធិស្ឋានរបស់ទូលបង្គំ បានត្រឡប់ចូលមកក្នុងទ្រូងខ្លួនវិញ ទូលបង្គំបានប្រព្រឹត្ត បែបដូចជាអ្នកនោះជាសំឡាញ់ ឬជាបងប្អូន ទូលបង្គំបានឱនខ្លួនដោយសេចក្ដីសោក ដូចជាអ្នកដែលកាន់ទុក្ខចំពោះម្តាយ តែក្នុងគ្រាដែលទូលបង្គំកើតមានសេចក្ដីទំនាស់ចិត្ត នោះគេបានអរសប្បាយវិញ ព្រមទាំងប្រជុំគ្នាផង មនុស្សចង្រៃនោះ គេប្រជុំគ្នាទាស់នឹងទូលបង្គំ តែទូលបង្គំមិនបានដឹងខ្លួនសោះ គេបានហែកទូលបង្គំឥតឈប់ឈរ គេបានសំញែងធ្មេញដាក់ទូលបង្គំ ដូចជាពួកអ្នកមានពុត ដែលប្រមាថ ក្នុងពេលលៀងលោមគ្នា ឱព្រះអម្ចាស់អើយ តើទ្រង់នឹងព្រងើយចំពោះគេ ដល់កាលណាទៀត សូមដោះព្រលឹងទូលបង្គំឲ្យរួចពីការបំផ្លាញរបស់គេ ហើយដួងជីវិតនៃទូលបង្គំឲ្យរួចពីសិង្ហ ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ នៅក្នុងពួកជំនុំធំ ទូលបង្គំនឹងសរសើរដល់ទ្រង់ នៅកណ្តាលមហាជន