ទំនុកតម្កើង 35:1-10
ទំនុកតម្កើង 35:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះយេហូវ៉ាអើយ សូមតតាំងនឹងអស់អ្នកដែលតតាំងនឹងទូលបង្គំ សូមតយុទ្ធនឹងអស់អ្នក ដែលតយុទ្ធនឹងទូលបង្គំផង! សូមយកខែលទាំងតូចទាំងធំ ហើយក្រោកឡើងជួយទូលបង្គំ! សូមលើកលំពែង និងដែកពួយ ប្រហារពួកអ្នកដែលដេញតាមទូលបង្គំទៅ! សូមមានព្រះបន្ទូលមកព្រលឹងទូលបង្គំថា «យើងជាព្រះសង្គ្រោះអ្នក!»។ សូមឲ្យអ្នកដែលប៉ុនប៉ងដល់ជីវិតទូលបង្គំ ត្រូវខ្មាស ហើយបាក់មុខ សូមឲ្យអ្នកដែលប៉ុនប៉ងធ្វើបាបទូលបង្គំ ត្រូវដកខ្លួនថយ ហើយអៀនខ្មាស។ សូមឲ្យគេបានដូចជាចំបើងដែលត្រូវខ្យល់ផាត់ ហើយឲ្យទេវតារបស់ព្រះយេហូវ៉ា បណ្ដេញគេចេញ! សូមឲ្យផ្លូវរបស់គេងងឹតសូន្យសុង ហើយរអិល ហើយឲ្យទេវតារបស់ព្រះយេហូវ៉ា ដេញតាមគេផង! ដ្បិតគេបានបង្កប់អន្ទាក់ ដើម្បីចាប់ទូលបង្គំដោយឥតហេតុ គេបានជីករណ្តៅ ដើម្បីចាប់ជីវិតទូលបង្គំដោយឥតហេតុ។ សូមឲ្យគេជួបនឹងការហិនវិនាស ដោយមិនដឹងខ្លួន! សូមឲ្យគេជាប់អន្ទាក់ដែលខ្លួនគេបានបង្កប់ទុក សូមឲ្យគេធ្លាក់ចូលអន្ទាក់នោះ ហើយវិនាសអន្តរាយទៅ! ពេលនោះ ព្រលឹងទូលបង្គំ នឹងអរសប្បាយក្នុងព្រះយេហូវ៉ា ហើយត្រេកអរក្នុងការសង្គ្រោះរបស់ព្រះអង្គ។ អស់ទាំងឆ្អឹងរបស់ទូលបង្គំនឹងពោលថា «ឱព្រះយេហូវ៉ាអើយ តើមានអ្នកណាដូចព្រះអង្គ? ព្រះអង្គរំដោះមនុស្សក្រីក្រ ឲ្យរួចពីអ្នកដែលខ្លាំងជាងខ្លួន អើ ទាំងជនក្រីក្រ និងកម្សត់ទុគ៌តឲ្យរួចពីអ្នករឹបជាន់ខ្លួន»។
ទំនុកតម្កើង 35:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់អើយ! សូមប្រឆាំងអស់អ្នកដែលប្រឆាំងនឹងទូលបង្គំ សូមតយុទ្ធអស់អ្នកដែលតយុទ្ធនឹងទូលបង្គំផង!។ សូមយកខែលទាំងតូចទាំងធំ យាងមកជួយទូលបង្គំជាប្រញាប់! សូមគប់លំពែង និងពូថៅ ប្រហារអស់អ្នកដែលដេញតាមទូលបង្គំ សូមបញ្ជាក់ឲ្យទូលបង្គំដឹងថា ព្រះអង្គជាព្រះសង្គ្រោះទូលបង្គំ។ សូមឲ្យពួកអ្នកដែលចង់ប្រហារជីវិតទូលបង្គំ ត្រូវអាម៉ាស់ និងបាក់មុខ សូមឲ្យពួកអ្នកដែលប៉ុនប៉ងធ្វើបាបទូលបង្គំ ដកខ្លួនថយទៅវិញ ទាំងអៀនខ្មាស! នៅពេលទេវតា*របស់ព្រះអម្ចាស់ បណ្ដេញពួកគេ សូមឲ្យពួកគេប្រៀបដូចជាអង្កាម ដែលត្រូវខ្យល់ផាត់បាត់ទៅ!។ នៅពេលទេវតារបស់ព្រះអម្ចាស់ដេញតាមពួកគេ សូមឲ្យផ្លូវរបស់ពួកគេងងឹតសូន្យសុង និងរអិលទៀតផង!។ អ្នកទាំងនោះបានដាក់អន្ទាក់ ដើម្បីទាក់ទូលបង្គំ ហើយជីករណ្ដៅ ដើម្បីចាប់ទូលបង្គំ ដោយគ្មានមូលហេតុអ្វីឡើយ។ សូមឲ្យពួកគេត្រូវអន្តរាយ ដោយមិនបានដឹងជាមុន សូមឲ្យពួកគេជាប់អន្ទាក់ ដែលខ្លួនបានបង្កប់ទុក សូមឲ្យពួកគេធ្លាក់ទៅក្នុងរណ្ដៅនោះ ហើយវិនាសអន្តរាយទៅ!។ ពេលនោះ ទូលបង្គំនឹងបានត្រេកអររីករាយជាខ្លាំង ចំពោះកិច្ចការដែលព្រះអម្ចាស់បានធ្វើ ទូលបង្គំមានអំណរសប្បាយ មកពីព្រះអង្គសង្គ្រោះទូលបង្គំ។ ទូលបង្គំនឹងទូលព្រះអង្គយ៉ាងស្មោះ អស់ពីដួងចិត្តថា: ព្រះអម្ចាស់អើយ គ្មាននរណាដូចព្រះអង្គឡើយ ព្រះអង្គបានរំដោះអ្នកទន់ខ្សោយ ឲ្យរួចផុតពីកណ្ដាប់ដៃរបស់អ្នកខ្លាំងពូកែ ព្រះអង្គរំដោះជនកម្សត់ទុគ៌តឲ្យរួចផុត ពីកណ្ដាប់ដៃរបស់ពួកអ្នកសង្កត់សង្កិន។
ទំនុកតម្កើង 35:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះយេហូវ៉ាអើយ សូមទ្រង់ការពារទូលបង្គំចំពោះពួកអ្នកដែល តតាំងនឹងទូលបង្គំ សូមទ្រង់តស៊ូនឹងពួកអ្នកដែលតស៊ូនឹងទូលបង្គំផង សូមចាប់យកទាំងខែលតូចធំ ហើយក្រោកឡើងជួយទូលបង្គំ សូមងាលំពែងរាំងផ្លូវពួកអ្នកដែលដេញតាមទូលបង្គំ សូមមានបន្ទូលមកព្រលឹងទូលបង្គំថា ព្រះអង្គជាសេចក្ដីសង្គ្រោះនៃទូលបង្គំ សូមឲ្យអស់អ្នកដែលប៉ងអាក្រក់ដល់ព្រលឹងទូលបង្គំ បានទៅជាមានសេចក្ដីខ្មាស ហើយអាប់យសទៅ សូមឲ្យអស់អ្នកដែលគិតប្រទូសរ៉ាយដល់ទូលបង្គំ បានត្រូវថយចេញដោយខ្មាសវិញ សូមឲ្យគេបានដូចជាចំបើងដែលខ្យល់ផាត់ទៅ ហើយឲ្យទេវតានៃព្រះយេហូវ៉ាដេញតាមគេផង សូមឲ្យផ្លូវគេបានងងឹត ហើយរឥល ព្រមទាំងមានទេវតានៃព្រះយេហូវ៉ាដេញតាមគេដែរ ដ្បិតគេបានលាក់អន្ទាក់នៅក្នុងរណ្តៅ ដើម្បីចាប់ទូលបង្គំដោយឥតហេតុ គេបានជីករណ្តៅទាក់ព្រលឹងទូលបង្គំ ដោយឥតហេតុ សូមឲ្យសេចក្ដីហិនវិនាសលោមកលើគេ ដោយឥតដឹងខ្លួន ហើយឲ្យអន្ទាក់ដែលគេបានលាក់នោះ ជាប់ខ្លួនគេវិញ សូមឲ្យគេធ្លាក់ទៅជាប់អន្ទាក់នោះ ហើយវិនាសទៅផង នោះព្រលឹងទូលបង្គំនឹងមានសេចក្ដីអំណរ ក្នុងព្រះយេហូវ៉ា ហើយនឹងមានសេចក្ដីរីករាយ ដោយសេចក្ដីសង្គ្រោះរបស់ទ្រង់ អស់ទាំងឆ្អឹងនៃទូលបង្គំនឹងពោលថា ឱព្រះយេហូវ៉ាអើយ តើមានអ្នកណាដូចទ្រង់ ដែលទ្រង់ជួយមនុស្សក្រីក្រឲ្យរួចពីអ្នកដែលខ្លាំងជាងខ្លួន អើ ទាំងពួកក្រីក្រនឹងមនុស្សកំសត់ឲ្យរួចពីអ្នករឹបជាន់ខ្លួន