ទំនុកតម្កើង 34:1-22
ទំនុកតម្កើង 34:1-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំនឹងថ្វាយព្រះពរព្រះយេហូវ៉ា គ្រប់ពេលវេលា ខ្ញុំនឹងសរសើរព្រះអង្គនៅក្នុងមាត់ខ្ញុំជានិច្ច។ ព្រលឹងរបស់ខ្ញុំនឹងអួតពីព្រះយេហូវ៉ា ចូរឲ្យមនុស្សរាបសារស្ដាប់ ហើយមានចិត្តត្រេកអរឡើង។ ឱ សូមតម្កើងព្រះយេហូវ៉ាជាមួយខ្ញុំ ចូរយើងនាំគ្នាលើកតម្កើង ព្រះនាមព្រះអង្គជាមួយគ្នា។ ខ្ញុំបានស្វែងរកព្រះយេហូវ៉ា ហើយព្រះអង្គក៏ឆ្លើយតបមកខ្ញុំ ក៏ប្រោសឲ្យខ្ញុំរួច ពីអស់ទាំងការភ័យខ្លាចរបស់ខ្ញុំ។ អស់អ្នកដែលពឹងដល់ព្រះអង្គ គេមានអំណរព្រោងព្រាយ ហើយមុខរបស់គេ មិនដែលខ្មាសឡើយ។ មនុស្សវេទនានេះបានស្រែកឡើង នោះព្រះយេហូវ៉ាព្រះសណ្ដាប់ ហើយសង្គ្រោះគេឲ្យរួច ពីទុក្ខលំបាកទាំងប៉ុន្មានរបស់ខ្លួន។ ទេវតារបស់ព្រះយេហូវ៉ា ចោមរោមជុំវិញអស់អ្នកដែល កោតខ្លាចព្រះអង្គ ហើយរំដោះគេឲ្យរួច។ ឱសូមភ្លក់មើលឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ល្អចុះ! មានពរហើយ មនុស្សណា ដែលពឹងជ្រកក្នុងព្រះអង្គ! ឱពួកបរិសុទ្ធរបស់ព្រះអង្គអើយ ចូរកោតខ្លាចព្រះយេហូវ៉ា ដ្បិតអស់អ្នកដែលកោតខ្លាចព្រះអង្គ មិនខ្វះអ្វីឡើយ! ពួកសិង្ហស្ទាវ អាចជួបនឹងការខ្វះខាត ហើយអត់ឃ្លាន តែអស់អ្នកដែលស្វែងរកព្រះយេហូវ៉ា នោះមិនខ្វះអ្វីដែលល្អឡើយ។ ឱ កូនទាំងឡាយអើយ ចូរនាំគ្នាមក ហើយស្តាប់ខ្ញុំ ខ្ញុំនឹងបង្រៀនអ្នករាល់គ្នា ពីការកោតខ្លាចព្រះយេហូវ៉ា។ តើមានអ្នកណាដែលចង់បានជីវិត ហើយស្រឡាញ់អាយុយឺនយូរ ដើម្បីឲ្យខ្លួនបានឃើញសេចក្ដីល្អឬទេ? ត្រូវបញ្ចៀសអណ្ដាតខ្លួនពីសេចក្ដីអាក្រក់ និងបបូរមាត់ កុំពោលពាក្យបោកបញ្ឆោត។ ចូរចៀសចេញពីអំពើអាក្រក់ ហើយប្រព្រឹត្តអំពើល្អវិញ ចូរស្វែងរកសេចក្ដីសុខ ហើយដេញតាមចុះ។ ព្រះនេត្រព្រះយេហូវ៉ា ទតឆ្ពោះទៅរកមនុស្សសុចរិត ហើយព្រះកាណ៌ព្រះអង្គ ផ្ទៀងស្តាប់សម្រែករបស់គេ។ ព្រះភក្ត្រព្រះយេហូវ៉ាទាស់ទទឹងនឹងពួកអ្នក ដែលប្រព្រឹត្តអាក្រក់ ដើម្បីកុំឲ្យមនុស្សនៅលើផែនដី នឹកចាំពីគេតទៅទៀត។ ពេលមនុស្សសុចរិតស្រែករកជំនួយ ព្រះយេហូវ៉ាព្រះសណ្ដាប់ ហើយព្រះអង្គក៏រំដោះគេឲ្យរួច ពីគ្រប់ទុក្ខលំបាករបស់គេ។ ព្រះយេហូវ៉ាគង់នៅជិតអ្នក ដែលមានចិត្តខ្ទេចខ្ទាំ ហើយសង្គ្រោះអស់អ្នក ដែលមានវិញ្ញាណសោកសង្រេង។ មនុស្សសុចរិតរងទុក្ខលំបាកជាច្រើន តែព្រះយេហូវ៉ារំដោះគេឲ្យរួច ពីទុក្ខលំបាកទាំងអស់។ ព្រះអង្គរក្សាអស់ទាំងឆ្អឹងរបស់អ្នកនោះ មិនឲ្យឆ្អឹងណាមួយត្រូវបាក់ឡើយ។ អំពើអាក្រក់នឹងសម្លាប់មនុស្សពាល ហើយអស់អ្នកដែលស្អប់មនុស្សសុចរិត នឹងត្រូវទទួលទោស។ ព្រះយេហូវ៉ាលោះជីវិត ពួកអ្នកបម្រើរបស់ព្រះអង្គ ហើយក្នុងចំណោមអស់អ្នក ដែលពឹងជ្រកក្នុងព្រះអង្គ គ្មានអ្នកណាម្នាក់នឹងត្រូវទោសឡើយ។
ទំនុកតម្កើង 34:1-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំនឹងអរព្រះគុណព្រះអម្ចាស់ គ្រប់ពេលវេលា ខ្ញុំនឹងសរសើរតម្កើងព្រះអង្គឥតឈប់សោះឡើយ។ ខ្ញុំនឹងបានខ្ពស់មុខដោយសារព្រះអង្គ! ចូរឲ្យមនុស្សទន់ទាបត្រងត្រាប់ស្ដាប់ ហើយមានអំណរសប្បាយឡើង!។ សូមប្រកាសជាមួយខ្ញុំថា ព្រះអម្ចាស់ថ្កុំថ្កើងរុងរឿងក្រៃលែង! យើងលើកតម្កើងព្រះនាមព្រះអង្គជាមួយគ្នា!។ ខ្ញុំបានអង្វរព្រះអម្ចាស់ ព្រះអង្គក៏ឆ្លើយតបមកខ្ញុំវិញ ព្រះអង្គបានរំដោះខ្ញុំឲ្យរួចពីការភ័យខ្លាច ទាំងអម្បាលម៉ាន។ អ្នកណាសម្លឹងឆ្ពោះទៅព្រះអង្គ អ្នកនោះនឹងបានពោរពេញទៅដោយអំណរ ហើយនឹងមិនខកចិត្តសោះឡើយ។ មនុស្សទុគ៌តស្រែកអង្វរព្រះអម្ចាស់ ព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យគេ ហើយសង្គ្រោះគេឲ្យរួចផុត ពីគ្រោះកាចទាំងប៉ុន្មានផង។ ទេវតារបស់ព្រះអម្ចាស់ថែរក្សាការពារ អស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ ហើយរំដោះពួកគេឲ្យរួចពីគ្រោះថ្នាក់។ ចូរពិសោធមើលដោយខ្លួនឯងចុះ ដើម្បីឲ្យដឹងថាព្រះអម្ចាស់ មានព្រះហឫទ័យសប្បុរសដ៏លើសលុប! អ្នកណាពឹងផ្អែកលើព្រះអង្គ អ្នកនោះមានសុភមង្គលហើយ!។ អ្នករាល់គ្នាដែលជាប្រជារាស្ត្រព្រះអង្គអើយ ចូរគោរពកោតខ្លាចព្រះអម្ចាស់ ដ្បិតអ្នកដែលគោរពកោតខ្លាចព្រះអង្គ នឹងមិនខ្វះអ្វីឡើយ។ អ្នកមានអាចជួបប្រទះនឹងការអត់ឃ្លាន ខ្វះខាតចំណីបរិភោគ តែអស់អ្នកដែលស្វែងរកព្រះអម្ចាស់ នឹងមិនខ្វះអ្វីសោះឡើយ។ កូនចៅអើយ ចូរនាំគ្នាមក ហើយស្ដាប់ពាក្យខ្ញុំ ខ្ញុំនឹងបង្រៀនអ្នក ឲ្យស្គាល់អំពីការគោរពកោតខ្លាចព្រះអម្ចាស់។ តើមាននរណាចង់បានអាយុវែង និងរស់នៅប្រកបដោយសុភមង្គលឬទេ? បើចង់បាន ត្រូវតែចេះទប់អណ្ដាត កុំពោលពាក្យអាក្រក់ និងចៀសវាងនិយាយបោកបញ្ឆោត!។ ចូរងាកចេញពីអំពើអាក្រក់ ហើយប្រព្រឹត្តអំពើល្អវិញ ចូរខិតខំស្វែងរកសេចក្ដីសុខសាន្ត យ៉ាងអស់ពីចិត្ត។ ព្រះអម្ចាស់តែងរំពៃមើលមនុស្សសុចរិត ហើយទ្រង់យកព្រះហឫទ័យ ទុកដាក់នឹងសម្រែករបស់ពួកគេជានិច្ច។ ព្រះអម្ចាស់តែងតែប្រឆាំង នឹងអស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ ពេលពួកគេស្លាប់ទៅ គ្មាននរណានឹកដល់ពួកគេទៀតទេ។ ពេលមនុស្សសុចរិតស្រែករកព្រះអង្គ ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យគេ ហើយព្រះអង្គរំដោះគេ ឲ្យរួចពីទុក្ខលំបាកទាំងប៉ុន្មាន។ ព្រះអម្ចាស់គង់នៅជិតអស់អ្នកដែលក្រំចិត្ត ហើយព្រះអង្គសង្គ្រោះអស់អ្នក ដែលមានចិត្តសោកសង្រេង។ មនុស្សសុចរិតរមែងជួបនឹងទុក្ខលំបាកជាច្រើន ប៉ុន្តែ ព្រះអម្ចាស់តែងតែរំដោះគេ ឲ្យរួចផុតពីទុក្ខលំបាកទាំងនោះជានិច្ច។ ព្រះអង្គថែរក្សាគេឲ្យបានសុខសាន្ត គឺគ្មានឆ្អឹងណាមួយត្រូវបាក់បែកឡើយ។ អំពើអាក្រក់តែងប្រហារជីវិតមនុស្សពាល ហើយអ្នកដែលស្អប់មនុស្សសុចរិត តែងតែទទួលទោសជានិច្ច។ ព្រះអម្ចាស់សង្គ្រោះជីវិតអ្នកបម្រើរបស់ព្រះអង្គ ហើយអស់អ្នកដែលមកពឹងផ្អែកលើព្រះអង្គ តែងតែរួចផុតពីទុក្ខទោស។
ទំនុកតម្កើង 34:1-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំនឹងលើកសរសើរដល់ព្រះយេហូវ៉ាគ្រប់ ពេលវេលា សេចក្ដីសរសើរពីទ្រង់នឹងនៅក្នុងមាត់ខ្ញុំជានិច្ច ព្រលឹងរបស់ខ្ញុំនឹងអួតតែពីព្រះយេហូវ៉ា មនុស្សរាបទាបនឹងឮ ហើយនឹងមានសេចក្ដីអំណរដែរ ចូរដំកើងព្រះយេហូវ៉ាជាមួយនឹងខ្ញុំចុះ ចូរយើងព្រមគ្នាលើកព្រះនាមទ្រង់ឡើង ខ្ញុំបានស្វែងរកព្រះយេហូវ៉ា ហើយទ្រង់ក៏ឆ្លើយតបមកខ្ញុំ ក៏ប្រោសឲ្យខ្ញុំរួចពីអស់ទាំងសេចក្ដីភិតភ័យរបស់ខ្ញុំ អ្នកណាដែលពឹងដល់ទ្រង់ នោះក៏មានសេចក្ដីអំណរ ដ៏ព្រោងព្រាយ ហើយមុខគេមិនដែលត្រូវខ្មាសឡើយ ខ្ញុំ ជាមនុស្សវេទនានេះ បានអំពាវនាវទៅ នោះព្រះយេហូវ៉ាទ្រង់បានស្តាប់តាម ហើយជួយសង្គ្រោះឲ្យរួចពីសេចក្ដីលំបាកទាំងប៉ុន្មានរបស់ខ្លួន ទេវតានៃព្រះយេហូវ៉ាចោមរោមនៅជុំវិញនៃអស់អ្នកដែល កោតខ្លាចដល់ទ្រង់ ហើយក៏ជួយគេឲ្យរួច ឱសូមភ្លក់មើលឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ល្អចុះ មានពរហើយ មនុស្សណាដែលពឹងជ្រកក្នុងទ្រង់ ឱពួកបរិសុទ្ធរបស់ទ្រង់អើយ សូមកោតខ្លាចដល់ ព្រះយេហូវ៉ា ដ្បិតអស់អ្នកដែលកោតខ្លាចដល់ទ្រង់មិនខ្វះអ្វីឡើយ ឯអស់ទាំងសិង្ហស្ទាវ វាតែងតែខ្វះ ហើយក៏ឃ្លាន តែអស់អ្នកដែលស្វែងរកព្រះយេហូវ៉ា នោះនឹងមិនខ្វះអ្វី ដែលល្អឡើយ កូនទាំងឡាយអើយ ចូរមកស្តាប់អញចុះ អញនឹងបង្រៀនឯងរាល់គ្នា ពីសេចក្ដីកោតខ្លាចដល់ ព្រះយេហូវ៉ា តើមានអ្នកឯណាដែលចង់បានជីវិត ហើយស្រឡាញ់ អាយុយឺនយូរ ដើម្បីឲ្យបានឃើញសេចក្ដីល្អ ត្រូវឲ្យរក្សាអណ្តាតខ្លួន ឲ្យរួចពីសេចក្ដីអាក្រក់ ហើយបបូរមាត់ផង មិនឲ្យពោលពាក្យកំភូត ចូរថយចេញពីការអាក្រក់ ហើយប្រព្រឹត្តការល្អវិញ ចូរស្វែងរកសេចក្ដីសុខ ហើយដេញជាប់តាមចុះ ព្រះនេត្រព្រះយេហូវ៉ាទតទៅចំពោះមនុស្សសុចរិត ហើយព្រះកាណ៌ទ្រង់ក៏ប្រុងស្តាប់សំរែករបស់គេ ព្រះភក្ត្រព្រះយេហូវ៉ាទាស់ទទឹងនឹងពួកអ្នក ដែលប្រព្រឹត្តអាក្រក់ ដើម្បីនឹងដកយកសេចក្ដីនឹកចាំចំពោះគេពីផែនដីចេញ ឯមនុស្សសុចរិត គេអំពាវនាវ ហើយព្រះយេហូវ៉ា ទ្រង់ទទួលស្តាប់ ទ្រង់ក៏ប្រោសគេឲ្យរួចពីគ្រប់សេចក្ដីលំបាករបស់គេ ព្រះយេហូវ៉ាទ្រង់គង់ជិតបង្កើយនឹងអស់អ្នក ដែលមានចិត្តសង្រេង ហើយទ្រង់ជួយសង្គ្រោះដល់អស់អ្នក ដែលមានវិញ្ញាណទន់ទាប មនុស្សសុចរិតតែងតែកើតមានសេចក្ដីលំបាកជាច្រើន តែព្រះយេហូវ៉ាទ្រង់ជួយឲ្យរួចពីសេចក្ដីទាំងនោះ ទ្រង់រក្សាអស់ទាំងឆ្អឹងរបស់អ្នកនោះ មិនឲ្យឆ្អឹងណាមួយត្រូវបាក់ឡើយ សេចក្ដីអាក្រក់នឹងសំឡាប់មនុស្សដែលប្រព្រឹត្តអាក្រក់ ហើយពួកអ្នកដែលស្អប់ដល់មនុស្សសុចរិត នឹងត្រូវមានទោស ព្រះយេហូវ៉ាទ្រង់លោះព្រលឹងនៃអស់អ្នកដែលគោរព ប្រតិបត្តិដល់ទ្រង់ ហើយក្នុងពួកអស់អ្នកដែលពឹងជ្រកក្នុងទ្រង់ នោះគ្មានអ្នកណាមួយនឹងត្រូវទោសឡើយ។