ទំនុកតម្កើង 33:1-5

ទំនុកតម្កើង 33:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱមនុស្ស​សុចរិត​អើយ ចូរ​រីក‌រាយ​ក្នុង​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​មនុស្ស​ទៀង​ត្រង់​ស័ក្ដិ‌សម នឹង​សរសើរ​តម្កើង​ព្រះ។ ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា​ដោយ​ចាប់​ស៊ុង ហើយ​លើក​ទំនុក​ថ្វាយ​ព្រះ‌អង្គ ដោយ​ដេញ​ពិណ​ខ្សែ​ដប់! ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌អង្គ ហើយ​ប្រគំ​ភ្លេង​យ៉ាង​ពិរោះ​ឲ្យ​ឮ​រងំ ទាំង​ស្រែក​អប​អរសាទរ។ ដ្បិត​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ទៀង​ត្រង់ ហើយ​អស់​ទាំង​កិច្ច‌ការ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បាន​ធ្វើ​ដោយ​ស្មោះ‌ត្រង់។ ព្រះ‌អង្គ​ស្រឡាញ់​សេចក្ដី​សុចរិត និង​យុត្តិ‌ធម៌ ផែនដី​មាន​ពេញ​ដោយ​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌យេហូវ៉ា។

ទំនុកតម្កើង 33:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មនុស្ស​សុចរិត​អើយ ចូរ​នាំ​គ្នា អបអរ​លើក​តម្កើង​ព្រះ‌អម្ចាស់! មាន​តែ​មនុស្ស​ទៀង​ត្រង់​ប៉ុណ្ណោះ ដែល​អាច​កោត​សរសើរ​ព្រះអង្គ។ ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ ដោយ​សំឡេង​ពិណ ចូរ​ស្មូត្រ​ទំនុកតម្កើង ព្រះអង្គ ទាំង​លេង​ចាប៉ី​ខ្សែ​ដប់​កំដរ​ផង។ ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះអង្គ! ចូរ​ប្រគំ​តន្ត្រី​យ៉ាង​ពីរោះ ក្នុង​ពេល​ស្រែក​អបអរ‌សាទរ​ព្រះអង្គ ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​យ៉ាង​ទៀង​ត្រង់ ហើយ​ព្រះអង្គ​តែង​ប្រព្រឹត្ត​តាម ព្រះ‌បន្ទូល​សន្យា​ជានិច្ច។ ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​នឹង​សេចក្ដី​សុចរិត ព្រម​ទាំង​សេចក្ដី​ទៀង​ត្រង់ ផែនដី​ទាំង​មូល​សម្តែង​អំពី​ព្រះ‌ហឫទ័យ មេត្តា‌ករុណា​របស់​ព្រះ‌អម្ចាស់។

ទំនុកតម្កើង 33:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ពួក​អ្នក​សុចរិត​អើយ ចូរ​មាន​ចិត្ត​រីក‌រាយ​ក្នុង​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​សេចក្ដី​សរសើរ នោះ​សំណំ​ដល់​មនុស្ស​ទៀង​ត្រង់ ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ចាប់​ស៊ុង ហើយ​ច្រៀង​សរសើរ​ថ្វាយ​ទ្រង់ ដោយ​ដេញ​ពិណ​ខ្សែ​១០ ចូរ​ច្រៀង​ទំនុក​ថ្មី​ថ្វាយ​ទ្រង់ ហើយ​លេង​ភ្លេង​ឲ្យ​ឮ​រងំ ដោយ​ប៉ិន‌ប្រសប់ ដ្បិត​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ត្រឹម‌ត្រូវ ហើយ​បណ្តា​កិច្ច‌ការ​នៃ​ទ្រង់​បាន​ធ្វើ​ដោយ​ស្មោះ‌ត្រង់​ដែរ ទ្រង់​ស្រឡាញ់​សេចក្ដី​សុចរិត នឹង​សេចក្ដី​យុត្តិ‌ធម៌ ផែនដី​មាន​ពេញ​ដោយ​សេចក្ដី​សប្បុរស​នៃ​ព្រះ‌យេហូវ៉ា