ទំនុកតម្កើង 32:7-11

ទំនុកតម្កើង 32:7-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌អង្គ​ជា​ទី​ពួន​ជ្រក​សម្រាប់​ទូល‌បង្គំ ព្រះ‌អង្គ​ការពារ​ទូល‌បង្គំ ឲ្យ​រួច​ពី​ទុក្ខ​លំបាក ព្រះ‌អង្គ​ហ៊ុមព័ទ្ធ​ទូល‌បង្គំ ដោយ​ចម្រៀង​ជ័យ​ជម្នះ។ –បង្អង់ ៙ យើង​នឹង​បង្ហាត់​បង្រៀន​អ្នកឲ្យ​ស្គាល់​ផ្លូវ ដែល​អ្នក​ត្រូវ​ដើរ យើង​នឹង​ទូន្មាន​អ្នក ទាំង​ភ្នែក​យើង​មើល​អ្នក​ជាប់។ កុំ​ធ្វើ​ដូច​ជា​សេះ ឬ​លា​កាត់​ដែល​គ្មាន​ប្រាជ្ញា ដែល​ត្រូវ​គេ​ដាក់​បង្ខាំ ហើយ​ចង​បង្ហៀរ ដើម្បី​ទប់ ក្រែង​វា​មិន​ស្ដាប់​អ្នក​នោះ​ឡើយ។ មនុស្ស​អាក្រក់​ត្រូវ​រង​ទុក្ខ​វេទនា​ជា​ច្រើន តែ​អ្នក​ណា​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា នោះ​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អង្គ​ព័ទ្ធ​ជុំ‌វិញ។ ឱ​មនុស្ស​សុចរិត​អើយ ចូរ​នាំ​គ្នា​សប្បាយ​រីក‌រាយ​ក្នុង​ព្រះ‌យេហូវ៉ា អស់​អ្នក​ដែល​មាន​ចិត្ត​ទៀត​ត្រង់​អើយ ចូរ​ស្រែក​ហ៊ោរ​ដោយ​អំណរ​ចុះ។

ទំនុកតម្កើង 32:7-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះអង្គ​ជា​ជម្រក​សម្រាប់​ទូលបង្គំ ព្រះអង្គ​ការពារ​ទូលបង្គំ​ឲ្យ​រួច​ពី​អាសន្ន ព្រះអង្គ​ឲ្យ​ទូលបង្គំ​អាច​បន្លឺ​សំឡេង ច្រៀង​ឡើង ព្រោះ​ព្រះអង្គ​រំដោះ​ទូលបង្គំ។ - សម្រាក ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា «យើង​នឹង​ប្រៀន‌ប្រដៅ​ណែ‌នាំ​អ្នក ឲ្យ​ស្គាល់​ផ្លូវ​ដែល​អ្នក​ត្រូវ​ដើរ យើង​នឹង​ជួយ​ឲ្យ​យោបល់​អ្នក ព្រម​ទាំង​មើល​ថែ​ទាំ​អ្នក​ផង។ មិន​ត្រូវ​ឆោត​ល្ងង់​ដូច​សេះ ឬ​លា​នោះ​ឡើយ គេ​ដាក់​ដែក​បង្ខាំ និង​ចង​បង្ហៀរ ដើម្បី​ញាក់​វា​ឲ្យ​ចុះ​ចូល»។ មនុស្ស​ពាល​នឹង​ត្រូវ​រង​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាង ប៉ុន្តែ ព្រះ‌អម្ចាស់​តែង​សម្តែង​ព្រះ‌ហឫទ័យ មេត្តា​ករុណា ចំពោះ​អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះអង្គ។ មនុស្ស​សុចរិត​អើយ ចូរ​នាំ​គ្នា​សប្បាយ​រីក‌រាយ ចំពោះ​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់! អ្នក​ទាំង​អស់​គ្នា​ដែល​ជា​មនុស្ស​ទៀង​ត្រង់​អើយ ចូរ​ស្រែក​ហ៊ោ​ដោយ​អំណរ​ចុះ!។

ទំនុកតម្កើង 32:7-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទ្រង់​ជា​ទី​ពំនួន​នៃ​ទូលបង្គំ ទ្រង់​នឹង​ការ‌ពារ​ទូលបង្គំ ឲ្យ​រួច​ពី​សេចក្ដី​ទុក្ខ​លំបាក ទ្រង់​នឹង​ព័ទ្ធ​ទូលបង្គំ​ជុំវិញ ដោយ​ទំនុក​នៃ​សេចក្ដី​សង្គ្រោះ។ –បង្អង់ ៙ អញ​នឹង​បង្ហាត់​បង្រៀន​ឲ្យ​ឯង​ស្គាល់​ផ្លូវ ដែល​ឯង​ត្រូវ​ដើរ អញ​នឹង​ទូន្មាន​ឯង ដោយ​ភ្នែក​អញ​មើល​ឯង​ជាប់ កុំ​ឲ្យ​ឯង​ធ្វើ​ដូច​ជា​សេះ ឬ​លា​កាត់ ដែល​គ្មាន​ប្រាជ្ញា ដែល​គេ​ត្រូវ​ដាក់​បង្ខាំ ហើយ​នឹង​បង្ហៀរ ដើម្បី​ទប់​វា ក្រែង​វា​មិន​ព្រម​មក​ឯ​ឯង​នោះ​ឡើយ ឯ​មនុស្ស​អាក្រក់​គេ​នឹង​មាន​ទុក្ខ​ព្រួយ​ជា​ច្រើន តែ​អ្នក​ណា​ដែល​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា នោះ​នឹង​មាន​សេចក្ដី​សប្បុរស​នៅ​ព័ទ្ធ​ជុំវិញ​ខ្លួន ឱ​មនុស្ស​សុចរិត​រាល់​គ្នា​អើយ ចូរ​មាន​ចិត្ត​សប្បាយ ហើយ​រីក‌រាយ​ឡើង ក្នុង​ព្រះ‌យេហូវ៉ា​ចុះ អស់​អ្នក​ដែល​មាន​ចិត្ត​ទៀត​ត្រង់​អើយ ចូរ​នាំ​គ្នា​ស្រែក​ឡើង​ដោយ​អំណរ​ចុះ។

ទំនុកតម្កើង 32:7-11

ទំនុកតម្កើង 32:7-11 គខប