ទំនុកតម្កើង 32:2-11

ទំនុកតម្កើង 32:2-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មាន​ពរ​ហើយ អ្នក​ដែល​ព្រះ‌យេហូវ៉ា មិន​រាប់​ថា​មាន​ទោស ជា​អ្នក​ដែល​គ្មាន​កល‌ឧបាយ​ក្នុង​ចិត្ត។ ពេល​ទូល‌បង្គំ​ចេះ​តែ​នៅ​ស្ងៀម ឆ្អឹង​ទូល‌បង្គំ​បាន​ខ្សោះទៅ ដោយ‌សារ​ទូល‌បង្គំ​ស្រែក​ថ្ងូរ​ជា​រៀង​រាល់​ថ្ងៃ។ ដ្បិត​ព្រះ‌ហស្ត​ព្រះ‌អង្គ​បាន​សង្កត់ លើ​ទូល‌បង្គំ​យ៉ាង​ធ្ងន់ ទាំង​យប់​ទាំង​ថ្ងៃ កម្លាំង​ទូល‌បង្គំ​ខ្សោះ​ល្វើយ ដូចទឹក​រីង​ស្ងួត ដោយ​កម្ដៅ​នៅ​រដូវ​ប្រាំង។ –បង្អង់ ៙ ទូល‌បង្គំ​បាន​សារភាព​អំពើ​បាប របស់​ទូល‌បង្គំ នៅ​ចំពោះ​ព្រះ‌អង្គ ឥត​លាក់​លៀម​អំពើ​ទុច្ចរិត​របស់​ទូល‌បង្គំ​ឡើយ ទូល‌បង្គំ​ពោល​ថា «ទូល‌បង្គំ​នឹង​លន់‌តួ​អំពើ​រំលង របស់​ទូល‌បង្គំ​ចំពោះ​ព្រះ‌យេហូវ៉ា» ហើយ​ព្រះ‌អង្គ​ក៏​បាន​អត់​ទោស​អំពើ​បាប ឲ្យ​ទូល‌បង្គំ។ –បង្អង់ ៙ ដូច្នេះ ត្រូវ​ឲ្យ​អស់​អ្នក​ដែល​កោត​ខ្លាច​ដល់​ព្រះ បាន​អធិស្ឋាន​ដល់​ព្រះ‌អង្គ នៅ​ពេល​ដែល​អាច​រក​ព្រះ‌អង្គ​ឃើញ យ៉ាង​នោះ កាល​ណា​មាន​ទឹក​ជំនន់​ធំ​ជន់​ឡើង ប្រាកដ​ជា​នឹង​មិន​លិច​លង់​ដល់​អ្នក​នោះ​ឡើយ។ ព្រះ‌អង្គ​ជា​ទី​ពួន​ជ្រក​សម្រាប់​ទូល‌បង្គំ ព្រះ‌អង្គ​ការពារ​ទូល‌បង្គំ ឲ្យ​រួច​ពី​ទុក្ខ​លំបាក ព្រះ‌អង្គ​ហ៊ុមព័ទ្ធ​ទូល‌បង្គំ ដោយ​ចម្រៀង​ជ័យ​ជម្នះ។ –បង្អង់ ៙ យើង​នឹង​បង្ហាត់​បង្រៀន​អ្នកឲ្យ​ស្គាល់​ផ្លូវ ដែល​អ្នក​ត្រូវ​ដើរ យើង​នឹង​ទូន្មាន​អ្នក ទាំង​ភ្នែក​យើង​មើល​អ្នក​ជាប់។ កុំ​ធ្វើ​ដូច​ជា​សេះ ឬ​លា​កាត់​ដែល​គ្មាន​ប្រាជ្ញា ដែល​ត្រូវ​គេ​ដាក់​បង្ខាំ ហើយ​ចង​បង្ហៀរ ដើម្បី​ទប់ ក្រែង​វា​មិន​ស្ដាប់​អ្នក​នោះ​ឡើយ។ មនុស្ស​អាក្រក់​ត្រូវ​រង​ទុក្ខ​វេទនា​ជា​ច្រើន តែ​អ្នក​ណា​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា នោះ​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អង្គ​ព័ទ្ធ​ជុំ‌វិញ។ ឱ​មនុស្ស​សុចរិត​អើយ ចូរ​នាំ​គ្នា​សប្បាយ​រីក‌រាយ​ក្នុង​ព្រះ‌យេហូវ៉ា អស់​អ្នក​ដែល​មាន​ចិត្ត​ទៀត​ត្រង់​អើយ ចូរ​ស្រែក​ហ៊ោរ​ដោយ​អំណរ​ចុះ។

ទំនុកតម្កើង 32:2-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​សុភមង្គល​ហើយ អស់​អ្នក​ដែល​ព្រះ‌អម្ចាស់​មិន​ប្រកាន់​ទោស ហើយ​ជា​មនុស្ស​ដែល​គ្មាន​ចិត្ត​វៀច‌វេរ! ដរាប​ណា​ទូលបង្គំ​មិន​សារ‌ភាព​កំហុស​ទេ​នោះ ទូលបង្គំ​កាន់​តែ​រីង‌រៃ​ទៅៗ ទូលបង្គំ​ថ្ងូរ​ជា​រៀង​រាល់​ថ្ងៃ ដ្បិត​ព្រះអង្គ​ធ្វើ​ទោស​ទូលបង្គំ​ទាំង​ថ្ងៃ​ទាំង​យប់ កម្លាំង​ទូលបង្គំ​ខ្សោះ​ល្វើយ ដូច​ទឹក​រីង​ស្ងួត​នៅ​រដូវ​ប្រាំង។ - សម្រាក ទូលបង្គំ​បាន​សារ‌ភាព​អំពើ​បាប​ចំពោះ​ព្រះអង្គ ទូលបង្គំ​មិន​បាន​លាក់‌លៀម​កំហុស របស់​ទូលបង្គំ​ឡើយ ទូលបង្គំ​ពោល​ថា «ខ្ញុំ​នឹង​ទទួល​សារ‌ភាព​អំពើ​បាប របស់​ខ្ញុំ​ចំពោះ​ព្រះ‌អម្ចាស់!» ព្រះអង្គ​ក៏​លើក‌លែង​ទោស​ទូលបង្គំ ឲ្យ​រួច​ពី​បាប។ - សម្រាក ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​គោរព ប្រណិ‌ប័តន៍​ព្រះអង្គ តែង​ទូល‌អង្វរ​ព្រះអង្គ​នៅ​ពេល​ដែល​គេ​ត្រូវ​ការ! ទោះ​បី​មាន​ទុក្ខ​កង្វល់​ប្រៀប​ដូច ទឹក​ជំនន់​ខ្លាំង​យ៉ាង​ណា​ក្ដី ក៏​គេ​មិន​លិច​លង់​ដែរ។ ព្រះអង្គ​ជា​ជម្រក​សម្រាប់​ទូលបង្គំ ព្រះអង្គ​ការពារ​ទូលបង្គំ​ឲ្យ​រួច​ពី​អាសន្ន ព្រះអង្គ​ឲ្យ​ទូលបង្គំ​អាច​បន្លឺ​សំឡេង ច្រៀង​ឡើង ព្រោះ​ព្រះអង្គ​រំដោះ​ទូលបង្គំ។ - សម្រាក ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា «យើង​នឹង​ប្រៀន‌ប្រដៅ​ណែ‌នាំ​អ្នក ឲ្យ​ស្គាល់​ផ្លូវ​ដែល​អ្នក​ត្រូវ​ដើរ យើង​នឹង​ជួយ​ឲ្យ​យោបល់​អ្នក ព្រម​ទាំង​មើល​ថែ​ទាំ​អ្នក​ផង។ មិន​ត្រូវ​ឆោត​ល្ងង់​ដូច​សេះ ឬ​លា​នោះ​ឡើយ គេ​ដាក់​ដែក​បង្ខាំ និង​ចង​បង្ហៀរ ដើម្បី​ញាក់​វា​ឲ្យ​ចុះ​ចូល»។ មនុស្ស​ពាល​នឹង​ត្រូវ​រង​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាង ប៉ុន្តែ ព្រះ‌អម្ចាស់​តែង​សម្តែង​ព្រះ‌ហឫទ័យ មេត្តា​ករុណា ចំពោះ​អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះអង្គ។ មនុស្ស​សុចរិត​អើយ ចូរ​នាំ​គ្នា​សប្បាយ​រីក‌រាយ ចំពោះ​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់! អ្នក​ទាំង​អស់​គ្នា​ដែល​ជា​មនុស្ស​ទៀង​ត្រង់​អើយ ចូរ​ស្រែក​ហ៊ោ​ដោយ​អំណរ​ចុះ!។

ទំនុកតម្កើង 32:2-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ព្រះ‌យេហូវ៉ា​មិន​រាប់​ថា ជា​អ្នក​មាន​ទោស ជា​អ្នក​ដែល​គ្មាន​កល‌ឧបាយ​នៅ​ក្នុង​ចិត្ត​សោះ កាល​ទូលបង្គំ​បាន​ស្ងៀម​នៅ នោះ​ឆ្អឹង​ទូលបង្គំ បាន​ខ្សោះ​ទៅ ដោយ‌សារ​ដំងូរ​ដែល​ទូលបង្គំ​ថ្ងូរ​ជា​ដរាប​រាល់​ថ្ងៃ ដ្បិត​ព្រះ‌ហស្ត​នៃ​ទ្រង់​បាន​សង្កត់​លើ​ទូលបង្គំ​ជា​ធ្ងន់ ទាំង​យប់​ទាំង​ថ្ងៃ ធាតុ​ទឹក​របស់​ទូលបង្គំ​បាន​ត្រឡប់​ទៅ​ជា​រីង​ហួត ដូច​ជា​រដូវ​ក្តៅ។ –បង្អង់ ៙ ទូលបង្គំ​បាន​រ៉ាប់​ទទួល​អំពើ​បាប​របស់ ទូលបង្គំ​នៅ​ចំពោះ​ទ្រង់ ឥត​លាក់​ការ​ទុច្ចរិត​របស់​ទូលបង្គំ​ទុក​ឡើយ ទូលបង្គំ​បាន​និយាយ​ថា ទូលបង្គំ​នឹង​លន់‌តួ​អស់​ទាំង ការ​រំលង​របស់​ទូលបង្គំ​ដល់​ព្រះ‌យេហូវ៉ា ឯ​ទ្រង់​ក៏​បាន​អត់​ទោស​ចំពោះ​អំពើ​បាប​នៃ​ទូលបង្គំ​ទៅ។ –បង្អង់ ៙ ដូច្នេះ ត្រូវ​ឲ្យ​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ព្រះ បាន​អធិស្ឋាន​ដល់​ទ្រង់ នៅ​វេលា​ដែល​នឹង​រក​ទ្រង់​ឃើញ យ៉ាង​នោះ កាល​ណា​ជំនន់​ធំ​ជន់​ឡើង នោះ​ប្រាកដ​ជា​នឹង មិន​ដែល​លិច​មក​ដល់​អ្នក​នោះ​ឡើយ ទ្រង់​ជា​ទី​ពំនួន​នៃ​ទូលបង្គំ ទ្រង់​នឹង​ការ‌ពារ​ទូលបង្គំ ឲ្យ​រួច​ពី​សេចក្ដី​ទុក្ខ​លំបាក ទ្រង់​នឹង​ព័ទ្ធ​ទូលបង្គំ​ជុំវិញ ដោយ​ទំនុក​នៃ​សេចក្ដី​សង្គ្រោះ។ –បង្អង់ ៙ អញ​នឹង​បង្ហាត់​បង្រៀន​ឲ្យ​ឯង​ស្គាល់​ផ្លូវ ដែល​ឯង​ត្រូវ​ដើរ អញ​នឹង​ទូន្មាន​ឯង ដោយ​ភ្នែក​អញ​មើល​ឯង​ជាប់ កុំ​ឲ្យ​ឯង​ធ្វើ​ដូច​ជា​សេះ ឬ​លា​កាត់ ដែល​គ្មាន​ប្រាជ្ញា ដែល​គេ​ត្រូវ​ដាក់​បង្ខាំ ហើយ​នឹង​បង្ហៀរ ដើម្បី​ទប់​វា ក្រែង​វា​មិន​ព្រម​មក​ឯ​ឯង​នោះ​ឡើយ ឯ​មនុស្ស​អាក្រក់​គេ​នឹង​មាន​ទុក្ខ​ព្រួយ​ជា​ច្រើន តែ​អ្នក​ណា​ដែល​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា នោះ​នឹង​មាន​សេចក្ដី​សប្បុរស​នៅ​ព័ទ្ធ​ជុំវិញ​ខ្លួន ឱ​មនុស្ស​សុចរិត​រាល់​គ្នា​អើយ ចូរ​មាន​ចិត្ត​សប្បាយ ហើយ​រីក‌រាយ​ឡើង ក្នុង​ព្រះ‌យេហូវ៉ា​ចុះ អស់​អ្នក​ដែល​មាន​ចិត្ត​ទៀត​ត្រង់​អើយ ចូរ​នាំ​គ្នា​ស្រែក​ឡើង​ដោយ​អំណរ​ចុះ។