ទំនុកតម្កើង 31:6-13

ទំនុកតម្កើង 31:6-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ទូល‌បង្គំ​ស្អប់ អស់​អ្នក​ដែលយក​ចិត្ត​ទុក​ដាក់ នឹង​រូបព្រះ​ដែល​ឥត​បាន​ការ តែ​ទូល‌បង្គំ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា។ ទូល‌បង្គំ​នឹង​ត្រេក​អរ ហើយ​រីក‌រាយ នឹង​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ព្រោះ​ព្រះ‌អង្គ​បាន​ឃើញ​ទុក្ខ​វេទនា​របស់​ទូល‌បង្គំ ក៏​ជ្រាប​ពី​សេចក្ដី​ថប់​ព្រួយ​នៃ​ព្រលឹង​ទូល‌បង្គំ​ដែរ ព្រះ‌អង្គ​មិន​បាន​ប្រគល់​ទូល‌បង្គំ នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ឡើយ ព្រះ‌អង្គ​បាន​ដាក់​ជើង​ទូល‌បង្គំ នៅ​កន្លែង​មួយ​ធំ​ទូលាយ។ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រណី​សន្ដោស​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​មាន​ទុក្ខ​ព្រួយ ភ្នែក​ទូល‌បង្គំ​ចុះ​ខ្សោយ​ដោយ​សោយ​សោក ព្រលឹង និង​រូប​កាយ​ទូល‌បង្គំ​ក៏​ខ្សោយ​ដែរ។ ដ្បិត​ជីវិត​ទូល‌បង្គំ​នឹង​ផុត​ទៅ​ដោយ​ទុក្ខ​ព្រួយ ហើយ​ឆ្នាំ​នៃ​អាយុ​ទូល‌បង្គំ ថយ​ទៅ​ដោយ​ស្រែក​ថ្ងូរ កម្លាំង​ទូល‌បង្គំ​ចុះ​ខ្សោយ ព្រោះ​តែ​អំពើ​បាប របស់​ទូល‌បង្គំ ហើយ​ឆ្អឹង​ទូល‌បង្គំ​ក៏​ខ្សោះ​ទៅ​ដែរ។ ដោយ​ព្រោះ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មានរបស់​ទូល‌បង្គំ ទូល‌បង្គំ​បាន​ត្រឡប់​ជា​ទីត្មះតិះ​ដៀល ជា​ពិសេស ចំពោះ​អ្នក​ជិត​ខាង​របស់​ទូល‌បង្គំ ហើយ​ជា​ហេតុ​គួរ​ខ្លាច​ដល់​ពួកអ្នក ដែល​ស្គាល់​ទូល‌បង្គំ អស់​អ្នក​ដែល​ឃើញ​ទូល‌បង្គំ​នៅ​តាម​ផ្លូវ គេ​គេច​មុខ​ពី​ទូល‌បង្គំ។ គេ​បាន​ភ្លេច​ទូល‌បង្គំ ប្រៀប​ដូច​ជា​មនុស្ស​ស្លាប់ ទូល‌បង្គំ​បាន​ត្រឡប់​ដូច​ជា​ឆ្នាំង​កំបែក។ ដ្បិត​ទូល‌បង្គំ​បាន​ឮ​ពាក្យ​មួល​បង្កាច់ របស់​មនុស្ស​ជា​ច្រើន ការ​ភ័យ​ខ្លាច​មក​ពី​គ្រប់ជ្រុង​ទាំង​អស់ គេ​ឃុត​ឃិត​គ្នា​ទាស់​នឹង​ទូល‌បង្គំ គេគ្រោង​នឹង​ដក​ជីវិត​ទូល‌បង្គំ។

ទំនុកតម្កើង 31:6-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ទូលបង្គំ​សូម​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់​ហើយ ទូលបង្គំ​មិន​ពេញ​ចិត្ត​នឹង​អស់​អ្នក ដែល​គោរព​បម្រើ​ព្រះ​ក្លែងក្លាយ​ទេ។ ទូលបង្គំ​ត្រេក​អរ​សប្បាយ​ជា​ខ្លាំង ដោយ​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​សប្បុរស ចំពោះ​ទូលបង្គំ ព្រះអង្គ​ទត​ឃើញ​ទុក្ខ​វេទនា​របស់​ទូលបង្គំ ព្រះអង្គ​ជ្រាប​ថា​ទូលបង្គំ​មាន​កង្វល់។ ព្រះអង្គ​មិន​បណ្តោយ​ឲ្យ​ទូលបង្គំ ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ឡើយ តែ​ព្រះអង្គ​ប្រទាន​ឲ្យ​ទូលបង្គំ មាន​សេរី‌ភាព​ងើប​ឡើង​វិញ​បាន។ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រណី​សន្ដោស​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​កំពុង​តែ​មាន​អាសន្ន! ទូលបង្គំ​យំ​ខ្សោះ​ទឹក​ភ្នែក ព្រលឹង និង​រូប​កាយ​ទូលបង្គំ​កាន់​តែ​សោក​សង្រេង។ ជីវិត​ទូលបង្គំ​កាន់​តែ​អន់‌ថយ​ទៅ ដោយ​កើត​ទុក្ខ ទូលបង្គំ​ស្រែក​ថ្ងូរ​អស់​មួយ​ជីវិត កម្លាំង​ទូលបង្គំ​កាន់​តែ​ទ្រុឌ‌ទ្រោម ព្រោះ​តែ​កំហុស​របស់​ទូលបង្គំ ហើយ​សូម្បី​តែ​ឆ្អឹង​របស់​ទូលបង្គំ ក៏​កាន់​តែ​ពុក​ទៅៗ​ដែរ។ ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​ទូលបង្គំ ជា​ពិសេស​អ្នក​ជិត​ខាង នាំ​គ្នា​ត្មះ‌តិះ‌ដៀល​ទូលបង្គំ ហើយ​សូម្បី​តែ​អស់​អ្នក​ដែល​ជិត​ស្និទ្ធ​នឹង​ទូលបង្គំ ក៏​មិន​ហ៊ាន​ចូល​ជិត​ទូលបង្គំ​ដែរ បើ​គេ​ឃើញ​ទូលបង្គំ​នៅ​តាម​ផ្លូវ គេ​នាំ​គ្នា​រត់​គេច។ គ្មាន​នរណា​នឹក​នា​ពី​ទូលបង្គំ​ទៀត​ទេ ទូលបង្គំ​ប្រៀប​បី​ដូច​មនុស្ស​ស្លាប់ និង​ដូច​ជា​ឆ្នាំង​កំបែក​ដែល​គេ​បោះ​ចោល។ ទូលបង្គំ​បាន​ឮ​មនុស្ស​ជា​ច្រើន ពោល​ពាក្យ​មួល​បង្កាច់ មនុស្ស‌ម្នា​នៅ​ជុំ‌វិញ​ទូលបង្គំ បាន​ធ្វើ​ឲ្យ​ទូលបង្គំ​ភ័យ​តក់‌ស្លុត។ គេ​លើក​គ្នា​ប្រឆាំង​នឹង​ទូលបង្គំ ព្រម​ទាំង​ឃុប‌ឃិត​គ្នា បម្រុង​នឹង​ដក​ជីវិត​ទូលបង្គំ​ផង។

ទំនុកតម្កើង 31:6-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទូលបង្គំ​ស្អប់​ចំពោះ​អស់​អ្នក ដែល​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ភូត‌ភរ ឯ​ទូលបង្គំ​វិញ បាន​ពឹង​ដល់​ព្រះ‌យេហូវ៉ា ទូលបង្គំ​នឹង​មាន​ចិត្ត​អំណរ ហើយ​រីក‌រាយ ដោយ​សេចក្ដី​សប្បុរស​របស់​ទ្រង់ ដ្បិត​ទ្រង់​បាន​ឃើញ​សេចក្ដី​វេទនា​របស់​ទូលបង្គំ​ហើយ ក៏​បាន​ជ្រាប​ពី​សេចក្ដី​ថប់​ព្រួយ​ក្នុង​ព្រលឹង​ទូលបង្គំ​ដែរ ទ្រង់​មិន​បាន​ឃុំ‌ឃាំង​ទូលបង្គំ នៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​ទេ គឺ​ទ្រង់​បាន​ដាក់​ជើង​ទូលបង្គំ ឲ្យ​នៅ​ទី​ធំ​ទូលាយ​វិញ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​មេត្តា​ចំពោះ​ទូលបង្គំ ដ្បិត​ទូលបង្គំ​មាន​សេចក្ដី​ទុក្ខ​លំបាក ភ្នែក​ទូលបង្គំ​កាន់​តែ​ខ្សោយ​ទៅ ដោយ​សេចក្ដី​សោយ​សោក ព្រម​ទាំង​ចិត្ត នឹង​ខ្លួន​ប្រាណ​នៃ​ទូលបង្គំ​ផង ដ្បិត​ជីវិត​ទូលបង្គំ​នឹង​ផុត​ទៅ ដោយ​សេចក្ដី​ទុក្ខ​ព្រួយ ហើយ​អស់​ទាំង​ឆ្នាំ​នៃ​អាយុ​ទូលបង្គំ ដោយ​ដំងូរ​ផង កំឡាំង​នៃ​ទូលបង្គំ​ចេះ​តែ​ខ្សោយ​ទៅ ដោយ​ព្រោះ​សេចក្ដី​ទុច្ចរិត​នៃ​ទូលបង្គំ ហើយ​អស់​ទាំង​ឆ្អឹង​ទូលបង្គំ​ក៏​ខ្សោះ​ទៅ​ដែរ ទូលបង្គំ​បាន​ត្រឡប់​ជា​ទី​ដៀល‌ត្មះ ដោយ​ព្រោះ​ពួក​តតាំង​នឹង​ទូលបង្គំ អើ ដល់​ទាំង​ពួក​អ្នក​ជិត​ខាង​នៃ​ទូលបង្គំ​ជា​ខ្លាំង ហើយ​ជា​សេចក្ដី​គួរ​ខ្លាច​ដល់​ពួក​ដែល​ធ្លាប់​ស្គាល់ ទូលបង្គំ​ផង ពួក​អ្នក​ដែល​បាន​ឃើញ​ទូលបង្គំ​នៅ​ខាង​ក្រៅ នោះ​ក៏​រត់​ចេញ​ពី​មុខ​ទូលបង្គំ​ទៅ មនុស្ស​បាន​ភ្លេច​ទូលបង្គំ​បង់ ដូច​ជា​គេ​លែង​នឹក​ពី មនុស្ស​ណា​ដែល​ស្លាប់​បាត់​ហើយ ទូលបង្គំ​ក៏​ដូច​ជា​ឆ្នាំង​ដែល​បែក​ធ្លាយ​ដែរ ដ្បិត​ទូលបង្គំ​បាន​ឮ​ពាក្យ​បង្កាច់​របស់​មនុស្ស​ជា​ច្រើន មាន​សេចក្ដី​ស្ញែង​ខ្លាច​នៅ​គ្រប់​ជុំវិញ ហើយ​កំពុង​ដែល​គេ​ពិគ្រោះ​គ្នា​ទាស់​នឹង​ទូលបង្គំ នោះ​ក៏​បង្កើត​កិច្ច‌កល​នឹង​ដក​ជីវិត​ទូលបង្គំ​ចេញ