ទំនុកតម្កើង 31:1-24
ទំនុកតម្កើង 31:1-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះយេហូវ៉ាអើយ ទូលបង្គំពឹងជ្រកក្នុងព្រះអង្គ សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ សូមរំដោះទូលបង្គំ ដោយសេចក្ដីសុចរិតរបស់ព្រះអង្គផង! សូមផ្ទៀងព្រះកាណ៌ស្តាប់ទូលបង្គំ សូមជួយទូលបង្គំឲ្យរួចជាប្រញាប់ សូមធ្វើជាថ្មដាជ្រកកោនដល់ទូលបង្គំ ជាបន្ទាយយ៉ាងមាំ សម្រាប់សង្គ្រោះទូលបង្គំផង! ដ្បិតព្រះអង្គជាថ្មដា ហើយជាបន្ទាយរបស់ទូលបង្គំ សូមនាំ ហើយតម្រង់ផ្លូវទូលបង្គំ ដោយយល់ដល់ព្រះនាមព្រះអង្គ សូមដោះទូលបង្គំចេញពីអន្ទាក់ ដែលគេបានដាក់ ដោយលួចលាក់ដើម្បីចាប់ទូលបង្គំ ដ្បិតព្រះអង្គជាជម្រករបស់ទូលបង្គំ។ ទូលបង្គំសូមប្រគល់វិញ្ញាណទូលបង្គំ ទៅក្នុងព្រះហស្តព្រះអង្គ ឱព្រះយេហូវ៉ា ជាព្រះដ៏ស្មោះត្រង់អើយ ព្រះអង្គបានប្រោសលោះទូលបង្គំ។ ទូលបង្គំស្អប់ អស់អ្នកដែលយកចិត្តទុកដាក់ នឹងរូបព្រះដែលឥតបានការ តែទូលបង្គំទុកចិត្តដល់ព្រះយេហូវ៉ា។ ទូលបង្គំនឹងត្រេកអរ ហើយរីករាយ នឹងព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ព្រោះព្រះអង្គបានឃើញទុក្ខវេទនារបស់ទូលបង្គំ ក៏ជ្រាបពីសេចក្ដីថប់ព្រួយនៃព្រលឹងទូលបង្គំដែរ ព្រះអង្គមិនបានប្រគល់ទូលបង្គំ នៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវឡើយ ព្រះអង្គបានដាក់ជើងទូលបង្គំ នៅកន្លែងមួយធំទូលាយ។ ឱព្រះយេហូវ៉ាអើយ សូមប្រណីសន្ដោសទូលបង្គំ ដ្បិតទូលបង្គំមានទុក្ខព្រួយ ភ្នែកទូលបង្គំចុះខ្សោយដោយសោយសោក ព្រលឹង និងរូបកាយទូលបង្គំក៏ខ្សោយដែរ។ ដ្បិតជីវិតទូលបង្គំនឹងផុតទៅដោយទុក្ខព្រួយ ហើយឆ្នាំនៃអាយុទូលបង្គំ ថយទៅដោយស្រែកថ្ងូរ កម្លាំងទូលបង្គំចុះខ្សោយ ព្រោះតែអំពើបាប របស់ទូលបង្គំ ហើយឆ្អឹងទូលបង្គំក៏ខ្សោះទៅដែរ។ ដោយព្រោះខ្មាំងសត្រូវទាំងប៉ុន្មានរបស់ទូលបង្គំ ទូលបង្គំបានត្រឡប់ជាទីត្មះតិះដៀល ជាពិសេស ចំពោះអ្នកជិតខាងរបស់ទូលបង្គំ ហើយជាហេតុគួរខ្លាចដល់ពួកអ្នក ដែលស្គាល់ទូលបង្គំ អស់អ្នកដែលឃើញទូលបង្គំនៅតាមផ្លូវ គេគេចមុខពីទូលបង្គំ។ គេបានភ្លេចទូលបង្គំ ប្រៀបដូចជាមនុស្សស្លាប់ ទូលបង្គំបានត្រឡប់ដូចជាឆ្នាំងកំបែក។ ដ្បិតទូលបង្គំបានឮពាក្យមួលបង្កាច់ របស់មនុស្សជាច្រើន ការភ័យខ្លាចមកពីគ្រប់ជ្រុងទាំងអស់ គេឃុតឃិតគ្នាទាស់នឹងទូលបង្គំ គេគ្រោងនឹងដកជីវិតទូលបង្គំ។ តែ ឱព្រះយេហូវ៉ាអើយ ទូលបង្គំទុកចិត្តដល់ព្រះអង្គ ទូលបង្គំពោលថា «ព្រះអង្គជាព្រះរបស់ទូលបង្គំ»។ អាយុជីវិតរបស់ទូលបង្គំ ស្ថិតនៅក្នុងព្រះហស្តព្រះអង្គ សូមរំដោះទូលបង្គំ ចេញពីកណ្ដាប់ដៃ ខ្មាំងសត្រូវរបស់ទូលបង្គំ និងពីអស់អ្នកដែលបៀតបៀនទូលបង្គំផង! សូមឲ្យព្រះភក្ត្រព្រះអង្គ ភ្លឺមកលើអ្នកបម្រើព្រះអង្គ សូមសង្គ្រោះទូលបង្គំ ដោយព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ! ឱព្រះយេហូវ៉ាអើយ សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ ដ្បិតទូលបង្គំអំពាវនាវរកព្រះអង្គ សូមឲ្យពួកមនុស្សអាក្រក់ត្រូវខ្មាស សូមឲ្យគេដេកស្ងៀមនៅស្ថាន ឃុំព្រលឹងមនុស្សស្លាប់ទៅ! សូមឲ្យបបូរមាត់ភូតភរក្លាយទៅជាគ ជាបបូរមាត់ដែលពោលទាស់នឹងមនុស្សសុចរិត ដោយព្រហើន និងប្រមាថមើលងាយ។ ឱព្រះហឫទ័យសប្បុរស របស់ព្រះអង្គបរិបូរក្រៃលែង ព្រះអង្គបានបម្រុងទុកសម្រាប់អស់អ្នកដែល កោតខ្លាចព្រះអង្គ សម្រាប់អស់អ្នកដែលពឹងជ្រកក្នុងព្រះអង្គ នៅចំពោះមុខពួកកូនមនុស្ស។ ព្រះអង្គលាក់គេក្នុងទីកំបាំង នៃព្រះវត្តមានព្រះអង្គ ឲ្យរួចពីឧបាយរបស់មនុស្ស ព្រះអង្គថែរក្សាគេនៅក្នុងព្រះពន្លារបស់ព្រះអង្គ ឲ្យរួចពីអណ្ដាតមួលបង្កាច់។ សូមលើកតម្កើងព្រះយេហូវ៉ា ដ្បិតព្រះអង្គបានសម្ដែងព្រះហឫទ័យសប្បុរស ដ៏អស្ចារ្យរបស់ព្រះអង្គ ដល់ទូលបង្គំ នៅក្នុងទីក្រុង ដែលសត្រូវឡោមព័ទ្ធ។ ទូលបង្គំបានពោលទាំងភ័យស្លន់ថា «ទូលបង្គំត្រូវកាត់ចេញពីព្រះនេត្រ របស់ព្រះអង្គហើយ»។ ប៉ុន្តែ ពេលទូលបង្គំស្រែករកព្រះអង្គជួយ ព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វរ របស់ទូលបង្គំ។ ឱអស់អ្នកដែលជាពួកបរិសុទ្ធ របស់ព្រះអង្គអើយ ចូរស្រឡាញ់ព្រះយេហូវ៉ា ព្រះយេហូវ៉ាការពារមនុស្សស្មោះត្រង់ តែព្រះអង្គសងដល់មនុស្សព្រហើនជាបរិបូរ។ ឱអស់អ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ាអើយ ចូរមានកម្លាំង ហើយឲ្យចិត្តអ្នករាល់គ្នា ក្លាហានឡើង!
ទំនុកតម្កើង 31:1-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់អើយ ទូលបង្គំសូមជ្រកកោនជាមួយព្រះអង្គ សូមកុំឲ្យទូលបង្គំត្រូវខកចិត្តឡើយ! ឱព្រះដ៏សុចរិតអើយ សូមរំដោះទូលបង្គំ!។ សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំ សូមមករំដោះទូលបង្គំជាប្រញាប់! សូមធ្វើជាថ្មដា និងជាកំពែងការពារទូលបង្គំ ហើយសង្គ្រោះទូលបង្គំផង!។ ដ្បិតព្រះអង្គជាសិលា និងជាកំពែងការពារទូលបង្គំ សូមដឹកដៃនាំផ្លូវទូលបង្គំ ដោយយល់ដល់ព្រះនាមព្រះអង្គ។ សូមប្រោសឲ្យទូលបង្គំបានរួចពីអន្ទាក់ ដែលពួកគេដាក់ចាំចាប់ទូលបង្គំ ដ្បិតព្រះអង្គការពារទូលបង្គំ។ ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំ ទៅក្នុងព្រះហស្ដព្រះអង្គ។ ឱព្រះអម្ចាស់ ជាព្រះដ៏ស្មោះត្រង់អើយ! ព្រះអង្គបានជួយដោះលែងទូលបង្គំ។ ទូលបង្គំសូមផ្ញើជីវិតលើព្រះអម្ចាស់ហើយ ទូលបង្គំមិនពេញចិត្តនឹងអស់អ្នក ដែលគោរពបម្រើព្រះក្លែងក្លាយទេ។ ទូលបង្គំត្រេកអរសប្បាយជាខ្លាំង ដោយព្រះអង្គមានព្រះហឫទ័យសប្បុរស ចំពោះទូលបង្គំ ព្រះអង្គទតឃើញទុក្ខវេទនារបស់ទូលបង្គំ ព្រះអង្គជ្រាបថាទូលបង្គំមានកង្វល់។ ព្រះអង្គមិនបណ្តោយឲ្យទូលបង្គំ ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវឡើយ តែព្រះអង្គប្រទានឲ្យទូលបង្គំ មានសេរីភាពងើបឡើងវិញបាន។ ឱព្រះអម្ចាស់អើយ សូមប្រណីសន្ដោសទូលបង្គំផង ដ្បិតទូលបង្គំកំពុងតែមានអាសន្ន! ទូលបង្គំយំខ្សោះទឹកភ្នែក ព្រលឹង និងរូបកាយទូលបង្គំកាន់តែសោកសង្រេង។ ជីវិតទូលបង្គំកាន់តែអន់ថយទៅ ដោយកើតទុក្ខ ទូលបង្គំស្រែកថ្ងូរអស់មួយជីវិត កម្លាំងទូលបង្គំកាន់តែទ្រុឌទ្រោម ព្រោះតែកំហុសរបស់ទូលបង្គំ ហើយសូម្បីតែឆ្អឹងរបស់ទូលបង្គំ ក៏កាន់តែពុកទៅៗដែរ។ ខ្មាំងសត្រូវទាំងប៉ុន្មានរបស់ទូលបង្គំ ជាពិសេសអ្នកជិតខាង នាំគ្នាត្មះតិះដៀលទូលបង្គំ ហើយសូម្បីតែអស់អ្នកដែលជិតស្និទ្ធនឹងទូលបង្គំ ក៏មិនហ៊ានចូលជិតទូលបង្គំដែរ បើគេឃើញទូលបង្គំនៅតាមផ្លូវ គេនាំគ្នារត់គេច។ គ្មាននរណានឹកនាពីទូលបង្គំទៀតទេ ទូលបង្គំប្រៀបបីដូចមនុស្សស្លាប់ និងដូចជាឆ្នាំងកំបែកដែលគេបោះចោល។ ទូលបង្គំបានឮមនុស្សជាច្រើន ពោលពាក្យមួលបង្កាច់ មនុស្សម្នានៅជុំវិញទូលបង្គំ បានធ្វើឲ្យទូលបង្គំភ័យតក់ស្លុត។ គេលើកគ្នាប្រឆាំងនឹងទូលបង្គំ ព្រមទាំងឃុបឃិតគ្នា បម្រុងនឹងដកជីវិតទូលបង្គំផង។ ឱព្រះអម្ចាស់អើយ ទូលបង្គំសូមផ្ញើជីវិតលើព្រះអង្គ! ទូលបង្គំពោលថាព្រះអង្គពិតជាព្រះ របស់ទូលបង្គំ។ អាយុជីវិតរបស់ទូលបង្គំ ស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះអង្គ សូមរំដោះទូលបង្គំចេញពីកណ្ដាប់ដៃរបស់ ខ្មាំងសត្រូវ និងអស់អ្នកដែលបៀតបៀនទូលបង្គំ! សូមបែរព្រះភ័ក្ត្រទតមកអ្នកបម្រើរបស់ព្រះអង្គ សូមសង្គ្រោះទូលបង្គំ ដោយព្រះហឫទ័យ ដ៏ស្មោះត្រង់របស់ព្រះអង្គ! ឱព្រះអម្ចាស់អើយ ទូលបង្គំអង្វររកព្រះអង្គ! សូមកុំឲ្យទូលបង្គំត្រូវអាម៉ាស់ឡើយ តែឲ្យពួកមនុស្សពាលត្រូវអាម៉ាស់មុខវិញ គឺឲ្យពួកគេបិទមាត់ ធ្លាក់ទៅស្ថានមនុស្សស្លាប់ទៅ!។ សូមឲ្យមនុស្សដែលតែងតែ និយាយកុហក ក្លាយទៅជា គ គឺពួកដែលនិយាយយ៉ាងព្រហើន ប្រឆាំងនឹងមនុស្សសុចរិត ដោយអួតបំប៉ោង និងប្រមាថមាក់ងាយ!។ ឱព្រះអម្ចាស់អើយ! ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ល្អវិសេសវិសាលណាស់! ព្រះអង្គបម្រុងទុក សម្រាប់អស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ មនុស្សគ្រប់ៗគ្នាដឹងថា ព្រះអង្គប្រោសប្រណីអស់ អ្នកដែលមកជ្រកកោនជាមួយព្រះអង្គ។ ព្រះអង្គលាក់គេនៅក្បែរព្រះអង្គ ឲ្យរួចផុតពីឧបាយកលរបស់មនុស្ស គឺឲ្យគេជ្រកនៅក្នុងព្រះពន្លា ឆ្ងាយពីពាក្យមួលបង្កាច់របស់សត្រូវ។ សូមលើកតម្កើងព្រះអម្ចាស់! ដ្បិតពេលមានសត្រូវឡោមព័ទ្ធទូលបង្គំ ព្រះអង្គបានសម្តែងព្រះហឫទ័យស្មោះត្រង់ យ៉ាងអស្ចារ្យចំពោះទូលបង្គំ។ ពេលទូលបង្គំខ្វល់ខ្វាយ ទូលបង្គំស្មានថា ព្រះអង្គបានបណ្តេញទូលបង្គំ ចេញឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គហើយ ប៉ុន្តែ ពេលទូលបង្គំស្រែករកព្រះអង្គ ទ្រង់ព្រះសណ្ដាប់ពាក្យអង្វររបស់ទូលបង្គំ។ អ្នករាល់គ្នាដែលគោរពបម្រើព្រះអម្ចាស់អើយ ចូរស្រឡាញ់ព្រះអង្គ! ព្រះអម្ចាស់ថែរក្សាអ្នកជឿ តែព្រះអង្គធ្វើទោសយ៉ាងតឹងរ៉ឹង ដល់មនុស្សព្រហើន។ អស់អ្នកដែលសង្ឃឹមទុកចិត្តលើព្រះអម្ចាស់អើយ ចូរមានកម្លាំង និងចិត្តក្លាហានឡើង!។
ទំនុកតម្កើង 31:1-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះយេហូវ៉ាអើយ ទូលបង្គំពឹងជ្រកក្នុងទ្រង់ សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ សូមជួយទូលបង្គំឲ្យរួច ដោយសេចក្ដីសុចរិតរបស់ទ្រង់ សូមផ្ទៀងព្រះកាណ៌មកស្តាប់ទូលបង្គំ ហើយជួយឲ្យទូលបង្គំរួចជាប្រញាប់ សូមទ្រង់ធ្វើជាថ្មដាមាំមួនដល់ទូលបង្គំ គឺជាបន្ទាយសំរាប់ជួយសង្គ្រោះទូលបង្គំផង ដ្បិតទ្រង់ជាថ្មដា ហើយជាបន្ទាយនៃទូលបង្គំពិត ហេតុនោះ សូមទ្រង់នាំ ហើយដំរង់ទូលបង្គំ ដោយយល់ដល់ព្រះនាមទ្រង់ សូមទ្រង់ដោះទូលបង្គំចេញពីអន្ទាក់ ដែលគេបានដាក់ ដោយលួចលាក់ ដើម្បីនឹងចាប់ទូលបង្គំ ដ្បិតទ្រង់ជាទីពឹងរបស់ទូលបង្គំហើយ ទូលបង្គំប្រគល់ព្រលឹងវិញ្ញាណនៅក្នុងព្រះហស្តទ្រង់ ឱព្រះយេហូវ៉ា ជាព្រះនៃសេចក្ដីពិតអើយ ទ្រង់បានលោះទូលបង្គំទុក ទូលបង្គំស្អប់ចំពោះអស់អ្នក ដែលយកចិត្តទុកដាក់នឹងសេចក្ដីភូតភរ ឯទូលបង្គំវិញ បានពឹងដល់ព្រះយេហូវ៉ា ទូលបង្គំនឹងមានចិត្តអំណរ ហើយរីករាយ ដោយសេចក្ដីសប្បុរសរបស់ទ្រង់ ដ្បិតទ្រង់បានឃើញសេចក្ដីវេទនារបស់ទូលបង្គំហើយ ក៏បានជ្រាបពីសេចក្ដីថប់ព្រួយក្នុងព្រលឹងទូលបង្គំដែរ ទ្រង់មិនបានឃុំឃាំងទូលបង្គំ នៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវទេ គឺទ្រង់បានដាក់ជើងទូលបង្គំ ឲ្យនៅទីធំទូលាយវិញ ឱព្រះយេហូវ៉ាអើយ សូមប្រោសមេត្តាចំពោះទូលបង្គំ ដ្បិតទូលបង្គំមានសេចក្ដីទុក្ខលំបាក ភ្នែកទូលបង្គំកាន់តែខ្សោយទៅ ដោយសេចក្ដីសោយសោក ព្រមទាំងចិត្ត នឹងខ្លួនប្រាណនៃទូលបង្គំផង ដ្បិតជីវិតទូលបង្គំនឹងផុតទៅ ដោយសេចក្ដីទុក្ខព្រួយ ហើយអស់ទាំងឆ្នាំនៃអាយុទូលបង្គំ ដោយដំងូរផង កំឡាំងនៃទូលបង្គំចេះតែខ្សោយទៅ ដោយព្រោះសេចក្ដីទុច្ចរិតនៃទូលបង្គំ ហើយអស់ទាំងឆ្អឹងទូលបង្គំក៏ខ្សោះទៅដែរ ទូលបង្គំបានត្រឡប់ជាទីដៀលត្មះ ដោយព្រោះពួកតតាំងនឹងទូលបង្គំ អើ ដល់ទាំងពួកអ្នកជិតខាងនៃទូលបង្គំជាខ្លាំង ហើយជាសេចក្ដីគួរខ្លាចដល់ពួកដែលធ្លាប់ស្គាល់ ទូលបង្គំផង ពួកអ្នកដែលបានឃើញទូលបង្គំនៅខាងក្រៅ នោះក៏រត់ចេញពីមុខទូលបង្គំទៅ មនុស្សបានភ្លេចទូលបង្គំបង់ ដូចជាគេលែងនឹកពី មនុស្សណាដែលស្លាប់បាត់ហើយ ទូលបង្គំក៏ដូចជាឆ្នាំងដែលបែកធ្លាយដែរ ដ្បិតទូលបង្គំបានឮពាក្យបង្កាច់របស់មនុស្សជាច្រើន មានសេចក្ដីស្ញែងខ្លាចនៅគ្រប់ជុំវិញ ហើយកំពុងដែលគេពិគ្រោះគ្នាទាស់នឹងទូលបង្គំ នោះក៏បង្កើតកិច្ចកលនឹងដកជីវិតទូលបង្គំចេញ តែ ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានទុកចិត្តដល់ទ្រង់ ទូលបង្គំបានថា ទ្រង់ជាព្រះនៃទូលបង្គំ ឯថ្ងៃអាយុរបស់ទូលបង្គំ សុទ្ធតែនៅក្នុងព្រះហស្តទ្រង់ សូមជួយទូលបង្គំ ឲ្យរួចពីកណ្តាប់ដៃនៃពួកសត្រូវ របស់ទូលបង្គំ ហើយពីអស់អ្នកដែលបៀតបៀនដល់ទូលបង្គំដែរ សូមឲ្យព្រះភក្ត្រទ្រង់ភ្លឺមកលើអ្នកបំរើទ្រង់ សូមជួយសង្គ្រោះទូលបង្គំ ដោយសេចក្ដីសប្បុរសនៃទ្រង់ ឱព្រះយេហូវ៉ាអើយ សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ ដ្បិតទូលបង្គំបានអំពាវនាវដល់ទ្រង់ សូមឲ្យពួកមនុស្សអាក្រក់មានសេចក្ដីខ្មាសវិញ សូមឲ្យគេស្ងៀមនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ សូមឲ្យបបូរមាត់កំភូតបានទៅជាគ គឺបបូរមាត់ដែលពោលទាស់នឹងមនុស្សសុចរិត ដោយឆ្មើងឆ្មៃ ចិត្តធំ នឹងសេចក្ដីមើលងាយ ឱសេចក្ដីសប្បុរសនៃទ្រង់ជាធំអម្បាលណាទៅ ដែលទ្រង់បានត្រៀមទុកសំរាប់អស់អ្នកដែល កោតខ្លាចដល់ទ្រង់ ជាសេចក្ដីដែលទ្រង់បានបង្កើតនៅមុខមនុស្សលោក សំរាប់អស់អ្នកដែលពឹងជ្រកក្នុងទ្រង់ ទ្រង់នឹងលាក់គេទុកនៅទីកំបាំងចំពោះទ្រង់ ឲ្យបានរួចពីឧបាយរបស់មនុស្ស ទ្រង់នឹងថែរក្សាគេ ដោយសំងាត់ នៅក្នុងពន្លាទ្រង់ ឲ្យរួចពីសេចក្ដីទាស់ទែងនៃអណ្តាតទាំងឡាយ សូមលើកសរសើរដល់ព្រះយេហូវ៉ា ដ្បិតទ្រង់បានសំដែងសេចក្ដីសប្បុរសដ៏អស្ចារ្យរបស់ទ្រង់ ដល់ទូលបង្គំនៅក្នុងទីក្រុងមាំមួន ឯទូលបង្គំ បាននិយាយដោយប្រញាប់ពេកថា ទូលបង្គំត្រូវកាត់ចេញពីចំពោះព្រះនេត្រទ្រង់ហើយ ប៉ុន្តែទ្រង់បានឮសំឡេងដែលទូលបង្គំទូលអង្វរ ក្នុងកាលដែលអំពាវនាវដល់ទ្រង់ ឱអស់អ្នកបរិសុទ្ធរបស់ទ្រង់អើយ ចូរស្រឡាញ់ដល់ព្រះយេហូវ៉ាចុះ ព្រះយេហូវ៉ាទ្រង់ការពារមនុស្សស្មោះត្រង់ ហើយក៏សងដល់មនុស្សឆ្មើងឆ្មៃជាបរិបូរ ឱអស់អ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ាអើយ ចូរមានកំឡាំងឡើង ហើយឲ្យចិត្តអ្នករាល់គ្នា បានក្លាហានចុះ។