ទំនុកតម្កើង 30:8-12

ទំនុកតម្កើង 30:8-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​បាន​ស្រែករក​ព្រះ‌អង្គ គឺ​ទូល‌បង្គំ​បាន​ទូល‌អង្វរ​ព្រះ‌យេហូវ៉ា​ថា «តើ​មាន​ប្រយោជន៍​អ្វី បើ​ទូល‌បង្គំ​ស្លាប់ ហើយ​ចុះ​ទៅ​ក្នុង​រណ្តៅ​នោះ? តើ​ធូលី​អាច​សរសើរ​ព្រះ‌អង្គ​កើត​ឬ? តើ​គេ​អាច​ថ្លែង​រៀប​រាប់​ពី​ព្រះ‌ហឫ‌ទ័យ ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ​កើត​ឬ? ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់ ហើយ​ប្រណី​សន្ដោស​ទូល‌បង្គំ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ធ្វើ​ជា​អ្នក​ជំនួយ​ដល់​ទូល‌បង្គំ​ផង!» ព្រះ‌អង្គ​បាន​ផ្លាស់​ការ​យំ​សោក​របស់​ទូល‌បង្គំ ឲ្យ​ទៅ​ជា​ការ​លោត​កញ្ឆេង ព្រះ‌អង្គ​បានយក​សម្លៀក​បំពាក់​កាន់​ទុក្ខ​ចេញ ហើយ​បំពាក់​ឲ្យ​ទូល‌បង្គំ​ដោយចិត្ត​ត្រេក​អរ​វិញ ដើម្បី​ឲ្យ​ព្រលឹង ទូល‌បង្គំ បាន​ច្រៀង​សរសើរតម្កើង​ព្រះ‌អង្គ ឥត​នៅ​ស្ងៀម​ឡើយ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណព្រះ‌អង្គ​ជា​រៀង​រហូត។

ទំនុកតម្កើង 30:8-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ‌អម្ចាស់​អើយ! ទូលបង្គំ​ស្រែក​អង្វរ​ព្រះអង្គ ទូលបង្គំ​ទទូច​អង្វរ​ព្រះ‌អម្ចាស់។ បើ​ព្រះអង្គ​ទុក​ឲ្យ​ទូលបង្គំ​ស្លាប់ តើ​បាន​ប្រយោជន៍​អ្វី? បើ​ព្រះអង្គ​ឲ្យ​ទូលបង្គំ​ធ្លាក់​ទៅ ក្នុង​រណ្ដៅ​មច្ចុរាជ តើ​បាន​ប្រយោជន៍​អ្វី? តើ​មនុស្ស​ស្លាប់​អាច​សរសើរ​ព្រះអង្គ​កើត​ឬ? តើ​គេ​អាច​ថ្លែង​ពី​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់ របស់​ព្រះអង្គ​កើត​ឬ? ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រោស​មេត្តា​ស្ដាប់​ពាក្យ​ទូលបង្គំ! ឱ​ព្រះ‌អម្ចាស់​អើយ សូម​យាង​មក​សង្គ្រោះ​ទូលបង្គំ​ផង!។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ការ​សោក​សង្រេង របស់​ទូលបង្គំ​ប្រែ​ទៅ​ជា​អំណរ​សប្បាយ ព្រះអង្គ​បាន​យក​សម្លៀក‌បំពាក់​កាន់​ទុក្ខ​ចេញ ហើយ​ប្រទាន​សម្លៀក‌បំពាក់ សម្រាប់​ពិធី​បុណ្យ​ឲ្យ​ទូលបង្គំ​វិញ។ ដូច្នេះ ទូលបង្គំ​នៅ​ស្ងៀម​មិន​បាន​ឡើយ ទូលបង្គំ​ស្មូត្រ​ទំនុកតម្កើង ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​សរសើរ​តម្កើង​ព្រះអង្គ​រហូត​ត​ទៅ។

ទំនុកតម្កើង 30:8-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តែ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់ គឺ​ទូលបង្គំ​បាន​ទូល‌អង្វរ​ដល់​ព្រះ‌យេហូវ៉ា​ថា តើ​មាន​ប្រយោជន៍​អ្វី ដែល​ទ្រង់​កំចាយ​ឈាម​ទូលបង្គំ ហើយ​ឲ្យ​ទូលបង្គំ​ចុះ​ទៅ​ក្នុង​រណ្តៅ​នោះ តើ​ធូលី​នឹង​សរសើរ​ដល់​ទ្រង់​ដែរ​ឬ តើ​នឹង​និទាន​ពី​សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់​ឬ​ទេ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ស្តាប់ ហើយ​ប្រោស​មេត្តា​ដល់​ទូលបង្គំ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ធ្វើ​ជា​អ្នក​ជំនួយ ដល់​ទូលបង្គំ​ផង នោះ​ទ្រង់​បាន​ផ្លាស់​ការ​យំ​សោក​របស់​ទូលបង្គំ ឲ្យ​ទៅ​ជា​សេចក្ដី​ត្រេក‌អរ​ទៅ​វិញ ទ្រង់​បាន​ផ្លាស់​សំពត់​សំរាប់​កាន់​ទុក្ខ​ចេញ ឲ្យ​ទូលបង្គំ​បាន​ស្លៀក‌ពាក់​សេចក្ដី​អំណរ​ឡើង ដើម្បី​ឲ្យ​ចិត្ត​ទូលបង្គំ​បាន​ច្រៀង​សរសើរ​ដល់​ទ្រង់ ឥត​នៅ​ស្ងៀម​ឡើយ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់​ជា​ដរាប​ទៅ។