ទំនុកតម្កើង 30:2-5
ទំនុកតម្កើង 30:2-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ទូលបង្គំបានស្រែករកព្រះអង្គ ហើយព្រះអង្គប្រោសឲ្យទូលបង្គំបានជា។ ឱព្រះយេហូវ៉ាអើយ ព្រះអង្គបានស្រង់ព្រលឹងទូលបង្គំ ចេញពីស្ថានឃុំព្រលឹងមនុស្សស្លាប់ ព្រះអង្គបានប្រោសឲ្យទូលបង្គំរស់ឡើងវិញ ចេញពីចំណោមអស់អ្នក ដែលធ្លាក់ចុះទៅក្នុងរណ្តៅ។ ឱពួកបរិសុទ្ធរបស់ព្រះអង្គអើយ ចូរច្រៀងសរសើរព្រះយេហូវ៉ា ចូរអរព្រះគុណដល់ព្រះនាមបរិសុទ្ធ របស់ព្រះអង្គ។ ដ្បិតសេចក្ដីក្រោធរបស់ព្រះអង្គ នៅតែមួយភ្លែតទេ តែព្រះគុណរបស់ព្រះអង្គវិញ នៅអស់មួយជីវិត។ ទឹកភ្នែកអាចនៅជាប់អស់មួយយប់បាន តែព្រឹកឡើងនឹងមានអំណរឡើងវិញ។
ទំនុកតម្កើង 30:2-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ! ទូលបង្គំបានស្រែកអង្វរព្រះអង្គ ហើយព្រះអង្គប្រោសទូលបង្គំឲ្យបានជា។ ឱព្រះអម្ចាស់អើយ ព្រះអង្គបានស្រង់ព្រលឹងទូលបង្គំ ចេញពីចំណោមមនុស្សស្លាប់ ទូលបង្គំបានធ្លាក់ទៅក្នុងរណ្ដៅមច្ចុរាជ តែព្រះអង្គប្រោសទូលបង្គំឲ្យរស់ឡើងវិញ។ អ្នករាល់គ្នាដែលជាប្រជារាស្ត្រ របស់ព្រះអង្គអើយ ចូរស្មូត្រទំនុកតម្កើង ព្រះអម្ចាស់! ចូរលើកតម្កើងព្រះនាមដ៏វិសុទ្ធ*របស់ព្រះអង្គ! ដ្បិតព្រះអង្គទ្រង់ព្រះពិរោធតែមួយស្របក់ តែព្រះអង្គប្រណីសន្ដោសយើងអស់មួយជីវិត។ ពេលយប់ យើងបង្ហូរទឹកភ្នែក តែព្រលឹមឡើង យើងនឹងអរសប្បាយវិញ។
ទំនុកតម្កើង 30:2-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ទូលបង្គំបានអំពាវនាវដល់ទ្រង់ ហើយទ្រង់ប្រោសឲ្យទូលបង្គំបានជា ឱព្រះយេហូវ៉ាអើយ ទ្រង់បាននាំព្រលឹងទូលបង្គំឡើង រួចពីស្ថានឃុំព្រលឹងមនុស្សស្លាប់ ទ្រង់បានប្រោសឲ្យទូលបង្គំរស់នៅ ដើម្បីកុំឲ្យទូលបង្គំចុះទៅក្នុងរណ្តៅឡើយ ឱពួកអ្នកបរិសុទ្ធរបស់ទ្រង់អើយ ចូរច្រៀងសរសើរដល់ព្រះយេហូវ៉ាចុះ ចូរអរព្រះគុណ ដោយនឹកចាំពីសេចក្ដីបរិសុទ្ធនៃទ្រង់ ដ្បិតសេចក្ដីខ្ញាល់របស់ទ្រង់នៅតែ១ភ្លែតទេ តែព្រះគុណនៃទ្រង់ នោះនៅអស់១ជីវិតវិញ ទឹកភ្នែកនឹងមាននៅជាប់អស់មួយយប់ក៏បាន តែព្រឹកឡើង គង់នឹងមានសេចក្ដីអំណរឡើងដែរ