ទំនុកតម្កើង 30:1-7
ទំនុកតម្កើង 30:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះយេហូវ៉ាអើយ ទូលបង្គំលើកតម្កើងព្រះអង្គ ដ្បិតព្រះអង្គបានលើកទូលបង្គំឡើង ហើយពុំបានទុកឲ្យខ្មាំងសត្រូវមានអំណរ ដោយឈ្នះទូលបង្គំឡើយ។ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ទូលបង្គំបានស្រែករកព្រះអង្គ ហើយព្រះអង្គប្រោសឲ្យទូលបង្គំបានជា។ ឱព្រះយេហូវ៉ាអើយ ព្រះអង្គបានស្រង់ព្រលឹងទូលបង្គំ ចេញពីស្ថានឃុំព្រលឹងមនុស្សស្លាប់ ព្រះអង្គបានប្រោសឲ្យទូលបង្គំរស់ឡើងវិញ ចេញពីចំណោមអស់អ្នក ដែលធ្លាក់ចុះទៅក្នុងរណ្តៅ។ ឱពួកបរិសុទ្ធរបស់ព្រះអង្គអើយ ចូរច្រៀងសរសើរព្រះយេហូវ៉ា ចូរអរព្រះគុណដល់ព្រះនាមបរិសុទ្ធ របស់ព្រះអង្គ។ ដ្បិតសេចក្ដីក្រោធរបស់ព្រះអង្គ នៅតែមួយភ្លែតទេ តែព្រះគុណរបស់ព្រះអង្គវិញ នៅអស់មួយជីវិត។ ទឹកភ្នែកអាចនៅជាប់អស់មួយយប់បាន តែព្រឹកឡើងនឹងមានអំណរឡើងវិញ។ រីឯទូលបង្គំ ទូលបង្គំបានពោល ក្នុងគ្រាចម្រុងចម្រើន របស់ទូលបង្គំថា «ទូលបង្គំនឹងមិនត្រូវរង្គើឡើយ»។ ឱព្រះយេហូវ៉ាអើយ ព្រះអង្គបានធ្វើឲ្យភ្នំរបស់ទូលបង្គំ ឈរយ៉ាងរឹងមាំ ដោយព្រះគុណព្រះអង្គ កាលព្រះអង្គបានលាក់ព្រះភក្ត្រទៅ នោះទូលបង្គំមានចិត្តតក់ស្លុតជាខ្លាំង។
ទំនុកតម្កើង 30:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់អើយ! ទូលបង្គំសូមលើកតម្កើងព្រះអង្គ ព្រោះព្រះអង្គបានជួយស្រោចស្រង់ទូលបង្គំ ព្រះអង្គពុំបានទុកឲ្យខ្មាំងសត្រូវ យករឿងទូលបង្គំទៅលេងសើចឡើយ។ ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ! ទូលបង្គំបានស្រែកអង្វរព្រះអង្គ ហើយព្រះអង្គប្រោសទូលបង្គំឲ្យបានជា។ ឱព្រះអម្ចាស់អើយ ព្រះអង្គបានស្រង់ព្រលឹងទូលបង្គំ ចេញពីចំណោមមនុស្សស្លាប់ ទូលបង្គំបានធ្លាក់ទៅក្នុងរណ្ដៅមច្ចុរាជ តែព្រះអង្គប្រោសទូលបង្គំឲ្យរស់ឡើងវិញ។ អ្នករាល់គ្នាដែលជាប្រជារាស្ត្រ របស់ព្រះអង្គអើយ ចូរស្មូត្រទំនុកតម្កើង ព្រះអម្ចាស់! ចូរលើកតម្កើងព្រះនាមដ៏វិសុទ្ធ*របស់ព្រះអង្គ! ដ្បិតព្រះអង្គទ្រង់ព្រះពិរោធតែមួយស្របក់ តែព្រះអង្គប្រណីសន្ដោសយើងអស់មួយជីវិត។ ពេលយប់ យើងបង្ហូរទឹកភ្នែក តែព្រលឹមឡើង យើងនឹងអរសប្បាយវិញ។ នៅពេលទូលបង្គំបានសុខសាន្ត ទូលបង្គំពោលថា ទូលបង្គំនឹងមិនត្រូវរលំឡើយ!។ ឱព្រះអម្ចាស់អើយ! ព្រះអង្គបានប្រោសឲ្យទូលបង្គំរឹងប៉ឹងដូចភ្នំ តែប្រសិនបើព្រះអង្គមិនគង់ជាមួយទូលបង្គំទេនោះ ទូលបង្គំនឹងភ័យខ្លាចក្រៃលែង។
ទំនុកតម្កើង 30:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះយេហូវ៉ាអើយ ទូលបង្គំសរសើរទ្រង់ ដ្បិតទ្រង់បានលើកទូលបង្គំឡើងវិញ មិនបានបើកឲ្យពួកខ្មាំងសត្រូវមានសេចក្ដីអំណរ ដោយឈ្នះទូលបង្គំឡើយ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ទូលបង្គំបានអំពាវនាវដល់ទ្រង់ ហើយទ្រង់ប្រោសឲ្យទូលបង្គំបានជា ឱព្រះយេហូវ៉ាអើយ ទ្រង់បាននាំព្រលឹងទូលបង្គំឡើង រួចពីស្ថានឃុំព្រលឹងមនុស្សស្លាប់ ទ្រង់បានប្រោសឲ្យទូលបង្គំរស់នៅ ដើម្បីកុំឲ្យទូលបង្គំចុះទៅក្នុងរណ្តៅឡើយ ឱពួកអ្នកបរិសុទ្ធរបស់ទ្រង់អើយ ចូរច្រៀងសរសើរដល់ព្រះយេហូវ៉ាចុះ ចូរអរព្រះគុណ ដោយនឹកចាំពីសេចក្ដីបរិសុទ្ធនៃទ្រង់ ដ្បិតសេចក្ដីខ្ញាល់របស់ទ្រង់នៅតែ១ភ្លែតទេ តែព្រះគុណនៃទ្រង់ នោះនៅអស់១ជីវិតវិញ ទឹកភ្នែកនឹងមាននៅជាប់អស់មួយយប់ក៏បាន តែព្រឹកឡើង គង់នឹងមានសេចក្ដីអំណរឡើងដែរ ចំណែកខាងទូលបង្គំៗបានពោលក្នុងគ្រានៃសេចក្ដី ចំរើនរបស់ទូលបង្គំថា ទូលបង្គំមិនត្រូវរង្គើឡើយ ដ្បិត ឱព្រះយេហូវ៉ាអើយ ទ្រង់បានតាំងភ្នំនៃទូលបង្គំឡើងឲ្យមាំមួន ដោយព្រះគុណទ្រង់ កាលទ្រង់បានលាក់ព្រះភក្ត្រទៅ នោះទូលបង្គំមានសេចក្ដីតក់ស្លុត