ទំនុកតម្កើង 30:1-6

ទំនុកតម្កើង 30:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​លើក​តម្កើង​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​លើក​ទូល‌បង្គំ​ឡើង ហើយពុំ​បាន​ទុក​ឲ្យ​ខ្មាំង​សត្រូវ​មាន​អំណរ ដោយ​ឈ្នះ​ទូល‌បង្គំ​ឡើយ។ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​បាន​ស្រែក​រក​ព្រះ‌អង្គ ហើយព្រះ‌អង្គ​ប្រោស​ឲ្យ​ទូល‌បង្គំ​បាន​ជា។ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បានស្រង់​ព្រលឹង​ទូល‌បង្គំ ចេញ​ពី​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ព្រះ‌អង្គ​បាន​ប្រោស​ឲ្យ​ទូល‌បង្គំ​រស់​ឡើង​វិញ ចេញ​ពី​ចំណោម​អស់​អ្នក ដែល​ធ្លាក់​ចុះ​ទៅ​ក្នុង​រណ្តៅ។ ឱ​ពួក​បរិសុទ្ធ​របស់​ព្រះ‌អង្គ​អើយ ចូរ​ច្រៀង​សរសើរ​ព្រះ‌យេហូវ៉ា ចូរ​អរ​ព្រះ‌គុណដល់​ព្រះ‌នាម​បរិសុទ្ធ របស់​ព្រះ‌អង្គ។ ដ្បិត​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ នៅ​តែ​មួយ​ភ្លែត​ទេ តែ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ​វិញ នៅ​អស់​មួយ​ជីវិត។ ទឹក​ភ្នែក​អាច​នៅ​ជាប់​អស់​មួយ​យប់​បាន តែ​ព្រឹក​ឡើង​នឹង​មាន​អំណរ​ឡើង​វិញ។ រីឯ​ទូល‌បង្គំ ទូល‌បង្គំ​បាន​ពោល ក្នុង​គ្រា​ចម្រុង​ចម្រើន របស់​ទូល‌បង្គំ​ថា «ទូល‌បង្គំ​នឹង​មិន​ត្រូវ​រង្គើ​ឡើយ»។

ទំនុកតម្កើង 30:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ‌អម្ចាស់​អើយ! ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ ព្រោះ​ព្រះអង្គ​បាន​ជួយ​ស្រោច​ស្រង់​ទូលបង្គំ ព្រះអង្គ​ពុំ​បាន​ទុក​ឲ្យ​ខ្មាំង​សត្រូវ យក​រឿង​ទូលបង្គំ​ទៅ​លេង​សើច​ឡើយ។ ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ! ទូលបង្គំ​បាន​ស្រែក​អង្វរ​ព្រះអង្គ ហើយ​ព្រះអង្គ​ប្រោស​ទូលបង្គំ​ឲ្យ​បាន​ជា។ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​បាន​ស្រង់​ព្រលឹង​ទូលបង្គំ ចេញ​ពី​ចំណោម​មនុស្ស​ស្លាប់ ទូលបង្គំ​បាន​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​មច្ចុរាជ តែ​ព្រះអង្គ​ប្រោស​ទូលបង្គំ​ឲ្យ​រស់​ឡើង​វិញ។ អ្នក​រាល់​គ្នា​ដែល​ជា​ប្រជា‌រាស្ត្រ របស់​ព្រះអង្គ​អើយ ចូរ​ស្មូត្រ​ទំនុកតម្កើង ព្រះ‌អម្ចាស់! ចូរ​លើក​តម្កើង​ព្រះ‌នាម​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ! ដ្បិត​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​តែ​មួយ​ស្របក់ តែ​ព្រះអង្គ​ប្រណី​សន្ដោស​យើង​អស់​មួយ​ជីវិត។ ពេល​យប់ យើង​បង្ហូរ​ទឹក​ភ្នែក តែ​ព្រលឹម​ឡើង យើង​នឹង​អរ​សប្បាយ​វិញ។ នៅ​ពេល​ទូលបង្គំ​បាន​សុខ‌សាន្ត ទូលបង្គំ​ពោល​ថា ទូលបង្គំ​នឹង​មិន​ត្រូវ​រលំ​ឡើយ!។

ទំនុកតម្កើង 30:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​សរសើរ​ទ្រង់ ដ្បិត​ទ្រង់​បាន​លើក​ទូលបង្គំ​ឡើង​វិញ មិន​បាន​បើក​ឲ្យ​ពួក​ខ្មាំង​សត្រូវ​មាន​សេចក្ដី​អំណរ ដោយ​ឈ្នះ​ទូលបង្គំ​ឡើយ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់ ហើយ​ទ្រង់​ប្រោស​ឲ្យ​ទូលបង្គំ​បាន​ជា ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​នាំ​ព្រលឹង​ទូលបង្គំ​ឡើង រួច​ពី​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ទ្រង់​បាន​ប្រោស​ឲ្យ​ទូលបង្គំ​រស់​នៅ ដើម្បី​កុំ​ឲ្យ​ទូលបង្គំ​ចុះ​ទៅ​ក្នុង​រណ្តៅ​ឡើយ ឱ​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់​អើយ ចូរ​ច្រៀង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ ចូរ​អរ​ព្រះ‌គុណ ដោយ​នឹក​ចាំ​ពី​សេចក្ដី​បរិសុទ្ធ​នៃ​ទ្រង់ ដ្បិត​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​នៅ​តែ​១​ភ្លែត​ទេ តែ​ព្រះ‌គុណ​នៃ​ទ្រង់ នោះ​នៅ​អស់​១​ជីវិត​វិញ ទឹក​ភ្នែក​នឹង​មាន​នៅ​ជាប់​អស់​មួយ​យប់​ក៏​បាន តែ​ព្រឹក​ឡើង គង់​នឹង​មាន​សេចក្ដី​អំណរ​ឡើង​ដែរ ចំណែក​ខាង​ទូលបង្គំៗ​បាន​ពោល​ក្នុង​គ្រា​នៃ​សេចក្ដី ចំរើន​របស់​ទូលបង្គំ​ថា ទូលបង្គំ​មិន​ត្រូវ​រង្គើ​ឡើយ