ទំនុកតម្កើង 29:1-11

ទំនុកតម្កើង 29:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱព​ពួក​ទេវតា​នៅ​ស្ថាន​សួគ៌​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា ចូរ​ថ្វាយ​សិរី‌ល្អ និង​ឫទ្ធា​នុភាព​ដល់​ព្រះ‌យេហូវ៉ា។ ចូរថ្វាយ​សិរី‌ល្អ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ គឺ​ដល់​ព្រះ‌យេហូវ៉ា ចូរ​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា ដោយ​ពាក់​គ្រឿង​លម្អ​បរិសុទ្ធ។ ៙ ព្រះ‌សូរ‌សៀងរបស់​ព្រះ‌យេហូវ៉ា លាន់​ឮ​លើ​ផ្ទៃ​ទឹក ព្រះ​ដ៏​មាន​សិរី‌ល្អ​ព្រះ‌អង្គ​បញ្ចេញ​ផ្គរ​លាន់ គឺ​ព្រះ‌យេហូវ៉ា​គង់​លើ​មហាសាគរ។ ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា​មាន​អំណាច ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា មាន​ពេញ​ដោយ​ឫទ្ធា‌នុភាព។ ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា​បំបាក់​ដើម​តា‌ត្រៅ គឺ​ព្រះ‌យេហូវ៉ា​បំបាក់​ដើម​តា‌ត្រៅ​នៅ​ភ្នំ​ល្បាណូន។ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ភ្នំ​ល្បាណូន​លោត​ដូច​ជា​កូន​គោ ហើយ​ឲ្យ​ភ្នំ​ស៊ីរាន លោត​ដូច​ជា​គោ​ព្រៃ​ស្ទាវ។ ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​មាន អណ្ដាត​ភ្លើង​ផុស​ឡើង។ ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា កក្រើក​ទី​រហោ‌ស្ថាន ព្រះ‌យេហូវ៉ា​អង្រួន​ទី​រហោ‌ស្ថាន​ការដេស។ ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា អង្រួន​ក្តាន់​ញី​ឲ្យ​កើត​កូន ក៏​ធ្វើ​ឲ្យ​ព្រៃ​ឈើ​ជ្រុះ​ស្លឹក​អស់​រលីង ហើយ​នៅ​ក្នុង​ព្រះ‌វិហារ​ព្រះ‌អង្គ អ្វីៗ​សព្វ​សារពើ ស្រែក​ឡើង​ថា «ស្រី​សួស្ដី!» ព្រះ‌យេហូវ៉ា​គ្រប់​គ្រង​លើ​ទឹក​ជំនន់ ព្រះ‌យេហូវ៉ា​គង់​ជា​ព្រះ‌មហា‌ក្សត្រ រហូត​តរៀង​ទៅ។ ព្រះ‌យេហូវ៉ា​ប្រទាន​កម្លាំង ដល់ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ព្រះ‌យេហូវ៉ា​ប្រោស​ប្រទាន​ពរ ឲ្យ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គមាន​សន្ដិភាព។

ទំនុកតម្កើង 29:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពពួក​ទេវតា​របស់​ព្រះ‌ជាម្ចាស់​អើយ ចូរ​នាំ​គ្នា​តម្កើង​ព្រះ‌អម្ចាស់ ចូរ​លើក​តម្កើង​សិរី‌រុងរឿង និង​តេជា‌នុភាព​របស់​ព្រះ‌អម្ចាស់។ ចូរ​លើក​តម្កើង​ព្រះ‌នាម​ដ៏​រុងរឿង​របស់​ព្រះ‌អម្ចាស់ ចូរ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ នៅ​ពេល​ព្រះអង្គ​សម្តែង​ភាព​វិសុទ្ធ របស់​ព្រះអង្គ!។ ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ លាន់​ឮ​ឡើង​នៅ​ពី​លើ​ផ្ទៃ​ទឹក ព្រះ‌ជាម្ចាស់​ប្រកប​ដោយ​សិរី‌រុងរឿង ធ្វើ​ឲ្យ​ផ្គរ‌លាន់​ឮ​ឡើង ព្រះ‌អម្ចាស់​គង់​នៅ​ពី​លើ​មហា​សាគរ។ ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ លាន់​ឮ​ឡើង​ប្រកប​ដោយ​ឫទ្ធា‌នុភាព ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ លាន់​ឮ​ឡើង​ប្រកប​ដោយ​ភាព​ថ្កុំ‌ថ្កើង ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ ធ្វើ​ឲ្យ​បាក់​ដើម​ឈើ​ដ៏​ធំៗ ព្រះ‌អម្ចាស់​បំបាក់​ដើម​ឈើ​ដ៏​ធំៗ​នៅ​ភ្នំ​លីបង់។ ព្រះអង្គ​ធ្វើ​ឲ្យ​ដើម​ឈើ​ទាំង​នោះ​លោត ដូច​កូន​គោ​លោត ព្រះអង្គ​ធ្វើ​ឲ្យ​ភ្នំ​លីបង់ និង​ភ្នំ​ស៊ីរានលោត ដូច​កូន​ក្របី​លោត។ ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ បាន​ធ្វើ​ឲ្យ​មាន​រន្ទះ​លេច​ចេញ​មក។ ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ បាន​ធ្វើ​ឲ្យ​កក្រើក​វាល​រហោ‌ស្ថាន ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​រញ្ជួយ វាល​រហោ‌ស្ថាន​កាដេស។ ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ អង្រួន​សត្វ​ក្ដាន់​ញី​ឲ្យ​កើត​កូន និង​ធ្វើ​ឲ្យ​ព្រៃ​ឈើ​ជ្រុះ​ស្លឹក​អស់។ ពេល​នោះ អ្វីៗ​សព្វ​សារពើ​នឹង​ស្រែក​ឡើង ក្នុង​ព្រះ‌វិហារ​ថា «សូម​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌អម្ចាស់!»។ ព្រះ‌អម្ចាស់​គ្រប់‌គ្រង​លើ​ទឹក​ជំនន់​ធំ ព្រះ‌អម្ចាស់​គ្រង​រាជ្យ​រហូត​ត​ទៅ ព្រះ‌អម្ចាស់​ប្រទាន​ឫទ្ធា‌នុភាព ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ព្រះ‌អម្ចាស់​ប្រទាន​ពរ​ឲ្យ​ប្រជា‌រាស្ត្រ របស់​ព្រះអង្គ​មាន​សន្តិ‌ភាព។

ទំនុកតម្កើង 29:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នែ អស់​ទាំង​កូន​នៃ​ព្រះ​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​អើយ ចូរ​សរសើរ​ព្រះ‌យេហូវ៉ា ចូរ​សរសើរ​ព្រះ‌យេហូវ៉ា​ថា ទ្រង់​មាន​សិរី‌ល្អ ហើយ​នឹង​ព្រះ‌ចេស្តា ចូរ​សរសើរ​ពី​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​ឲ្យ​សម​នឹង​ព្រះ‌នាម​ទ្រង់ ចូរ​ពាក់​គ្រឿង​លំអ​បរិសុទ្ធ នាំ​គ្នា​ថ្វាយ‌បង្គំ​ដល់ ព្រះ‌យេហូវ៉ា​ចុះ។ ៙ ព្រះ‌សូរ‌សៀងនៃ​ព្រះ‌យេហូវ៉ា​ខ្ទរ​តាម​ទឹក ព្រះ​ដ៏​មាន​សិរី‌ល្អ​ទ្រង់​បញ្ចេញ​ផ្គរ‌លាន់ គឺ​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​លើ​ទឹក​ធំ ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា​មាន​អំណាច ព្រះ‌សូរ‌សៀង​នៃ​ព្រះ‌យេហូវ៉ា​មាន​ឫទ្ធា‌នុភាព ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា​ក៏​បំបាក់​ដើម​តាត្រៅ អើ ព្រះ‌យេហូវ៉ា​ទ្រង់​បំបាក់​កំទេច​ដើម​តាត្រៅ នៅ​ភ្នំ​ល្បាណូន ទ្រង់​បណ្តាល​ឲ្យ​ដើម​ទាំង​នោះ​បោល​លោត ដូច​ជា​កូន​គោ ហើយ​ឲ្យ​ភ្នំ​ល្បាណូន នឹង​ភ្នំ​ស៊ីរានបោល ដូច​ជា​គោ​ព្រៃ​ស្ទាវ ព្រះ‌សូរ‌សៀង​នៃ​ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​មាន អណ្តាត​ភ្លើង​ផុស​ឡើង ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ទី​រហោ‌ស្ថាន ញ័រ​កក្រើក ព្រះ‌យេហូវ៉ា​ទ្រង់​អង្រួន​ទី​រហោ‌ស្ថាន​កាដេស ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ក្តាន់​ញី សំរាល​កូន​មក ក៏​ជំរុះ​ស្លឹក​ឈើ​នៅ​ព្រៃ​អស់​រលីង ហើយ​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ទ្រង់ នោះ​សព្វ​សារពើ ក៏​បន្លឺ​ឡើង​ថា «ស្រី​សួស្តី» ព្រះ‌យេហូវ៉ា​ទ្រង់​បាន​គង់​នៅ​វេលា​ជំនន់​លោកីយ អើ ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជា​ព្រះ‌មហា‌ក្សត្រ នៅ​អស់‌កល្ប‌ជានិច្ច ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ចំរើន​កំឡាំង​ដល់​រាស្ត្រ​ទ្រង់ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រទាន​ពរ​ដល់​រាស្ត្រ​ទ្រង់ ឲ្យ​បាន​សេចក្ដី​សុខ‌សាន្ត‌ត្រាណ។