ទំនុកតម្កើង 28:6-9
ទំនុកតម្កើង 28:6-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ សូមលើកតម្កើងព្រះយេហូវ៉ា! ព្រោះព្រះអង្គទ្រង់ព្រះសណ្ដាប់សំឡេង ដែលខ្ញុំទូលអង្វរ។ ព្រះយេហូវ៉ាជាកម្លាំង និងជាខែលការពារខ្ញុំ ខ្ញុំទុកចិត្តដល់ព្រះអង្គ ហើយព្រះអង្គជួយខ្ញុំ ចិត្តខ្ញុំរីករាយជាខ្លាំង ខ្ញុំអរព្រះគុណព្រះអង្គ ដោយបទចម្រៀងរបស់ខ្ញុំ។ ព្រះយេហូវ៉ាជាកម្លាំងនៃប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គជាទីពួនជ្រកដល់អ្នក ដែលព្រះអង្គបានចាក់ប្រេងតាំង។ សូមសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ ហើយប្រទានពរដល់មត៌ករបស់ព្រះអង្គ សូមធ្វើជាគង្វាលដល់គេ ព្រមទាំងបីទ្រគេជារហូតតរៀងទៅ។
ទំនុកតម្កើង 28:6-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សូមលើកតម្កើងព្រះអម្ចាស់! ដ្បិតទ្រង់ព្រះសណ្ដាប់ពាក្យដែលខ្ញុំស្រែកអង្វរ។ ព្រះអម្ចាស់ជាកម្លាំង និងជាខែលការពារខ្ញុំ ខ្ញុំទុកចិត្តលើព្រះអង្គ ហើយព្រះអង្គជួយសង្គ្រោះខ្ញុំ ខ្ញុំសប្បាយចិត្តយ៉ាងខ្លាំង ខ្ញុំនឹងសរសើរតម្កើងព្រះអង្គដោយបទចម្រៀង!។ ព្រះអម្ចាស់ការពារប្រជារាស្ដ្ររបស់ព្រះអង្គ ព្រះអង្គជាកំពែងសម្រាប់សង្គ្រោះស្ដេច ដែលព្រះអង្គបានចាក់ប្រេងអភិសេក។ សូមសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ សូមប្រទានពរដល់កូនចៅរបស់ព្រះអង្គ សូមទ្រង់ធ្វើជាគង្វាល ថែរក្សាពួកគេរហូតតរៀងទៅ!។
ទំនុកតម្កើង 28:6-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
៙ សូមលើកសរសើរដល់ព្រះយេហូវ៉ា ពីព្រោះទ្រង់បានឮសំឡេងដែលខ្ញុំទូលអង្វរ ព្រះយេហូវ៉ាទ្រង់ជាកំឡាំង ហើយជាខែលនៃខ្ញុំ ចិត្តខ្ញុំបានសង្ឃឹមដល់ទ្រង់ ហើយបានសេចក្ដីជំនួយ ហេតុនោះចិត្តខ្ញុំមានសេចក្ដីរីករាយជាខ្លាំង ខ្ញុំនឹងសរសើរដល់ទ្រង់ ដោយបទចំរៀងរបស់ខ្ញុំ ព្រះយេហូវ៉ាទ្រង់ជាកំឡាំង ហើយជាទីមាំមួន សំរាប់នឹងជួយសង្គ្រោះ ដល់ពួកអ្នក ដែលទ្រង់បានចាក់ប្រេងតាំងឲ្យ សូមទ្រង់ជួយសង្គ្រោះរាស្ត្ររបស់ទ្រង់ ហើយប្រទានពរដល់មរដកនៃទ្រង់ សូមធ្វើជាអ្នកគង្វាលដល់គេ ព្រមទាំងបីទ្រគេជាដរាបតទៅ។