ទំនុកតម្កើង 27:1-9
ទំនុកតម្កើង 27:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាជាពន្លឺ និងជាព្រះសង្គ្រោះខ្ញុំ តើខ្ញុំនឹងខ្លាចអ្នកណា? ព្រះយេហូវ៉ាជាទីជម្រកយ៉ាងមាំនៃជីវិតខ្ញុំ តើខ្ញុំញញើតនឹងអ្នកណា? ពេលពួកអ្នកប្រព្រឹត្តអាក្រក់ គឺបច្ចាមិត្ត និងខ្មាំងសត្រូវរបស់ខ្ញុំបានសង្ឃកមកលើខ្ញុំ ដើម្បីស៊ីសាច់ខ្ញុំ នោះគេនឹងជំពប់ដួល។ ទោះបើមានពលទ័ពមកឡោមព័ទ្ធខ្ញុំ ក៏ចិត្តខ្ញុំមិនភ័យខ្លាចឡើយ ទោះបើមានចម្បាំងកើតឡើងទាស់នឹងខ្ញុំ ក៏ខ្ញុំនៅតែមានសង្ឃឹមដែរ។ ខ្ញុំបានសូមសេចក្ដីតែមួយពីព្រះយេហូវ៉ា ហើយនឹងស្វែងរកសេចក្ដីនោះឯង គឺឲ្យខ្ញុំបាននៅក្នុងដំណាក់របស់ព្រះយេហូវ៉ា រាល់តែថ្ងៃអស់មួយជីវិតរបស់ខ្ញុំ ដើម្បីរំពឹងមើលសោភ័ណភាពរបស់ព្រះយេហូវ៉ា ហើយពិនិត្យពិចារណានៅក្នុង ព្រះវិហាររបស់ព្រះអង្គ។ ដ្បិតនៅថ្ងៃអាក្រក់ ព្រះអង្គនឹងថែរក្សាខ្ញុំ ដោយបំបាំងខ្ញុំនៅក្នុងជម្រករបស់ព្រះអង្គ ព្រះអង្គនឹងបំពួនខ្ញុំក្នុងទីកំបាំង នៃព្រះពន្លារបស់ព្រះអង្គ ព្រះអង្គនឹងលើកខ្ញុំដាក់លើថ្មដា។ ឥឡូវនេះ ខ្ញុំបានងើបក្បាលឡើង ខ្ពស់ជាងខ្មាំងសត្រូវដែលនៅជុំវិញខ្ញុំ ហើយខ្ញុំនឹងថ្វាយយញ្ញបូជា នៅក្នុងព្រះពន្លារបស់ព្រះអង្គ ទាំងស្រែកដោយអំណរ ខ្ញុំនឹងច្រៀង ខ្ញុំនឹងលើកទំនុកថ្វាយព្រះយេហូវ៉ា។ ៙ ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គទ្រង់ព្រះសណ្ដាប់ពេលទូលបង្គំអំពាវនាវ សូមប្រណីសន្ដោសទូលបង្គំ និងឆ្លើយតបមកទូលបង្គំផង! កាលព្រះអង្គមានព្រះបន្ទូលថា «ចូរស្វែងរកមុខយើង!» នោះចិត្តទូលបង្គំបានទូលតបថា «ឱព្រះយេហូវ៉ាអើយ ទូលបង្គំស្វែងរកព្រះភក្ត្រព្រះអង្គហើយ»។ សូមកុំលាក់ព្រះភក្ត្រនឹងទូលបង្គំ ហើយកុំផាត់អ្នកបម្រើព្រះអង្គ ចេញដោយខ្ញាល់ឡើយ ព្រះអង្គហើយដែលជួយទូលបង្គំ។ ឱព្រះដ៏ជួយសង្គ្រោះរបស់ទូលបង្គំអើយ សូមកុំផាត់ទូលបង្គំចេញ សូមកុំបោះបង់ចោលទូលបង្គំឡើយ!
ទំនុកតម្កើង 27:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់ជាពន្លឺ និងជាព្រះសង្គ្រោះខ្ញុំ ខ្ញុំមិនភ័យខ្លាចនរណាឡើយ! ព្រះអម្ចាស់ជាទីជម្រករបស់ជីវិតខ្ញុំ ខ្ញុំក៏មិនតក់ស្លុតចំពោះនរណាដែរ។ ពេលពួកអ្នកប្រព្រឹត្តអាក្រក់ គឺបច្ចាមិត្ត និងខ្មាំងសត្រូវរបស់ខ្ញុំ នាំគ្នាចូលមកជិត ដើម្បីរកប្រហារជីវិតខ្ញុំ អ្នកទាំងនោះបែរជាត្រូវជំពប់ដួលទៅវិញ។ ប្រសិនបើមានកងទ័ពមកឡោមព័ទ្ធខ្ញុំ ក៏ចិត្តខ្ញុំមិនភ័យខ្លាចអ្វីដែរ ប្រសិនបើមានគេលើកគ្នាមកច្បាំងនឹងខ្ញុំ ក៏ខ្ញុំនៅតែសង្ឃឹមទុកចិត្តលើព្រះជាម្ចាស់ជានិច្ច។ ខ្ញុំទូលសូមព្រះអម្ចាស់នូវសេចក្ដីតែមួយគត់ ហើយខ្ញុំប្រាថ្នាចង់បានតែសេចក្ដីនេះឯង គឺឲ្យបានស្នាក់នៅក្នុងព្រះដំណាក់ របស់ព្រះអម្ចាស់អស់មួយជីវិត ដើម្បីកោតស្ញប់ស្ញែងភាពថ្កុំថ្កើងរុងរឿង របស់ព្រះអម្ចាស់ និងថ្វាយបង្គំព្រះអង្គនៅក្នុងព្រះវិហារ ដ្បិតនៅពេលខ្ញុំមានអាសន្ន ព្រះអង្គតែងឲ្យខ្ញុំជ្រកក្នុងជម្រករបស់ព្រះអង្គ ព្រះអង្គតែងលាក់បំពួនខ្ញុំនៅក្នុងព្រះពន្លា ព្រះអង្គលើកខ្ញុំដាក់នៅលើថ្មដា។ ព្រះអង្គលើកមុខខ្ញុំឡើងឲ្យខ្ពស់ជាងខ្មាំងសត្រូវ ដែលនៅជុំវិញខ្ញុំ ខ្ញុំនឹងថ្វាយយញ្ញបូជានៅក្នុងព្រះពន្លា របស់ព្រះអង្គ ទាំងស្រែកដោយអំណរ ខ្ញុំនឹងច្រៀង ខ្ញុំនឹងស្មូត្រទំនុកតម្កើង ថ្វាយព្រះអម្ចាស់។ ឱព្រះអម្ចាស់អើយ! សូមទ្រង់ព្រះសណ្ដាប់ស្នូរសម្រែករបស់ទូលបង្គំ សូមមេត្តាប្រណីសន្ដោសទូលបង្គំ និងឆ្លើយតបមកទូលបង្គំវិញផង!។ ចិត្តទូលបង្គំនឹកដល់ព្រះបន្ទូល ដែលព្រះអង្គថ្លែងថា «ចូរស្វែងរកយើង» នោះទូលបង្គំឆ្លើយថា ឱព្រះអម្ចាស់អើយ! ទូលបង្គំស្វែងរកព្រះភ័ក្ត្រព្រះអង្គហើយ! សូមកុំលាក់ព្រះភ័ក្ត្រនឹងទូលបង្គំ សូមកុំព្រះពិរោធ ហើយបណ្តេញអ្នកបម្រើរបស់ព្រះអង្គ! ព្រះអង្គបានសង្គ្រោះទូលបង្គំ សូមកុំលះបង់ទូលបង្គំ! ឱព្រះសង្គ្រោះទូលបង្គំអើយ សូមកុំបោះបង់ចោលទូលបង្គំឡើយ!។
ទំនុកតម្កើង 27:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់ជាពន្លឺ ហើយជាសេចក្ដី សង្គ្រោះរបស់ខ្ញុំ តើខ្ញុំនឹងត្រូវខ្លាចចំពោះអ្នកណា ព្រះយេហូវ៉ាទ្រង់ជាទីពឹងពំនាក់នៃជីវិតខ្ញុំ តើត្រូវឲ្យខ្ញុំភ័យចំពោះអ្នកណា កាលមនុស្សអាក្រក់ គឺជាពួកទាស់ទទឹង ហើយជាខ្មាំងសត្រូវនៃខ្ញុំបានសង្ឃកមកលើខ្ញុំ ដើម្បីនឹងស៊ីសាច់ខ្ញុំ នោះគេបានជំពប់ដួលទាំងអស់គ្នា ទោះបើមានពួកពលមកបោះទ័ពច្បាំងនឹងខ្ញុំ គង់តែចិត្តខ្ញុំមិនភ័យឡើយ ទោះបើកើតមានចំបាំងទាស់នឹងខ្ញុំ គង់តែខ្ញុំនឹងមានចិត្តសង្ឃឹមបានដែរ ខ្ញុំបានសូមសេចក្ដីតែ១ពីព្រះយេហូវ៉ា ហើយនឹងស្វែងរកសេចក្ដីនោះឯង គឺឲ្យខ្ញុំបាននៅក្នុងដំណាក់នៃព្រះយេហូវ៉ា រាល់តែថ្ងៃ អស់១ជីវិតខ្ញុំ ដើម្បីនឹងរំពឹងមើលសេចក្ដីលំអនៃព្រះយេហូវ៉ា ហើយនឹងពិនិត្យពិចារណានៅក្នុងព្រះវិហាររបស់ទ្រង់ ដ្បិតនៅថ្ងៃអាក្រក់ ទ្រង់នឹងថែរក្សាខ្ញុំ ដោយកំបាំងនៅក្នុងព្រះពន្លាទ្រង់ ក៏នឹងបំពួនខ្ញុំនៅទីសំងាត់ក្នុងត្រសាលទ្រង់ ហើយនឹងលើកខ្ញុំឡើងដាក់លើថ្មដា ឥឡូវនេះ ខ្ញុំបានងើបក្បាលឡើងហើយ គឺខ្ពស់ជាងពួកខ្មាំងសត្រូវដែលព័ទ្ធជុំវិញខ្ញុំទៅទៀត ហើយខ្ញុំនឹងថ្វាយគ្រឿងបូជានៃសេចក្ដីអំណរ នៅក្នុងរោងឧបោសថទ្រង់ ខ្ញុំនឹងច្រៀង អើ ខ្ញុំនឹងច្រៀងសរសើរដល់ព្រះយេហូវ៉ា។ ៙ ឱព្រះយេហូវ៉ាអើយ សូមស្តាប់កាលទូលបង្គំអំពាវនាវ សូមអាណិតមេត្តាឆ្លើយតបមកទូលបង្គំផង កាលទ្រង់បានមានបន្ទូលថា ចូរស្វែងរកមុខអញ នោះ ឱព្រះយេហូវ៉ាអើយ ចិត្តទូលបង្គំបានទូលតបថា ទូលបង្គំនឹងស្វែងរកព្រះភក្ត្រទ្រង់ពិត សូមកុំលាក់ព្រះភក្ត្រនឹងទូលបង្គំ ហើយកុំផាត់អ្នកបំរើទ្រង់ចេញដោយខ្ញាល់ឡើយ ទ្រង់បានតែងធ្វើជាជំនួយរបស់ទូលបង្គំ ឱព្រះដ៏ជួយសង្គ្រោះទូលបង្គំអើយ សូមកុំប្រាសចេញ ឬបោះបង់ចោលទូលបង្គំឡើយ