ទំនុកតម្កើង 26:6-12
ទំនុកតម្កើង 26:6-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះអម្ចាស់អើយ ទូលបង្គំលាងដៃជាសម្គាល់ថា ទូលបង្គំគ្មានទោសទេ ហើយទូលបង្គំដើរជុំវិញអាសនារបស់ព្រះអង្គ ដើម្បីនឹងបានបន្លឺសំឡេងអរព្រះគុណព្រះអង្គ និងរៀបរាប់ពីការអស្ចារ្យ ទាំងប៉ុន្មានរបស់ព្រះអង្គ។ ឱព្រះយេហូវ៉ាអើយ ទូលបង្គំស្រឡាញ់ ព្រះដំណាក់ដែលព្រះអង្គគង់នៅ និងកន្លែងដែលមានសិរីល្អ របស់ព្រះអង្គស្ថិតនៅ។ សូមកុំផាត់ព្រលឹងទូលបង្គំចេញ ជាមួយមនុស្សបាបឡើយ ហើយក៏កុំដកជីវិតទូលបង្គំ ជាមួយមនុស្សដែលកម្ចាយឈាមដែរ ដៃរបស់អ្នកទាំងនោះ សុទ្ធតែជាប់មានអំពើអាក្រក់ ហើយដៃស្តាំរបស់គេពេញដោយសំណូក។ រីឯទូលបង្គំវិញ ទូលបង្គំនឹងដើរ ដោយចិត្តទៀងត្រង់ សូមប្រោសលោះទូលបង្គំ ហើយប្រណីសន្ដោសទូលបង្គំផង។ ជើងទូលបង្គំឈរនៅលើដីរាបស្មើ ទូលបង្គំនឹងថ្វាយព្រះពរព្រះយេហូវ៉ា នៅក្នុងក្រុមជំនុំដ៏ធំ។
ទំនុកតម្កើង 26:6-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់អើយ ទូលបង្គំលាងដៃទុកជាសញ្ញាបញ្ជាក់ថា ទូលបង្គំជាមនុស្សឥតសៅហ្មង ហើយទូលបង្គំដើរជុំវិញអាសនៈរបស់ព្រះអង្គ ទាំងបន្លឺសំឡេងច្រៀងអរព្រះគុណព្រះអង្គ និងរៀបរាប់អំពីការអស្ចារ្យ ទាំងប៉ុន្មានរបស់ព្រះអង្គ។ ឱព្រះអម្ចាស់អើយ! ទូលបង្គំចូលចិត្តស្នាក់នៅក្នុង ព្រះដំណាក់របស់ព្រះអង្គណាស់ គឺនៅក្នុងកន្លែងដែលមានសិរីរុងរឿង របស់ព្រះអង្គស្ថិតនៅ។ សូមកុំទុកឲ្យទូលបង្គំស្លាប់ជាមួយ មនុស្សបាបឡើយ ហើយក៏កុំដកជីវិតទូលបង្គំ រួមជាមួយមនុស្សដែលបង្ហូរឈាមគេដែរ។ អ្នកទាំងនោះតែងប្រព្រឹត្តអំពើទុច្ចរិត គ្រប់ពេលវេលា ហើយពួកគេក៏ចូលចិត្តស៊ីសំណូកដែរ! រីឯទូលបង្គំវិញ ទូលបង្គំប្រព្រឹត្តតែអំពើទៀងត្រង់។ សូមរំដោះទូលបង្គំ សូមប្រណីសន្ដោសទូលបង្គំផង!។ ទូលបង្គំឈរនៅកន្លែងដ៏សុចរិត ទូលបង្គំនឹងលើកតម្កើងព្រះអម្ចាស់ នៅក្នុងអង្គប្រជុំ!។
ទំនុកតម្កើង 26:6-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទូលបង្គំនឹងលាដៃ ជាសំគាល់ថា ឥតមានទោសទេ យ៉ាងនោះ ឱព្រះយេហូវ៉ាអើយ ទូលបង្គំនឹងដើរក្រឡឹងអាសនាទ្រង់ ដើម្បីនឹងបានបន្លឺសំឡេងអរព្រះគុណ ហើយថ្លែងប្រាប់ពីគ្រប់ទាំងការអស្ចារ្យរបស់ទ្រង់ ឱព្រះយេហូវ៉ាអើយ ទូលបង្គំស្រឡាញ់ទីឈប់សំរាក នៅដំណាក់ទ្រង់ ជាទីសណ្ឋិតនៅនៃសិរីល្អទ្រង់ សូមកុំដកព្រលឹងទូលបង្គំចេញ ជាមួយនឹងពួកមានបាប ឬជីវិតទូលបង្គំ ជាមួយនឹងមនុស្សដែលកំចាយឈាម ដែលសុទ្ធតែមានការអាក្រក់ជាប់នៅដៃគេ ហើយដៃស្តាំរបស់គេពេញដោយសំណូកផងនោះឡើយ ចំណែកទូលបង្គំៗនឹងដើរដោយចិត្តគ្រប់លក្ខណ៍ របស់ទូលបង្គំតទៅ សូមលោះ ហើយមេត្តាប្រោសដល់ទូលបង្គំផង ជើងទូលបង្គំឈរនៅក្នុងផ្លូវទៀងត្រង់ហើយ ទូលបង្គំនឹងលើកសរសើរដល់ព្រះយេហូវ៉ា នៅក្នុងពួកជំនុំទាំងប៉ុន្មាន។