ទំនុកតម្កើង 26:1-7

ទំនុកតម្កើង 26:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ‌អម្ចាស់​អើយ សូម​រក​យុត្តិធម៌​ឲ្យ​ទូល‌បង្គំផង ដ្បិត​ទូល‌បង្គំ​បាន​ដើរ​តាម​ផ្លូវ របស់​ទូល‌បង្គំ​យ៉ាង​ត្រឹម​ត្រូវ ក៏​បាន​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា ឥត​ល្អៀង​ឡើយ។ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ពិនិត្យ​មើល​ទូល‌បង្គំ ហើយ​ល្បង​ល​ទូល‌បង្គំ សូម​សាក​ចិត្ត​គំនិត​របស់​ទូល‌បង្គំ​ចុះ។ ដ្បិតព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ នៅ​ចំពោះ​ភ្នែក​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​បាន​ដើរ​តាម សេចក្ដី​ពិត​របស់​ព្រះ‌អង្គ។ ទូល‌បង្គំ​មិន​អង្គុយ​រួម​ជា​មួយ​មនុស្ស​ភូត‌ភរ​ឡើយ ក៏​មិន​បាន​សេព​គប់​ជា​មួយ​មនុស្ស​មាន​ពុត​ដែរ។ ទូល‌បង្គំ​ស្អប់​ពួកអ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ ហើយ​ក៏​មិន​អង្គុយ​ជា​មួយ​មនុស្ស​ពាល​ដែរ។ ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​លាង​ដៃ​ជា​សម្គាល់​ថា ទូល‌បង្គំគ្មាន​ទោស​ទេ ហើយ​ទូល‌បង្គំ​ដើរ​ជុំ​វិញ​អាសនា​របស់​ព្រះ‌អង្គ ដើម្បីនឹង​បាន​បន្លឺ​សំឡេង​អរ​ព្រះ‌គុណ​ព្រះ‌អង្គ និង​រៀប​រាប់​ពី​ការ​អស្ចារ្យ ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ។

ទំនុកតម្កើង 26:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ‌អម្ចាស់​អើយ សូម​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​បាន​ប្រព្រឹត្ត​យ៉ាង​ត្រឹម​ត្រូវ! ទូលបង្គំ​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ ដោយ​ឥត​សង្ស័យ​ឡើយ។ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ស្ទង់ និង​ល្បង​មើល​ចិត្ត​ទូលបង្គំ សូម​ពិនិត្យ​មើល​ជម្រៅ​ចិត្ត​គំនិត​ទូលបង្គំ​ចុះ។ ទូលបង្គំ​នឹក​គិត​ពី​ព្រះ‌ហឫទ័យ​មេត្តា ករុណា​របស់​ព្រះអង្គ​ជានិច្ច ហើយ​ទូលបង្គំ​ប្រព្រឹត្ត​តាម សេចក្ដី​ពិត​របស់​ព្រះអង្គ។ ទូលបង្គំ​មិន​អង្គុយ​រួម​ជា​មួយ​មនុស្ស​ខិល‌ខូច​ឡើយ ទូលបង្គំ​ក៏​មិន​សេព‌គប់​ជា​មួយ មនុស្ស​មាន​ពុត‌ត្បុត​ដែរ។ ទូលបង្គំ​មិន​ចូល​ចិត្ត​នៅ​រួម​ជា​មួយ ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ទូលបង្គំ​មិន​អង្គុយ​រួម​ជា​មួយ មនុស្ស​ពាល​ទេ។ ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​លាង​ដៃ​ទុក​ជា​សញ្ញា​បញ្ជាក់​ថា ទូលបង្គំ​ជា​មនុស្ស​ឥត​សៅ‌ហ្មង ហើយ​ទូលបង្គំ​ដើរ​ជុំ‌វិញ​អាសនៈ​របស់​ព្រះអង្គ ទាំង​បន្លឺ​សំឡេង​ច្រៀង​អរ​ព្រះ‌គុណ​ព្រះអង្គ និង​រៀប​រាប់​អំពី​ការ​អស្ចារ្យ ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ។

ទំនុកតម្កើង 26:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះយេហូវ៉ាអើយ សូម​ទ្រង់​វិនិច្ឆ័យ​ឲ្យ​ទូលបង្គំ ដ្បិត​ទូលបង្គំ​បាន​ដើរ​តាម​ចិត្ត​គ្រប់​លក្ខណ៍​របស់​ទូលបង្គំ ក៏​បាន​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា​ឥត​ល្អៀង​ឡើយ ឱ​ព្រះ‌យេហូវ៉ាអើយ សូម​ពិនិត្យ​ទូលបង្គំ​មើល ព្រម​ទាំង​ល្បង​ល​ទូលបង្គំ ហើយ​សាក​ចិត្ត​ថ្លើម​របស់​ទូលបង្គំ​ផង ដ្បិត​សេចក្ដី​សប្បុរស​នៃ​ទ្រង់​នៅ​ចំពោះ​ភ្នែក​ទូលបង្គំ ហើយ​ទូលបង្គំ​បាន​ដើរ​តាម​សេចក្ដី​ពិត​របស់​ទ្រង់ ទូលបង្គំ​មិន​បាន​អង្គុយ​រួម​ជា​មួយ​នឹង​មនុស្ស​ភូត‌ភរ​ឡើយ ក៏​មិន​បាន​សមាគម​ជា​មួយ​នឹង​មនុស្ស​មាន​ពុត​ដែរ ទូលបង្គំ​ស្អប់​ចំពោះ​ជំនុំ​នៃ​ពួក​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ ក៏​មិន​ព្រម​អង្គុយ​ជា​មួយ​នឹង​ពួក​មាន​ចិត្ត​អាក្រក់​ឡើយ ទូលបង្គំ​នឹង​លា​ដៃ ជា​សំគាល់​ថា ឥត​មាន​ទោស​ទេ យ៉ាង​នោះ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​នឹង​ដើរ​ក្រឡឹង​អាសនា​ទ្រង់ ដើម្បី​នឹងបាន​បន្លឺ​សំឡេង​អរ​ព្រះ‌គុណ ហើយ​ថ្លែង​ប្រាប់​ពី​គ្រប់​ទាំង​ការ​អស្ចារ្យ​របស់​ទ្រង់