ទំនុកតម្កើង 25:8-21

ទំនុកតម្កើង 25:8-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​ល្អ ហើយ​ទៀង​ត្រង់ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​បង្រៀន មនុស្ស​បាប​ឲ្យ​ស្គាល់​ផ្លូវ​ដែល​ត្រូវ​ដើរ។ ព្រះ‌អង្គ​នាំ​មនុស្ស​សុភាព ឲ្យ​ប្រព្រឹត្ត​តាម​មាគ៌ា​ដ៏​ត្រឹម​ត្រូវ ហើយ​បង្រៀន​មនុស្ស​រាប​សារ ឲ្យ​ស្គាល់​ផ្លូវ​របស់​ព្រះ‌អង្គ។ អស់​ទាំង​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា សុទ្ធ​តែប្រកប​ដោយ ព្រះ‌ហឫ‌ទ័យ​សប្បុរស និងសេចក្ដី​ស្មោះ‌ត្រង់ ចំពោះ​អស់​អ្នក​ដែល​កាន់​តាម​សេចក្ដី​សញ្ញា និង​សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ។ ឱ​ព្រះ‌យេហូវ៉ា​អើយ ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ សូម​អត់​ទោស​អំពើ​បាប ដ៏​ធ្ងន់​របស់​ទូល‌បង្គំ​ផង។ តើ​មាន​អ្នក​ណា​ដែល​កោត​ខ្លាច ដល់​ព្រះ‌យេហូវ៉ា​ឬ​ទេ? ព្រះ‌អង្គ​នឹង​បង្រៀន​អ្នក​នោះ ឲ្យ​ស្គាល់​ផ្លូវ​ដែល​ត្រូវ​ជ្រើស​រើស។ ព្រលឹង​អ្នក​នោះ​នឹង​នៅ​ជាប់ ក្នុង​សេចក្ដី​សុខ‌សាន្ត ហើយ​ពូជ‌ពង្ស​អ្នក​នោះ នឹង​បានគ្រង​ស្រុក​នេះ​ជា​មត៌ក។ មេត្រី​ភាព​របស់​ព្រះ‌យេហូវ៉ា គឺ​សម្រាប់​អស់​អ្នក​ណា​ដែល​កោត​ខ្លាច​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​សម្ដែង​ឲ្យ​គេ​ស្គាល់ សេចក្ដី​សញ្ញា​របស់​ព្រះ‌អង្គ។ ភ្នែក​ទូល‌បង្គំ​សម្លឹង​ឆ្លោះ​ទៅ​រក ព្រះ‌យេហូវ៉ា​ជា‌និច្ច ដ្បិត​ព្រះ‌អង្គ​នឹង​ដោះ​ជើង​ទូល‌បង្គំ ឲ្យ​រួច​ពី​អន្ទាក់។ សូម​បែរ​មកទូល‌បង្គំ ហើយ​ប្រណី​សន្ដោស​ទូល‌បង្គំ​ផង ដ្បិត​ទូល‌បង្គំ​នៅ​ឯកោ ហើយ​វេទនា​ជា​ខ្លាំង។ ទុក្ខ​ព្រួយ​ក្នុង​ចិត្ត​ទូល‌បង្គំ​បាន​កើន​ឡើង​ជា​ខ្លាំង សូម​ដក​ទូល‌បង្គំ​ចេញ​ពីសេចក្ដី​ទុក្ខ​លំបាក របស់​ទូល‌បង្គំ​ទៅ។ សូម​ទត​មើល​ទុក្ខ​វេទនា និង​ការ​នឿយ​ព្រួយ​របស់​ទូល‌បង្គំ ហើយ​សូម​អត់​ទោសអំពើ​បាប​ទាំង​ប៉ុន្មាន របស់​ទូល‌បង្គំផង។ សូមទត​មើល​សត្រូវ​របស់​ទូល‌បង្គំ មាន​គ្នា​ច្រើន​ប៉ុណ្ណា ហើយគេ​ស្អប់​ទូល‌បង្គំ ដោយ​ចិត្ត​សាហាវ​យ៉ាង​ណា។ ឱ​សូម​រក្សា​ព្រលឹង​ទូល‌បង្គំ ហើយ​រំដោះ​ទូល‌បង្គំ​ផង សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ ដ្បិត​ទូល‌បង្គំ​ពឹង​ជ្រកក្នុង​ព្រះ‌អង្គ។ សូម​ឲ្យ​សេចក្ដី​សុចរិត និង​សេចក្ដី​ទៀង​ត្រង់ រក្សា​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​សង្ឃឹម រង់​ចាំ​ព្រះ‌អង្គ​ហើយ។

ទំនុកតម្កើង 25:8-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស និង​ទៀង​ត្រង់ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​បង្ហាញ ឲ្យ​មនុស្ស​បាប​ស្គាល់​មាគ៌ា​ដែល​គេ​ត្រូវ​ដើរ។ ព្រះអង្គ​នាំ​មនុស្ស​មាន​ចិត្ត​សុភាព ឲ្យ​ដើរ​តាម​មាគ៌ា​ដ៏​សុចរិត ព្រះអង្គ​បង្រៀន​គេ​ឲ្យ​ស្គាល់ ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​មេត្តា​ករុណា និង​ស្មោះ​ត្រង់​ទាំង​ស្រុង ចំពោះ​អស់​អ្នក​ដែល​គោរព​សម្ពន្ធ‌មេត្រី* និង​គោរព​ដំបូន្មាន​របស់​ព្រះអង្គ។ ឱ​ព្រះ‌អម្ចាស់​អើយ! ទូលបង្គំ​មាន​កំហុស​ធ្ងន់​ណាស់ ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះអង្គ សូម​លើក‌លែង​ទោស​ឲ្យ​ទូលបង្គំ​ផង។ អ្នក​ណា​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ព្រះអង្គ​នឹង​បង្ហាញ​ឲ្យ​អ្នក​នោះ ស្គាល់​មាគ៌ា​ដែល​គាត់​ត្រូវ​ជ្រើស​រើស។ គាត់​នឹង​មាន​សុភមង្គល​ជានិច្ច ហើយ​ពូជ‌ពង្ស​របស់​គាត់ នឹង​បាន​គ្រប់‌គ្រង​ស្រុក​នេះ​ទុក​ជា​មត៌ក។ ព្រះ‌អម្ចាស់​តែងតែ​សម្តែង​ភក្ដី‌ភាព ចំពោះ​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ ហើយ​បង្រៀន​គេ​ឲ្យ​គោរព​សម្ពន្ធ‌មេត្រី របស់​ព្រះអង្គ។ ទូលបង្គំ​សម្លឹង​ឆ្ពោះ​ទៅ​រក​ព្រះ‌អម្ចាស់​ជានិច្ច ព្រោះ​មាន​តែ​ព្រះអង្គ​ប៉ុណ្ណោះ ដែល​អាច​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​អន្ទាក់។ សូម​ទត​មក​ទូលបង្គំ ហើយ​ប្រណី​សន្ដោស​ទូលបង្គំ​ផង! ដ្បិត​ទូលបង្គំ​នៅ​ឯកោ និង​វេទនា​ជា​ខ្លាំង។ ទូលបង្គំ​លំបាក​ចិត្ត​ពន់​ពេក​ណាស់ សូម​ដក​ការ​តប់‌ប្រមល់​នេះ ចេញ​ពី​ចិត្ត​ទូលបង្គំ​ទៅ។ សូម​ទត​មក​ទុក្ខ​វេទនា និង​ការ​នឿយ​ព្រួយ​របស់​ទូលបង្គំ សូម​អត់‌ទោស​ឲ្យ​ទូលបង្គំ បាន​រួច​ពី​អំពើ​បាប​ទាំង​ប៉ុន្មាន​ផង។ សូម​ទត​មើល​ចុះ ខ្មាំង​សត្រូវ​របស់​ទូលបង្គំ មាន​គ្នា​ច្រើន​ប៉ុន​ណា ហើយ​គេ​ស្អប់​ទូលបង្គំ​ខ្លាំង​យ៉ាង​ណា។ សូម​ការពារ និង​រំដោះ​ទូលបង្គំ​ផង! សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​អាម៉ាស់​មុខ​ឲ្យ​សោះ ដ្បិត​ទូលបង្គំ​មក​ពឹង​ផ្អែក​លើ​ព្រះអង្គ​ហើយ!។ ទូលបង្គំ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះអង្គ​ជានិច្ច សូម​រក្សា​ជីវិត​ទូលបង្គំ ដោយ​សេចក្ដី​សប្បុរស និង​ទៀង​ត្រង់​ផង!។

ទំនុកតម្កើង 25:8-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ ហើយ​ទៀង​ត្រង់ ដូច្នេះ ទ្រង់​នឹង​បង្ហាត់​មនុស្ស​មាន​បាប​ឲ្យ​តាម​ផ្លូវ​ទ្រង់​វិញ ទ្រង់​នឹង​នាំ​មនុស្ស​សុភាព​ក្នុង​សេចក្ដី​យុត្តិ‌ធម៌ ហើយ​នឹង​បង្រៀន​មនុស្ស​រាប‌ទាប ឲ្យ​ស្គាល់​ផ្លូវ​ទ្រង់ អស់​ទាំង​ផ្លូវ​នៃ​ព្រះ‌យេហូវ៉ា សុទ្ធ​តែ​ប្រកប ដោយ​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ពិត ចំពោះ​អស់​អ្នក​ដែល​កាន់​តាម​សេចក្ដី​សញ្ញា នឹង​សេចក្ដី​បន្ទាល់​របស់​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​អត់​ទោស​ការ​ទុច្ចរិត ដ៏​មាន​ទំងន់​របស់​ទូលបង្គំ​ផង ដោយ​យល់​ដល់​ព្រះ‌នាម​ទ្រង់ តើ​មាន​មនុស្ស​ណា​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ទ្រង់​នឹង​បង្ហាញ​ឲ្យ​អ្នក​នោះ​ស្គាល់​ផ្លូវ​ដែល​ត្រូវ​រើស​យក ព្រលឹង​អ្នក​នោះ​នឹង​នៅ​ដោយ​សុខ‌សាន្ត ហើយ​ពូជ‌ពង្ស​របស់​អ្នក​នោះ​នឹង​បាន​ផែនដី​ជា​មរដក សេចក្ដី​មេត្រី​មិត្រ​របស់​ព្រះ‌យេហូវ៉ា នៅ​ជា​មួយ​នឹង​អ្នក​ណា​ដែល​កោត‌ខ្លាច​ដល់​ទ្រង់ ទ្រង់​នឹង​សំដែង​ឲ្យ​គេ​ស្គាល់​សេចក្ដី​សញ្ញា​របស់​ទ្រង់ ភ្នែក​ទូលបង្គំ​មើល​ទៅ​ឯ​ព្រះ‌យេហូវ៉ា​ជា​ដរាប ដ្បិត​ទ្រង់​នឹង​ដោះ​ជើង​ទូលបង្គំ​ឲ្យ​រួច​ពី​អន្ទាក់ សូម​ទ្រង់​បែរ​មក​មាន​សេចក្ដី​មេត្តា​ដល់​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​នៅ​តែ​ឯង ហើយ​មាន​សេចក្ដី​វេទនា សេចក្ដី​ទុក្ខ​ព្រួយ​ក្នុង​ចិត្ត​ទូលបង្គំ​បាន​កើន​ឡើង​ជា​ខ្លាំង ឱ​សូម​នាំ​ទូលបង្គំ​ចេញ​ពី​សេចក្ដីទុក្ខ​លំបាក​នៃ​ទូលបង្គំ សូម​ពិនិត្យ​មើល​សេចក្ដី​វេទនា នឹង​សេចក្ដី​នឿយ​ព្រួយ​របស់​ទូលបង្គំ ហើយ​អត់​ទោស​អស់​ទាំង​បាប​របស់​ទូលបង្គំ​ផង សូម​ពិចារណា​មើល​ពួក​ខ្មាំង​ទូលបង្គំ​ដែល​មាន​គ្នា​ច្រើន ហើយ​មាន​សេចក្ដី​សំអប់ស្អប់​ដល់​ទូលបង្គំ ដោយ​ចិត្ត​សាហាវ​ណាស់ ឱ​សូម​រក្សា​ព្រលឹង​នៃ​ទូលបង្គំ ហើយ​ជួយ​ឲ្យ​រួច​ផង សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវខ្មាស​ឡើយ ដ្បិត​ទូលបង្គំ​ពឹងដល់​ទ្រង់ សូម​ឲ្យ​សេចក្ដី​សុចរិត នឹង​សេចក្ដី​ទៀង​ត្រង់ ការ‌ពារ​ទូលបង្គំ​ទុក ដ្បិត​ទូលបង្គំ​សង្ឃឹម​ដល់​ទ្រង់