ទំនុកតម្កើង 25:5-17
ទំនុកតម្កើង 25:5-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
សូមនាំ ហើយបង្រៀនទូលបង្គំ ក្នុងសេចក្ដីពិតរបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះដ៏ជួយសង្គ្រោះរបស់ទូលបង្គំ ទូលបង្គំសង្ឃឹមដល់ព្រះអង្គជារៀងរាល់ថ្ងៃ។ ឱព្រះយេហូវ៉ាអើយ សូមនឹកចាំពីព្រះហឫទ័យមេត្តាដ៏ទន់សន្ដោស និងព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ដ្បិតសេចក្ដីទាំងនោះ មានតាំងពីបុរាណរៀងមក។ សូមកុំនឹកចាំអំពើបាប ដែលទូលបង្គំប្រព្រឹត្តកាលនៅក្មេង ឬអំពើរំលងរបស់ទូលបង្គំឡើយ ឱព្រះយេហូវ៉ាអើយ សូមនឹកចាំពីទូលបង្គំ ដោយព្រះហឫទ័យសប្បុរសរបស់ព្រះអង្គវិញ ដោយយល់ដល់ព្រះគុណរបស់ព្រះអង្គ។ ព្រះយេហូវ៉ាល្អ ហើយទៀងត្រង់ ហេតុនេះហើយបានជាព្រះអង្គបង្រៀន មនុស្សបាបឲ្យស្គាល់ផ្លូវដែលត្រូវដើរ។ ព្រះអង្គនាំមនុស្សសុភាព ឲ្យប្រព្រឹត្តតាមមាគ៌ាដ៏ត្រឹមត្រូវ ហើយបង្រៀនមនុស្សរាបសារ ឲ្យស្គាល់ផ្លូវរបស់ព្រះអង្គ។ អស់ទាំងផ្លូវរបស់ព្រះយេហូវ៉ា សុទ្ធតែប្រកបដោយ ព្រះហឫទ័យសប្បុរស និងសេចក្ដីស្មោះត្រង់ ចំពោះអស់អ្នកដែលកាន់តាមសេចក្ដីសញ្ញា និងសេចក្ដីបន្ទាល់របស់ព្រះអង្គ។ ឱព្រះយេហូវ៉ាអើយ ដោយយល់ដល់ព្រះនាមព្រះអង្គ សូមអត់ទោសអំពើបាប ដ៏ធ្ងន់របស់ទូលបង្គំផង។ តើមានអ្នកណាដែលកោតខ្លាច ដល់ព្រះយេហូវ៉ាឬទេ? ព្រះអង្គនឹងបង្រៀនអ្នកនោះ ឲ្យស្គាល់ផ្លូវដែលត្រូវជ្រើសរើស។ ព្រលឹងអ្នកនោះនឹងនៅជាប់ ក្នុងសេចក្ដីសុខសាន្ត ហើយពូជពង្សអ្នកនោះ នឹងបានគ្រងស្រុកនេះជាមត៌ក។ មេត្រីភាពរបស់ព្រះយេហូវ៉ា គឺសម្រាប់អស់អ្នកណាដែលកោតខ្លាចព្រះអង្គ ហើយព្រះអង្គសម្ដែងឲ្យគេស្គាល់ សេចក្ដីសញ្ញារបស់ព្រះអង្គ។ ភ្នែកទូលបង្គំសម្លឹងឆ្លោះទៅរក ព្រះយេហូវ៉ាជានិច្ច ដ្បិតព្រះអង្គនឹងដោះជើងទូលបង្គំ ឲ្យរួចពីអន្ទាក់។ សូមបែរមកទូលបង្គំ ហើយប្រណីសន្ដោសទូលបង្គំផង ដ្បិតទូលបង្គំនៅឯកោ ហើយវេទនាជាខ្លាំង។ ទុក្ខព្រួយក្នុងចិត្តទូលបង្គំបានកើនឡើងជាខ្លាំង សូមដកទូលបង្គំចេញពីសេចក្ដីទុក្ខលំបាក របស់ទូលបង្គំទៅ។
ទំនុកតម្កើង 25:5-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សូមអប់រំទូលបង្គំឲ្យរស់នៅ ស្របតាមសេចក្ដីពិតរបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះសង្គ្រោះទូលបង្គំ ទូលបង្គំសង្ឃឹមលើព្រះអង្គជារៀងរាល់ថ្ងៃ។ ឱព្រះអម្ចាស់អើយ! សូមកុំភ្លេចថា តាំងពីដើមរៀងមក ព្រះអង្គតែងតែសម្តែងព្រះហឫទ័យអាណិតអាសូរ និងព្រះហឫទ័យមេត្តាករុណាចំពោះទូលបង្គំជានិច្ច។ សូមបំភ្លេចអំពើបាប និងកំហុស ដែលទូលបង្គំធ្លាប់ប្រព្រឹត្ត កាលនៅពីក្មេងនោះទៅ!។ ឱព្រះអម្ចាស់អើយ ទ្រង់តែងមានព្រះហឫទ័យមេត្តាករុណា និងព្រះហឫទ័យសប្បុរសជានិច្ច សូមកុំបំភ្លេចទូលបង្គំឡើយ!។ ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស និងទៀងត្រង់ ហេតុនេះហើយបានជាព្រះអង្គបង្ហាញ ឲ្យមនុស្សបាបស្គាល់មាគ៌ាដែលគេត្រូវដើរ។ ព្រះអង្គនាំមនុស្សមានចិត្តសុភាព ឲ្យដើរតាមមាគ៌ាដ៏សុចរិត ព្រះអង្គបង្រៀនគេឲ្យស្គាល់ ព្រះហឫទ័យរបស់ព្រះអង្គ។ ព្រះអម្ចាស់មានព្រះហឫទ័យមេត្តាករុណា និងស្មោះត្រង់ទាំងស្រុង ចំពោះអស់អ្នកដែលគោរពសម្ពន្ធមេត្រី* និងគោរពដំបូន្មានរបស់ព្រះអង្គ។ ឱព្រះអម្ចាស់អើយ! ទូលបង្គំមានកំហុសធ្ងន់ណាស់ ដោយយល់ដល់ព្រះនាមព្រះអង្គ សូមលើកលែងទោសឲ្យទូលបង្គំផង។ អ្នកណាគោរពកោតខ្លាចព្រះអម្ចាស់ ព្រះអង្គនឹងបង្ហាញឲ្យអ្នកនោះ ស្គាល់មាគ៌ាដែលគាត់ត្រូវជ្រើសរើស។ គាត់នឹងមានសុភមង្គលជានិច្ច ហើយពូជពង្សរបស់គាត់ នឹងបានគ្រប់គ្រងស្រុកនេះទុកជាមត៌ក។ ព្រះអម្ចាស់តែងតែសម្តែងភក្ដីភាព ចំពោះអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ ហើយបង្រៀនគេឲ្យគោរពសម្ពន្ធមេត្រី របស់ព្រះអង្គ។ ទូលបង្គំសម្លឹងឆ្ពោះទៅរកព្រះអម្ចាស់ជានិច្ច ព្រោះមានតែព្រះអង្គប៉ុណ្ណោះ ដែលអាចរំដោះទូលបង្គំឲ្យរួចពីអន្ទាក់។ សូមទតមកទូលបង្គំ ហើយប្រណីសន្ដោសទូលបង្គំផង! ដ្បិតទូលបង្គំនៅឯកោ និងវេទនាជាខ្លាំង។ ទូលបង្គំលំបាកចិត្តពន់ពេកណាស់ សូមដកការតប់ប្រមល់នេះ ចេញពីចិត្តទូលបង្គំទៅ។
ទំនុកតម្កើង 25:5-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សូមនាំ ហើយបង្រៀនទូលបង្គំ ក្នុងសេចក្ដីពិតរបស់ទ្រង់ផង ដ្បិតទ្រង់ជាព្រះដ៏ជួយសង្គ្រោះទូលបង្គំ ទូលបង្គំសង្ឃឹមដល់ទ្រង់ដរាបរាល់ថ្ងៃ ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំពីសេចក្ដីមេត្តា ដ៏ទន់សន្តោស នឹងសេចក្ដីសប្បុរសរបស់ទ្រង់ ដ្បិតសេចក្ដីទាំងនោះមាននៅពីបុរាណរៀងមក សូមកុំនឹកចាំពីបាបដែលទូលបង្គំប្រព្រឹត្តកាលនៅក្មេង ឬអំពើរំលងរបស់ទូលបង្គំនោះឡើយ ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំពីទូលបង្គំ ដោយសេចក្ដីសប្បុរសនៃទ្រង់វិញ ដោយយល់ដល់ព្រះគុណរបស់ទ្រង់ ព្រះយេហូវ៉ាទ្រង់ល្អ ហើយទៀងត្រង់ ដូច្នេះ ទ្រង់នឹងបង្ហាត់មនុស្សមានបាបឲ្យតាមផ្លូវទ្រង់វិញ ទ្រង់នឹងនាំមនុស្សសុភាពក្នុងសេចក្ដីយុត្តិធម៌ ហើយនឹងបង្រៀនមនុស្សរាបទាប ឲ្យស្គាល់ផ្លូវទ្រង់ អស់ទាំងផ្លូវនៃព្រះយេហូវ៉ា សុទ្ធតែប្រកប ដោយសេចក្ដីសប្បុរស នឹងសេចក្ដីពិត ចំពោះអស់អ្នកដែលកាន់តាមសេចក្ដីសញ្ញា នឹងសេចក្ដីបន្ទាល់របស់ទ្រង់ ឱព្រះយេហូវ៉ាអើយ សូមអត់ទោសការទុច្ចរិត ដ៏មានទំងន់របស់ទូលបង្គំផង ដោយយល់ដល់ព្រះនាមទ្រង់ តើមានមនុស្សណាដែលកោតខ្លាចដល់ព្រះយេហូវ៉ា ទ្រង់នឹងបង្ហាញឲ្យអ្នកនោះស្គាល់ផ្លូវដែលត្រូវរើសយក ព្រលឹងអ្នកនោះនឹងនៅដោយសុខសាន្ត ហើយពូជពង្សរបស់អ្នកនោះនឹងបានផែនដីជាមរដក សេចក្ដីមេត្រីមិត្ររបស់ព្រះយេហូវ៉ា នៅជាមួយនឹងអ្នកណាដែលកោតខ្លាចដល់ទ្រង់ ទ្រង់នឹងសំដែងឲ្យគេស្គាល់សេចក្ដីសញ្ញារបស់ទ្រង់ ភ្នែកទូលបង្គំមើលទៅឯព្រះយេហូវ៉ាជាដរាប ដ្បិតទ្រង់នឹងដោះជើងទូលបង្គំឲ្យរួចពីអន្ទាក់ សូមទ្រង់បែរមកមានសេចក្ដីមេត្តាដល់ទូលបង្គំផង ដ្បិតទូលបង្គំនៅតែឯង ហើយមានសេចក្ដីវេទនា សេចក្ដីទុក្ខព្រួយក្នុងចិត្តទូលបង្គំបានកើនឡើងជាខ្លាំង ឱសូមនាំទូលបង្គំចេញពីសេចក្ដីទុក្ខលំបាកនៃទូលបង្គំ