ទំនុកតម្កើង 24:1-6
ទំនុកតម្កើង 24:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ផែនដីជារបស់ព្រះយេហូវ៉ា ហើយអ្វីៗសព្វសារពើនៅលើផែនដី ពិភពលោក ព្រមទាំងអស់អ្នក ដែលរស់នៅក្នុងពិភពលោក ក៏ជារបស់ព្រះយេហូវ៉ាដែរ ដ្បិតព្រះអង្គបានចាក់គ្រឹះផែនដីនៅលើសមុទ្រ ហើយបានតាំងវាយ៉ាងមាំនៅលើទន្លេនានា។ ៙ តើអ្នកណាអាចឡើងទៅលើភ្នំ របស់ព្រះយេហូវ៉ាបាន? តើអ្នកណាអាចឈរនៅក្នុងទីបរិសុទ្ធ របស់ព្រះអង្គបាន? គឺជាអ្នកដែលមានដៃស្អាត និងចិត្តបរិសុទ្ធ ជាអ្នកដែលមិនបណ្ដោយឲ្យព្រលឹងខ្លួន ទៅតាមសេចក្ដីភូតភរ ក៏មិនពោលពាក្យស្បថបំពានឡើយ។ អ្នកនោះនឹងទទួលព្រះពរពីព្រះយេហូវ៉ា និងសេចក្ដីសុចរិតពីព្រះ ដ៏ជួយសង្គ្រោះរបស់ខ្លួន។ អ្នកទាំងនេះហើយជាពួកអ្នក ដែលស្វែងរកព្រះអង្គ គឺអ្នកដែលស្វែងរកព្រះភក្ត្រ នៃព្រះរបស់លោកយ៉ាកុប ។ -បង្អង់
ទំនុកតម្កើង 24:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ផែនដី និងអ្វីៗសព្វសារពើនៅលើផែនដីសុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ ពិភពលោក និងអ្វីៗទាំងអស់ដែលរស់នៅក្នុង ពិភពលោក ក៏ជាកម្មសិទ្ធិរបស់ព្រះអង្គដែរ! គឺព្រះអង្គហើយដែលបានចាក់គ្រឹះផែនដី ពីលើសមុទ្រ ហើយធ្វើឲ្យវាស្ថិតនៅយ៉ាងរឹងប៉ឹង ពីលើទន្លេនានា។ តើនរណាអាចឡើងទៅលើភ្នំ របស់ព្រះអម្ចាស់បាន? តើនរណាអាចឈរនៅក្នុងព្រះវិហារ ដ៏វិសុទ្ធរបស់ព្រះអង្គបាន? មានតែអ្នកប្រព្រឹត្តអំពើត្រឹមត្រូវ និងមានចិត្តបរិសុទ្ធប៉ុណ្ណោះ ទើបឡើងទៅបាន គឺអ្នកដែលមិនបណ្ដោយខ្លួនទៅថ្វាយបង្គំ ព្រះក្លែងក្លាយ និងនិយាយស្បថស្បែបំពាន។ ព្រះអម្ចាស់នឹងប្រទានពរដល់គេ ហើយព្រះជាម្ចាស់ជាព្រះសង្គ្រោះ នឹងប្រោសគេឲ្យបានសុចរិតដែរ។ គឺអ្នកទាំងនេះហើយដែលស្វែងរកព្រះអង្គ ជាអ្នកស្វែងរកព្រះរបស់លោកយ៉ាកុប។ - សម្រាក
ទំនុកតម្កើង 24:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ផែនដី នឹងសារពើនៅផែនដី ជារបស់ផងព្រះយេហូវ៉ា ព្រមទាំងលោកីយ នឹងបណ្តាអ្នកដែលនៅលោកីយផង ដ្បិតទ្រង់បានប្រតិស្ឋានផែនដីនៅលើសមុទ្រ ហើយបានតាំងឲ្យមាំមួននៅលើទឹកទាំងពួង។ ៙ តើអ្នកណានឹងឡើងទៅឯភ្នំនៃព្រះយេហូវ៉ា តើអ្នកណានឹងឈរនៅក្នុងទីបរិសុទ្ធរបស់ទ្រង់បាន គឺជាអ្នកដែលមានដៃស្អាត នឹងចិត្តបរិសុទ្ធ ជាអ្នកដែលមិនបណ្តោយឲ្យព្រលឹងខ្លួនទៅតាម សេចក្ដីភូតភរ ហើយមិនបានស្បថប្រវ័ញ្ចគេឡើយ អ្នកនោះនឹងទទួលពរពីព្រះយេហូវ៉ា ហើយនឹងសេចក្ដីសុចរិតពីព្រះដ៏ជួយសង្គ្រោះខ្លួន នោះហើយ ជាពួកអ្នកដែលរកតាមទ្រង់ គឺដែលស្វែងរកព្រះភក្ត្រទ្រង់ក្នុងពួកយ៉ាកុប។ បង្អង់