ទំនុកតម្កើង 21:8-11
ទំនុកតម្កើង 21:8-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះហស្តរបស់ព្រះករុណា នឹងរកឲ្យឃើញអស់ទាំង ខ្មាំងសត្រូវរបស់ព្រះអង្គ ព្រះហស្តស្តាំរបស់ព្រះករុណា នឹងរកឃើញអស់អ្នកដែលស្អប់ព្រះអង្គ។ នៅវេលាដែលព្រះករុណាយាងមកដល់ ទ្រង់នឹងធ្វើ ឲ្យគេបានដូចជាគុកភ្លើងដែលឆេះក្តៅ ព្រះយេហូវ៉ានឹងលបគេ ដោយសេចក្ដីក្រោធរបស់ព្រះអង្គ ហើយភ្លើងនឹងឆេះបំផ្លាញគេអស់ទៅ។ ព្រះករុណានឹងបំផ្លាញពូជវង្សរបស់គេ ឲ្យវិនាសបាត់ពីផែនដី ហើយកូនចៅរបស់គេ ពីកណ្ដាលពួកមនុស្សជាតិទៅដែរ។ ដ្បិតគេឃុបឃិតគ្នាធ្វើបាបព្រះករុណា តែគេមិនអាចសម្រេចតាមបំណងអាក្រក់ របស់ខ្លួនបានឡើយ។
ទំនុកតម្កើង 21:8-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះករុណានឹងចាប់ខ្មាំងសត្រូវទាំងប៉ុន្មាន របស់ព្រះអង្គ ព្រះអង្គនឹងប្រើអំណាចចាប់អស់អ្នក ដែលស្អប់ព្រះអង្គ។ នៅថ្ងៃព្រះករុណាយាងមកដល់ ទ្រង់នឹងកម្ទេចពួកគេដូចភ្លើងឆេះសុស សូមព្រះអម្ចាស់រំលាយពួកគេចោល ដោយសារព្រះពិរោធរបស់ព្រះអង្គ ហើយភ្លើងនឹងឆេះបំផ្លាញពួកគេ។ ព្រះករុណានឹងលុបបំបាត់ពូជពង្ស របស់ពួកគេឲ្យបាត់អស់ពីផែនដី ទ្រង់នឹងប្រហារពួកគេឲ្យផុតពូជ។ ពួកគេឃុបឃិតគ្នាធ្វើបាបព្រះករុណា តែពួកគេគ្មានកម្លាំងអាចសម្រេច តាមគម្រោងការរបស់ខ្លួនបានឡើយ
ទំនុកតម្កើង 21:8-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះហស្តទ្រង់នឹងស្វែងរក ទាល់តែឃើញអស់ទាំង ខ្មាំងសត្រូវរបស់ទ្រង់ ព្រះហស្តស្តាំទ្រង់នឹងរកឃើញអស់អ្នកណាដែលស្អប់ទ្រង់ដែរ នៅវេលាដែលទ្រង់គង់នៅចំពោះគេ នោះទ្រង់នឹងធ្វើ ឲ្យគេបានដូចជាគុកភ្លើងដែលឆេះក្តៅ ព្រះយេហូវ៉ាទ្រង់នឹងលេបគេ ដោយសេចក្ដីក្រោធរបស់ទ្រង់ ហើយភ្លើងនឹងឆេះបំផ្លាញគេអស់ទៅ ទ្រង់នឹងបំផ្លាញជំនួរវង្សគេ ឲ្យវិនាសបាត់ពីផែនដីចេញ ហើយពូជពង្សគេ ពីកណ្តាលពួកមនុស្សជាតិទៅដែរ ដ្បិតគេបានគិតប៉ងអាក្រក់ដល់ទ្រង់ គេកើតមានគំនិតដែលធ្វើទៅមិនបាន