ទំនុកតម្កើង 21:1-7
ទំនុកតម្កើង 21:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះយេហូវ៉ាអើយ ព្រះរាជាត្រេកអរណាស់ ចំពោះឫទ្ធានុភាពរបស់ព្រះអង្គ ហើយព្រះរាជារីករាយជាខ្លាំង ចំពោះការសង្គ្រោះរបស់ព្រះអង្គ! ព្រះអង្គបានប្រទានឲ្យព្រះរាជាបានដូចបំណង ហើយមិនបានខាននឹងប្រទានតាមសំណូម ដែលចេញពីបបូរមាត់ព្រះរាជាឡើយ។ –បង្អង់ ៙ ដ្បិតព្រះអង្គបានប្រទានព្រះពរ ដល់ព្រះរាជាជាបរិបូរ ព្រះអង្គបានបំពាក់មកុដមាសសុទ្ធ លើព្រះសិរសាព្រះរាជា។ ព្រះរាជាទូលសូមជីវិតពីព្រះអង្គ ព្រះអង្គក៏ប្រទានឲ្យ គឺឲ្យមានអាយុយឺនយូរ ជាអង្វែងតរៀងទៅ។ សិរីល្អរបស់ព្រះរាជាធំអស្ចារ្យ ដោយសារការសង្គ្រោះរបស់ព្រះអង្គ ព្រះអង្គប្រទានឲ្យព្រះរាជាមានកិត្តិយស និងអានុភាព។ ដ្បិតព្រះអង្គបានតាំងឲ្យព្រះរាជា មានព្រះពរជានិច្ច ព្រះអង្គធ្វើឲ្យព្រះរាជាមានអំណរដ៏ពោរពេញ នៅចំពោះព្រះអង្គ។ ដ្បិតព្រះរាជាទុកចិត្តដល់ព្រះយេហូវ៉ា ហើយដោយសារព្រះហឫទ័យសប្បុរស របស់ព្រះដ៏ខ្ពស់បំផុត នោះព្រះរាជានឹងមិនត្រូវរង្គើឡើយ។
ទំនុកតម្កើង 21:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់អើយ ព្រះរាជាមានអំណរណាស់ ព្រោះព្រះអង្គប្រទានកម្លាំង ព្រះរាជាមានអំណររីករាយជាខ្លាំង ព្រោះព្រះអង្គប្រទានឲ្យមានជ័យជម្នះ។ ព្រះអង្គប្រទានឲ្យព្រះរាជា បានទទួលអ្វីៗដែលទ្រង់ប្រាថ្នាចង់បាន គឺព្រះអង្គពុំបានបដិសេធពាក្យទូលអង្វរ របស់ព្រះរាជាឡើយ។ - សម្រាក ព្រះអង្គបានយាងមកជួបព្រះរាជា ទាំងនាំយកព្រះពរដ៏ប្រសើរមកជាមួយផង ព្រះអង្គបានយកមកុដមាសសុទ្ធ មកបំពាក់ព្រះសិរសារបស់ព្រះរាជា។ ពេលព្រះរាជាទូលសូមជីវិត ព្រះអង្គប្រទានឲ្យស្ដេចមានជីវិត និងមានជន្មាយុយឺនយូរជាអង្វែងតរៀងទៅ។ ដោយព្រះអង្គសង្គ្រោះ ព្រះរាជាបានទទួលសិរីរុងរឿងយ៉ាងខ្លាំង ព្រះអង្គប្រទានឲ្យទ្រង់បានថ្កុំថ្កើង ឧត្ដុង្គឧត្ដម។ ព្រះអង្គប្រទានឲ្យទ្រង់ បានប្រកបដោយព្រះពរជានិច្ច ដោយព្រះអង្គគង់នៅជាមួយ នោះព្រះរាជាមានអំណរយ៉ាងបរិបូណ៌។ ព្រះរាជាពឹងផ្អែកលើព្រះអម្ចាស់ ហើយដោយសារព្រះហឫទ័យសប្បុរស ស្មោះត្រង់របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត រាជ្យរបស់ព្រះរាជានឹងមិនត្រូវរលំសោះឡើយ។
ទំនុកតម្កើង 21:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះយេហូវ៉ាអើយ ទូលបង្គំដ៏ជាស្តេច នឹងមានសេចក្ដីអំណរចំពោះឫទ្ធានុភាពនៃទ្រង់ ហើយនឹងរីករាយសប្បាយជាខ្លាំង ចំពោះសេចក្ដីសង្គ្រោះនៃទ្រង់យ៉ាងណាហ្ន៎ ទ្រង់បានប្រោសឲ្យបានដូចបំណង ហើយមិនបានរង់នឹងប្រទាន តាមសេចក្ដីដែលបបូរមាត់សូមឡើយ។ –បង្អង់ ៙ ដ្បិតទ្រង់បានស្ទាក់ប្រទានពរនៃព្រះគុណ ទ្រង់បានបំពាក់មកុដមាសសុទ្ធនៅលើក្បាល ទូលបង្គំបានសូមជីវិតពីទ្រង់ ហើយទ្រង់ក៏ប្រទានឲ្យ គឺជាអាយុយឺនយូរដ៏នៅជាប់អស់កល្បជានិច្ចផង សិរីល្អនៃទូលបង្គំបានធំណាស់ ដោយសារសេចក្ដីសង្គ្រោះរបស់ទ្រង់ ទ្រង់ក៏តាំងឲ្យមានកិត្តិយស ហើយនឹងអានុភាពដែរ ដ្បិតទ្រង់បានតាំងទូលបង្គំ ឲ្យមានពរយ៉ាងបណ្តាច់ នៅអស់កល្ប ទ្រង់ក៏បណ្តាលឲ្យមានសេចក្ដីអំណរដ៏ពោរពេញ នៅចំពោះទ្រង់ ដ្បិតទូលបង្គំដ៏ជាស្តេច បានទុកចិត្តនឹងព្រះយេហូវ៉ា ហើយដោយសេចក្ដីសប្បុរសនៃព្រះដ៏ខ្ពស់បំផុត នោះទូលបង្គំមិនត្រូវរង្គើឡើយ