ទំនុកតម្កើង 21:1-13

ទំនុកតម្កើង 21:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ​រាជាត្រេក​អរ​ណាស់ ចំពោះ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ ហើយ​ព្រះ​រាជា​រីក‌រាយ​ជា​ខ្លាំង ចំពោះ​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ! ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យព្រះ​រាជា​បាន​ដូច​បំណង ហើយ​មិន​បាន​ខាន​នឹង​ប្រទានតាម​សំណូម ដែល​ចេញ​ពី​បបូរ​មាត់​ព្រះ​រាជា​ឡើយ។ –បង្អង់ ៙ ដ្បិត​ព្រះ‌អង្គ​បាន​ប្រទាន​ព្រះ​ពរ ដល់​ព្រះ​រាជា​ជា​បរិបូរ ព្រះ‌អង្គ​បាន​បំពាក់​មកុដ​មាស​សុទ្ធ លើ​ព្រះ​សិរសា​ព្រះ​រាជា។ ព្រះ​រាជា​ទូល​សូម​ជីវិត​ពី​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​ប្រទាន​ឲ្យ គឺ​ឲ្យ​មាន​អាយុ​យឺន‌យូរ ជា​អង្វែង​តរៀង​ទៅ។ សិរី‌ល្អ​របស់ព្រះ​រាជា​ធំ​អស្ចារ្យ ដោយ‌សារការ​សង្គ្រោះ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​ប្រទាន​ឲ្យ​ព្រះ​រាជា​មាន​កិត្តិយស និង​អានុភាព។ ដ្បិត​ព្រះ‌អង្គ​បាន​តាំង​ឲ្យ​ព្រះ​រាជា មាន​ព្រះ​ពរ​ជានិច្ច ព្រះ‌អង្គ​ធ្វើ​ឲ្យ​ព្រះ​រាជា​មាន​អំណរ​ដ៏​ពោរ‌ពេញ នៅ​ចំពោះ​ព្រះ‌អង្គ។ ដ្បិត​ព្រះ​រាជា​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា ហើយ​ដោយ​សារ​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ​ដ៏​ខ្ពស់​បំផុត នោះព្រះ​រាជានឹង​មិន​ត្រូវ​រង្គើ​ឡើយ។ ព្រះ‌ហស្ត​របស់​ព្រះ​ករុណា នឹង​រក​ឲ្យ​ឃើញ​អស់​ទាំង ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះករុណា នឹង​រក​ឃើញ​អស់​អ្នក​ដែល​ស្អប់​ព្រះ‌អង្គ។ នៅ​វេលា​ដែល​ព្រះ​ករុណា​យាង​មក​ដល់ ទ្រង់​នឹង​ធ្វើ ឲ្យ​គេ​បាន​ដូច​ជា​គុក​ភ្លើង​ដែល​ឆេះ​ក្តៅ ព្រះ‌យេហូវ៉ា​នឹង​លប​គេ ដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ហើយ​ភ្លើង​នឹង​ឆេះ​បំផ្លាញ​គេ​អស់​ទៅ។ ព្រះ​ករុណា​នឹង​បំផ្លាញ​ពូជ​វង្ស​របស់​គេ ឲ្យ​វិនាស​បាត់​ពី​ផែនដី ហើយ​កូន​ចៅ​របស់​គេ ពី​កណ្ដាល​ពួក​មនុស្ស​ជាតិ​ទៅ​ដែរ។ ដ្បិត​គេឃុប​ឃិត​គ្នា​ធ្វើ​បាប​ព្រះ​ករុណា តែ​គេ​មិន​អាច​សម្រេច​តាមបំណង​អាក្រក់ របស់​ខ្លួន​បាន​ឡើយ។ ដ្បិត​ព្រះ​ករុណា​ធ្វើ​ឲ្យ​ពួក‌គេដក​ខ្លួន​រត់ ទ្រង់​នឹង​ដំឡើង​ធ្នូ​តម្រង់​ចំ​មុខ​របស់​គេ។ ឱ​ព្រះ‌យេហូវ៉ា​អើយ សូមព្រះ‌អង្គ​បាន​ថ្កើង​ឡើង ដោយ​ឥទ្ធិ‌ឫទ្ធិ​របស់​ព្រះ‌អង្គ យើង​ខ្ញុំ​នឹង​ច្រៀង​សរសើរ ពី​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ។

ទំនុកតម្កើង 21:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​អើយ ព្រះ‌រាជា​មាន​អំណរ​ណាស់ ព្រោះ​ព្រះអង្គ​ប្រទាន​កម្លាំង ព្រះ‌រាជា​មាន​អំណរ​រីក‌រាយ​ជា​ខ្លាំង ព្រោះ​ព្រះអង្គ​ប្រទាន​ឲ្យ​មាន​ជ័យ‌ជម្នះ។ ព្រះអង្គ​ប្រទាន​ឲ្យ​ព្រះ‌រាជា បាន​ទទួល​អ្វីៗ​ដែល​ទ្រង់​ប្រាថ្នា​ចង់​បាន គឺ​ព្រះអង្គ​ពុំ​បាន​បដិសេធ​ពាក្យ​ទូល‌អង្វរ របស់​ព្រះ‌រាជា​ឡើយ។ - សម្រាក ព្រះអង្គ​បាន​យាង​មក​ជួប​ព្រះ‌រាជា ទាំង​នាំ​យក​ព្រះ‌ពរ​ដ៏​ប្រសើរ​មក​ជា​មួយ​ផង ព្រះអង្គ​បាន​យក​មកុដ​មាស​សុទ្ធ មក​បំពាក់​ព្រះ‌សិរសា​របស់​ព្រះ‌រាជា។ ពេល​ព្រះ‌រាជា​ទូល​សូម​ជីវិត ព្រះអង្គ​ប្រទាន​ឲ្យ​ស្ដេច​មាន​ជីវិត និង​មាន​ជន្មាយុ​យឺន‌យូរ​ជា​អង្វែង​ត​រៀង​ទៅ។ ដោយ​ព្រះអង្គ​សង្គ្រោះ ព្រះ‌រាជា​បាន​ទទួល​សិរី‌រុងរឿង​យ៉ាង​ខ្លាំង ព្រះអង្គ​ប្រទាន​ឲ្យ​ទ្រង់​បាន​ថ្កុំ‌ថ្កើង ឧត្ដុង្គ‌ឧត្ដម។ ព្រះអង្គ​ប្រទាន​ឲ្យ​ទ្រង់ បាន​ប្រកប​ដោយ​ព្រះ‌ពរ​ជានិច្ច ដោយ​ព្រះអង្គ​គង់​នៅ​ជា​មួយ នោះ​ព្រះ‌រាជា​មាន​អំណរ​យ៉ាង​បរិបូណ៌។ ព្រះ‌រាជា​ពឹង​ផ្អែក​លើ​ព្រះ‌អម្ចាស់ ហើយ​ដោយ‌សារ​ព្រះ‌ហឫទ័យ​សប្បុរស ស្មោះ​ត្រង់​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត រាជ្យ​របស់​ព្រះ‌រាជា​នឹង​មិន​ត្រូវ​រលំ​សោះ​ឡើយ។ ព្រះ‌ករុណា​នឹង​ចាប់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន របស់​ព្រះអង្គ ព្រះអង្គ​នឹង​ប្រើ​អំណាច​ចាប់​អស់​អ្នក ដែល​ស្អប់​ព្រះអង្គ។ នៅ​ថ្ងៃ​ព្រះ‌ករុណា​យាង​មក​ដល់ ទ្រង់​នឹង​កម្ទេច​ពួក​គេ​ដូច​ភ្លើង​ឆេះ​សុស សូម​ព្រះ‌អម្ចាស់​រំលាយ​ពួក​គេ​ចោល ដោយ‌សារ​ព្រះ‌ពិរោធ​របស់​ព្រះអង្គ ហើយ​ភ្លើង​នឹង​ឆេះ​បំផ្លាញ​ពួក​គេ។ ព្រះ‌ករុណា​នឹង​លុប​បំបាត់​ពូជ‌ពង្ស របស់​ពួក​គេ​ឲ្យ​បាត់​អស់​ពី​ផែនដី ទ្រង់​នឹង​ប្រហារ​ពួក​គេ​ឲ្យ​ផុត​ពូជ។ ពួក​គេ​ឃុប‌ឃិត​គ្នា​ធ្វើ​បាប​ព្រះ‌ករុណា តែ​ពួក​គេ​គ្មាន​កម្លាំង​អាច​សម្រេច តាម​គម្រោង‌ការ​របស់​ខ្លួន​បាន​ឡើយ ដ្បិត​ព្រះ‌ករុណា​បាន​ធ្វើ​ឲ្យ​ពួក​គេ​បរា‌ជ័យ ហើយ​ព្រះអង្គ​យឹត​ធ្នូ​បាញ់​ពួក​គេ​ចំ​ពី​មុខ។ ឱ​ព្រះ‌អម្ចាស់​អើយ សូម​តើន​ឡើង​សម្តែង​ឫទ្ធិ‌បារមី! យើង​ខ្ញុំ​សូម​ច្រៀង និង​ស្មូត្រ​លើក​ទំនុកតម្កើង ឫទ្ធា‌នុភាព​របស់​ព្រះអង្គ!

ទំនុកតម្កើង 21:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​ដ៏​ជា​ស្តេច នឹង​មាន​សេចក្ដី​អំណរ​ចំពោះ​ឫទ្ធា‌នុភាព​នៃ​ទ្រង់ ហើយ​នឹង​រីក‌រាយ​សប្បាយ​ជា​ខ្លាំង ចំពោះ​សេចក្ដី​សង្គ្រោះ​នៃ​ទ្រង់​យ៉ាង​ណា​ហ្ន៎ ទ្រង់​បាន​ប្រោស​ឲ្យ​បាន​ដូច​បំណង ហើយ​មិន​បាន​រង់​នឹង​ប្រទាន តាម​សេចក្ដី​ដែល​បបូរ​មាត់​សូម​ឡើយ។ –បង្អង់ ៙ ដ្បិត​ទ្រង់​បាន​ស្ទាក់​ប្រទាន​ពរ​នៃ​ព្រះ‌គុណ ទ្រង់​បាន​បំពាក់​មកុដ​មាស​សុទ្ធ​នៅ​លើ​ក្បាល ទូលបង្គំ​បាន​សូម​ជីវិត​ពី​ទ្រង់ ហើយ​ទ្រង់​ក៏​ប្រទាន​ឲ្យ គឺ​ជា​អាយុ​យឺន‌យូរ​ដ៏​នៅ​ជាប់​អស់‌កល្ប‌ជានិច្ច​ផង សិរី‌ល្អ​នៃ​ទូលបង្គំ​បាន​ធំ​ណាស់ ដោយ‌សារ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់ ទ្រង់​ក៏​តាំង​ឲ្យ​មាន​កិត្តិយស ហើយ​នឹង​អានុ‌ភាព​ដែរ ដ្បិត​ទ្រង់​បាន​តាំង​ទូលបង្គំ ឲ្យ​មាន​ពរ​យ៉ាង​បណ្តាច់ នៅ​អស់‌កល្ប ទ្រង់​ក៏​បណ្តាល​ឲ្យ​មាន​សេចក្ដី​អំណរ​ដ៏​ពោរ‌ពេញ នៅ​ចំពោះ​ទ្រង់ ដ្បិត​ទូលបង្គំ​ដ៏​ជា​ស្តេច បាន​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា ហើយ​ដោយ​សេចក្ដី​សប្បុរស​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត នោះ​ទូលបង្គំ​មិន​ត្រូវ​រង្គើ​ឡើយ ព្រះ‌ហស្ត​ទ្រង់​នឹង​ស្វែង​រក ទាល់​តែ​ឃើញ​អស់​ទាំង ខ្មាំង​សត្រូវ​របស់​ទ្រង់ ព្រះ‌ហស្ត​ស្តាំ​ទ្រង់​នឹង​រក​ឃើញ​អស់​អ្នក​ណា​ដែល​ស្អប់​ទ្រង់​ដែរ នៅ​វេលា​ដែល​ទ្រង់​គង់​នៅ​ចំពោះ​គេ នោះ​ទ្រង់​នឹង​ធ្វើ ឲ្យ​គេ​បាន​ដូច​ជា​គុក​ភ្លើង​ដែល​ឆេះ​ក្តៅ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​លេប​គេ ដោយ​សេចក្ដី​ក្រោធ​របស់​ទ្រង់ ហើយ​ភ្លើង​នឹង​ឆេះ​បំផ្លាញ​គេ​អស់​ទៅ ទ្រង់​នឹង​បំផ្លាញ​ជំនួរ​វង្ស​គេ ឲ្យ​វិនាស​បាត់​ពី​ផែនដី​ចេញ ហើយ​ពូជ‌ពង្ស​គេ ពី​កណ្តាល​ពួក​មនុស្ស​ជាតិ​ទៅ​ដែរ ដ្បិត​គេ​បាន​គិត​ប៉ង​អាក្រក់​ដល់​ទ្រង់ គេ​កើត​មាន​គំនិត​ដែល​ធ្វើ​ទៅ​មិន​បាន ពី​ព្រោះ​ទ្រង់​នឹង​ធ្វើ​ឲ្យ​គេ​ត្រឡប់​បែរ​ខ្នង​វិញ ទ្រង់​នឹង​ដំឡើង​ធ្នូ​ដំរង់​ចំ​មុខ​គេ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​ទ្រង់​បាន​ថ្កើង​ឡើង ដោយ​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់ នោះ​យើង​ខ្ញុំ​នឹង​ច្រៀង​សរសើរ​ពី​ព្រះ‌ចេស្តា​នៃ​ទ្រង់។