ទំនុកតម្កើង 19:7-14
ទំនុកតម្កើង 19:7-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ ក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាល្អគ្រប់លក្ខណ៍ ក៏កែព្រលឹងឡើងវិញ បន្ទាល់របស់ព្រះយេហូវ៉ានោះពិតប្រាកដ ក៏ធ្វើឲ្យមនុស្សខ្លៅល្ងង់មានប្រាជ្ញា ព្រះឱវាទរបស់ព្រះយេហូវ៉ាសុទ្ធតែត្រឹមត្រូវ ក៏ធ្វើឲ្យចិត្តរីករាយសប្បាយ បទបញ្ជារបស់ព្រះយេហូវ៉ាស្អាតបរិសុទ្ធ ក៏បំភ្លឺភ្នែក ការកោតខ្លាចដល់ព្រះយេហូវ៉ា នោះស្អាតបរិសុទ្ធ ក៏ស្ថិតស្ថេរនៅជាដរាប។ វិន័យរបស់ព្រះយេហូវ៉ាសុទ្ធតែពិតត្រង់ ហើយសុចរិតគ្រប់ជំពូក។ សេចក្ដីទាំងនោះគួរប្រាថ្នា ចង់បានលើសជាងមាស អើ លើសជាងមាសសុទ្ធជាច្រើនទៅទៀត ក៏ផ្អែមជាងទឹកឃ្មុំ ហើយជាងដំណក់ ស្រក់ពីសំណុំផង។ មួយទៀត ទូលបង្គំជាអ្នកបម្រើព្រះអង្គ ក៏ចេះប្រយ័ត្ន ដោយសារសេចក្ដីទាំងនោះ ហើយដែលកាន់តាមនោះមានរង្វាន់យ៉ាងធំ។ តើអ្នកណានឹងស្គាល់អំពើខុសឆ្គង របស់ខ្លួនបាន? សូមជម្រះទូលបង្គំឲ្យបានស្អាតពីកំហុស ដែលលាក់កំបាំងផង។ សូមរាំងរាទូលបង្គំជាអ្នកបម្រើព្រះអង្គ ពីអំពើបាបដែលធ្វើដោយល្មើស ដែរ សូមកុំឲ្យអំពើបាបនោះ មានអំណាចលើទូលបង្គំឡើយ នោះទូលបង្គំនឹងបានឥតសៅហ្មង ហើយរួចផុតពីអំពើរំលងដ៏ធំ។ ឱព្រះយេហូវ៉ា ជាថ្មដា និងជាអ្នកប្រោសលោះនៃ ទូលបង្គំអើយ សូមឲ្យពាក្យសម្ដី ដែលចេញមកពីមាត់ទូលបង្គំ និងការរំពឹងគិតក្នុងចិត្តរបស់ទូលបង្គំ បានជាទីគាប់ព្រះហឫទ័យ នៅចំពោះព្រះនេត្រព្រះអង្គ។
ទំនុកតម្កើង 19:7-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រឹត្យវិន័យ*របស់ព្រះអម្ចាស់ល្អឥតខ្ចោះ ធ្វើឲ្យមានកម្លាំងចិត្តឡើងវិញ ដំបូន្មានរបស់ព្រះអម្ចាស់គួរជាទីទុកចិត្ត ធ្វើឲ្យមនុស្សល្ងិតល្ងង់បែរទៅជាមានប្រាជ្ញា ព្រះឱវាទរបស់ព្រះអម្ចាស់សុទ្ធតែត្រឹមត្រូវ ធ្វើឲ្យចិត្តមានអំណរសប្បាយ បទបញ្ជារបស់ព្រះអម្ចាស់ ល្អត្រចះត្រចង់ បំភ្លឺចិត្តគំនិតឲ្យបានយល់។ ការគោរពកោតខ្លាចព្រះអម្ចាស់ជាអំពើមួយ ល្អបរិសុទ្ធណាស់ ហើយស្ថិតស្ថេររហូតតទៅ។ វិន័យរបស់ព្រះអម្ចាស់ សុទ្ធតែត្រឹមត្រូវ និងសុចរិតទាំងអស់ គួរឲ្យប្រាថ្នាជាងមាសសុទ្ធដ៏ច្រើន ព្រមទាំងផ្អែមជាងទឹកឃ្មុំដែលហូរ ចេញពីសំបុកទៅទៀត។ សេចក្ដីទាំងនេះបានបំភ្លឺទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ ហើយដោយការប្រព្រឹត្តតាម ទូលបង្គំបានទទួលផលយ៉ាងបរិបូណ៌។ គ្មាននរណាម្នាក់អាចមើលឃើញកំហុស ដែលខ្លួនប្រព្រឹត្តដោយ អចេតនានោះបានឡើយ សូមលើកលែងទោសឲ្យទូលបង្គំ នូវកំហុសណាដែលទូលបង្គំមើល មិនឃើញនោះផង។ សូមការពារទូលបង្គំឲ្យរួចពីចិត្តអួតបំប៉ោង សូមកុំឲ្យចិត្តអួតបំប៉ោងនេះ ធ្វើជាម្ចាស់លើទូលបង្គំបានឡើយ ធ្វើដូច្នេះ ទូលបង្គំនឹងបានឥតសៅហ្មង ឥតជាប់ជំពាក់នឹងអំពើបាបដ៏ធ្ងន់នេះទេ។ ព្រះអម្ចាស់អើយ សូមប្រោសប្រណីទទួលពាក្យដែលទូលបង្គំទូលថ្វាយ ព្រមទាំងទទួលគំនិតដែលទូលបង្គំរិះគិត នៅចំពោះព្រះភ័ក្ត្រព្រះអង្គនេះផង ដ្បិតព្រះអង្គជាថ្មដា និងជាព្រះដែលការពារទូលបង្គំ!។
ទំនុកតម្កើង 19:7-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
៙ ឯក្រិត្យវិន័យរបស់ព្រះយេហូវ៉ានោះគ្រប់លក្ខណ៍ ក៏កែព្រលឹងឡើងវិញ សេចក្ដីបន្ទាល់នៃព្រះយេហូវ៉ាជាពិត ក៏ធ្វើឲ្យមនុស្សខ្លៅល្ងង់មានប្រាជ្ញា សេចក្ដីបញ្ញត្តរបស់ព្រះយេហូវ៉ាសុទ្ធតែទៀងត្រង់ ក៏បណ្តាលឲ្យចិត្តរីករាយសប្បាយ ក្រិត្យក្រមនៃព្រះយេហូវ៉ាជាសុទ្ធសាធ ក៏បំភ្លឺភ្នែក សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះជាបរិសុទ្ធ ក៏នៅជាប់ជារៀងរាបដរាប អស់ទាំងខច្បាប់របស់ព្រះយេហូវ៉ាសុទ្ធតែពិតត្រង់ ហើយសុចរិតគ្រប់ជំពូក សេចក្ដីទាំងនោះគួរចង់បានលើសជាងមាស អើ ជាជាងមាសសុទ្ធជាច្រើនផង ក៏ផ្អែមជាងទឹកឃ្មុំ ហើយជាងដំណក់ស្រក់ពីសំណុះផង មួយទៀត ទូលបង្គំ ជាអ្នកបំរើទ្រង់ ក៏ចេះប្រយ័ត ដោយសារសេចក្ដីទាំងនោះដែរ ហើយដែលកាន់តាម នោះក៏មានរង្វាន់យ៉ាងធំ តើអ្នកណានឹងស្គាល់អំពើខុសឆ្គងរបស់ខ្លួនបាន សូមជំរះទូលបង្គំឲ្យជ្រះស្អាតពីអំពើលាក់កំបាំងផង សូមរាំងរាទូលបង្គំ ជាអ្នកបំរើទ្រង់ ឲ្យរួចពីបាបដែលធ្វើដោយល្មើសដែរ កុំឲ្យបាបនោះមានអំណាចលើទូលបង្គំឡើយ នោះទូលបង្គំនឹងបានទៀងត្រង់ ហើយនឹងបានរួចពីអំពើ រំលងយ៉ាងធំផង ឱព្រះយេហូវ៉ា ជាថ្មដា ហើយជាអ្នកប្រោសលោះនៃ ទូលបង្គំអើយ សូមឲ្យពាក្យសំដីដែលចេញមកពីមាត់ទូលបង្គំ នឹងការរំពឹងគិតក្នុងចិត្តរបស់ទូលបង្គំ បានគួរគាប់នៅព្រះនេត្រទ្រង់។