ទំនុកតម្កើង 18:7-15
ទំនុកតម្កើង 18:7-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ ពេលនោះ ផែនដីបានកក្រើក ហើយរញ្ជួយ គ្រឹះភ្នំទាំងឡាយក៏ញាប់ញ័រ ហើយរំពើកឡើង ព្រោះព្រះអង្គក្រោធ។ មានផ្សែងហុយចេញពីព្រះនាសាព្រះអង្គ ហើយមានភ្លើងបញ្ឆេះ ចេញពីព្រះឱស្ឋព្រះអង្គមក ក៏មានរងើកភ្លើងឆេះ ជាអណ្ដាតមកពីព្រះអង្គដែរ។ ព្រះអង្គបានបន្ទាបផ្ទៃមេឃ ហើយយាងចុះមក មានងងឹតយ៉ាងក្រាស់ នៅក្រោមព្រះបាទព្រះអង្គ ព្រះអង្គគង់លើចេរូប៊ីម ហើយហោះមក ព្រះអង្គហោះសំកាំងនៅលើខ្យល់។ ព្រះអង្គបានយកភាពងងឹតធ្វើជាទីបាំងអង្គទ្រង់ ជាពន្លានៅព័ទ្ធជុំវិញ ជាពពកខ្មៅក្រាស់ពេញដោយទឹក។ ឯពន្លឺភ្លឺនៅចំពោះព្រះអង្គ មានព្រឹល និងរងើកភ្លើង ចេញមកតាមពពករបស់ព្រះអង្គ។ ព្រះយេហូវ៉ាធ្វើឲ្យមានផ្គរលាន់នៅលើមេឃ ព្រះដ៏ខ្ពស់បំផុត ព្រះអង្គបន្លឺព្រះសូរសៀង ព្រមទាំងព្រឹល និងរងើកភ្លើង។ ព្រះអង្គបាញ់ព្រួញរបស់ព្រះអង្គ ទៅកម្ចាត់កម្ចាយគេ ព្រះអង្គបាញ់ផ្លេកបន្ទោរទៅបំបាក់ពួកគេ។ ពេលនោះ បាតសមុទ្រក៏លេចឲ្យឃើញ ហើយគ្រឹះផែនដីលេចចេញមក ដោយព្រះអង្គបន្ទោស ឱព្រះយេហូវ៉ាអើយ គឺដោយខ្យល់គំហុក ចេញមកពីព្រះនាសាព្រះអង្គ។
ទំនុកតម្កើង 18:7-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ ផែនដីក៏កក្រើកញាប់ញ័រ ភ្នំទាំងឡាយត្រូវរង្គើរហូតដល់គ្រឹះរបស់វា ហើយកក្រើក ដោយសារព្រះអង្គទ្រង់ព្រះពិរោធ។ មានផ្សែងហុយចេញមកពីព្រះនាសារបស់ព្រះអង្គ ព្រះអង្គផ្លុំភ្លើងដែលឆាបឆេះចេញមក ហើយក៏មានរងើកភ្លើងខ្ទាតចេញមក ពីព្រះឱស្ឋរបស់ព្រះអង្គដែរ។ ព្រះអង្គបានផ្អៀងផ្ទៃមេឃ ទ្រង់យាងចុះមក ដោយមានពពកយ៉ាងក្រាស់ នៅពីក្រោមព្រះបាទាផង។ ព្រះអង្គយាងគង់លើចេរូប៊ីន* ហើយហោះមក ព្រះអង្គគង់នៅលើវាយោ ដូចគង់នៅលើស្លាបបក្សី។ ព្រះអង្គយកភាពងងឹតធ្វើជាកន្លែងពួន ហើយយកពពកខ្មៅក្រាស់ពេញទៅដោយទឹក ធ្វើជាព្រះពន្លា។ មានផ្លេកបន្ទោរចេញមកពីពពក ភ្លឺនៅខាងមុខព្រះអង្គ ហើយមានព្រឹល និងរងើកភ្លើងធ្លាក់ចុះមក។ ព្រះអម្ចាស់ធ្វើឲ្យមានស្នូរផ្គរលាន់នៅលើមេឃ ព្រះដ៏ខ្ពង់ខ្ពស់បំផុតបន្លឺព្រះសូរសៀង។ ព្រះអង្គបាញ់ព្រួញរបស់ព្រះអង្គទៅលើខ្មាំងសត្រូវ ដើម្បីកម្ចាត់កម្ចាយពួកគេ។ ព្រះអង្គបាញ់ផ្លេកបន្ទោរ ធ្វើឲ្យពួកគេបាក់ទ័ព។ ឱព្រះអម្ចាស់អើយ ព្រះបន្ទូលគំរាមរបស់ព្រះអង្គ និងខ្យល់ព្យុះ ដែលបក់ចេញមកពីព្រះនាសារបស់ព្រះអង្គ បានធ្វើឲ្យបាតសមុទ្រលេចចេញមក ហើយគ្រឹះរបស់ផែនដីក៏លេចមកដែរ។
ទំនុកតម្កើង 18:7-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះផែនដីបានកក្រើក ឫសភ្នំទាំងប៉ុន្មានក៏ញ័ររញ្ជួយ ហើយរំពើកឡើង ពីព្រោះទ្រង់មានសេចក្ដីក្រោធ មានផ្សែងហុយចេញពីព្រះនាសាទ្រង់ ហើយមានភ្លើងចេញពីព្រះឱស្ឋទ្រង់មកបញ្ឆេះបំផ្លាញ ក៏កាត់ឡើងជារងើកដែរ ទ្រង់បានបន្ទាបផ្ទៃមេឃ ហើយយាងចុះមក មានងងឹតយ៉ាងក្រាស់ នៅក្រោមព្រះបាទទ្រង់ ទ្រង់គង់លើចេរូប៊ីនហោះមក អើ ទ្រង់ក៏សំកាំងនៅលើខ្យល់ ទ្រង់បានយកសេចក្ដីងងឹតធ្វើជាទីបាំងអង្គទ្រង់ ជាពន្លានៅព័ទ្ធជុំវិញ គឺជាទីងងឹតនៃទឹក ជាពពកយ៉ាងក្រាស់នៅលើមេឃ ពពកយ៉ាងក្រាស់របស់ទ្រង់ក៏រសាត់ចេញ ដោយរស្មីនៅចំពោះទ្រង់ ព្រមទាំងព្រឹល នឹងរងើកភ្លើងផង ព្រះយេហូវ៉ាទ្រង់បញ្ចេញជាផ្គរនៅលើមេឃ ព្រះដ៏ខ្ពស់បំផុត ទ្រង់បញ្ចេញព្រះសូរសៀង ព្រមទាំងព្រឹល នឹងរងើកភ្លើងផង ក៏បាញ់ព្រួញនៃទ្រង់ទៅកំចាត់កំចាយគេ នឹងរន្ទះជាច្រើន ទៅបំបាក់ពួកគេ នោះបាតផ្លូវទឹកក៏លេចឡើង ហើយឫសលោកីយបានបើកឲ្យឃើញ ដោយទ្រង់បន្ទោស ឱព្រះយេហូវ៉ាអើយ គឺដោយឮសូរខ្យល់គំហុក ចេញពីព្រះនាសាទ្រង់