ទំនុកតម្កើង 18:6-12

ទំនុកតម្កើង 18:6-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

៙ ក្នុង​គ្រា​ដែល​ខ្ញុំ​មាន​ទុក្ខ​វេទនា ទូល‌បង្គំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ខ្ញុំបាន​ស្រែក​រក​ជំនួយ​ដល់​ព្រះ​នៃ​ខ្ញុំ ពី​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​ឮ​សំឡេង​ខ្ញុំ ហើយ​សម្រែក​ដែល​ខ្ញុំ​ស្រែក​រក​ព្រះ‌អង្គ បាន​ទៅ​ដល់​ព្រះ‌កាណ៌​របស់​ព្រះ‌អង្គ។ ៙ ពេល​នោះ ផែនដី​បាន​កក្រើក ហើយ​រញ្ជួយ គ្រឹះ​ភ្នំ​ទាំង​ឡាយ​ក៏​ញាប់​ញ័រ ហើយ​រំពើក​ឡើង ព្រោះ​ព្រះ‌អង្គ​ក្រោធ។ មាន​ផ្សែង​ហុយ​ចេញ​ពី​ព្រះ‌នាសា​ព្រះ‌អង្គ ហើយ​មាន​ភ្លើង​បញ្ឆេះ ចេញ​ពី​ព្រះ‌ឱស្ឋ​ព្រះ‌អង្គ​មក ក៏​មាន​រងើក​ភ្លើង​ឆេះ ជា​អណ្ដាតមក​ពីព្រះ‌អង្គ​ដែរ។ ព្រះ‌អង្គ​បាន​បន្ទាប​ផ្ទៃ​មេឃ ហើយ​យាង​ចុះ​មក មាន​ងងឹត​យ៉ាង​ក្រាស់ នៅ​ក្រោម​ព្រះ‌បាទ​ព្រះ‌អង្គ ព្រះ‌អង្គ​គង់​លើ​ចេរូ‌ប៊ីម ហើយ​ហោះ​មក ព្រះ‌អង្គ​ហោះ​សំកាំង​នៅ​លើ​ខ្យល់។ ព្រះ‌អង្គ​បាន​យក​ភាព​ងងឹត​ធ្វើ​ជា​ទី​បាំង​អង្គ​ទ្រង់ ជា​ពន្លា​នៅ​ព័ទ្ធ​ជុំ‌វិញ ជា​ពពកខ្មៅ​ក្រាស់​ពេញ​ដោយ​ទឹក។ ឯ​ពន្លឺ​ភ្លឺ​នៅ​ចំពោះ​ព្រះ‌អង្គ មាន​ព្រឹល និង​រងើក​ភ្លើង ចេញ​មក​តាម​ពពក​របស់​ព្រះ‌អង្គ។

ទំនុកតម្កើង 18:6-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ពេល​មាន​ទុក្ខ​វេទនា ខ្ញុំ​អង្វរ​រក​ព្រះ‌អម្ចាស់ ខ្ញុំ​ស្រែក​ហៅ​រក​ព្រះ​របស់​ខ្ញុំ ពី​ក្នុង​ព្រះ‌វិហារ​របស់​ព្រះអង្គ ទ្រង់​ព្រះ‌សណ្ដាប់​ឮ​សំឡេង​ខ្ញុំ ហើយ​ស្នូរ​សម្រែក​របស់​ខ្ញុំ​បាន​ឮ​ទៅ​ដល់ ព្រះ‌កាណ៌​របស់​ព្រះអង្គ។ ពេល​នោះ ផែនដី​ក៏​កក្រើក​ញាប់‌ញ័រ ភ្នំ​ទាំង‌ឡាយ​ត្រូវ​រង្គើ​រហូត​ដល់​គ្រឹះ​របស់​វា ហើយ​កក្រើក ដោយ‌សារ​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ។ មាន​ផ្សែង​ហុយ​ចេញ​មក​ពី​ព្រះ‌នាសា​របស់​ព្រះអង្គ ព្រះអង្គ​ផ្លុំ​ភ្លើង​ដែល​ឆាប‌ឆេះ​ចេញ​មក ហើយ​ក៏​មាន​រងើក​ភ្លើង​ខ្ទាត​ចេញ​មក ពី​ព្រះ‌ឱស្ឋ​របស់​ព្រះអង្គ​ដែរ។ ព្រះអង្គ​បាន​ផ្អៀង​ផ្ទៃ​មេឃ ទ្រង់​យាង​ចុះ​មក ដោយ​មាន​ពពក​យ៉ាង​ក្រាស់ នៅ​ពី​ក្រោម​ព្រះ‌បាទា​ផង។ ព្រះអង្គ​យាង​គង់​លើ​ចេរូប៊ីន* ហើយ​ហោះ​មក ព្រះអង្គ​គង់​នៅ​លើ​វាយោ ដូច​គង់​នៅ​លើ​ស្លាប​បក្សី។ ព្រះអង្គ​យក​ភាព​ងងឹត​ធ្វើ​ជា​កន្លែង​ពួន ហើយ​យក​ពពក​ខ្មៅ​ក្រាស់​ពេញ​ទៅ​ដោយ​ទឹក ធ្វើ​ជា​ព្រះ‌ពន្លា។ មាន​ផ្លេក​បន្ទោរ​ចេញ​មក​ពី​ពពក ភ្លឺ​នៅ​ខាង​មុខ​ព្រះអង្គ ហើយ​មាន​ព្រឹល និង​រងើក​ភ្លើង​ធ្លាក់​ចុះ​មក។

ទំនុកតម្កើង 18:6-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្នុង​គ្រា​ដែល​ទូលបង្គំ​មាន​សេចក្ដី​វេទនា នោះ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ទូលបង្គំ​បាន​ស្រែក​ទូល​ដល់​ព្រះ​នៃ​ទូលបង្គំ ទ្រង់​ក៏​ឮ​សំឡេង​ទូលបង្គំ ពី​ក្នុង​ព្រះ‌វិហារ​ទ្រង់ ហើយ​សំរែក​ដែល​ទូលបង្គំ​ស្រែក នៅ​ចំពោះ​ទ្រង់ ក៏​ឮ​ដល់​ព្រះ‌កាណ៌​ទ្រង់ នោះ​ផែនដី​បាន​កក្រើក ឫស​ភ្នំ​ទាំង​ប៉ុន្មាន​ក៏​ញ័រ​រញ្ជួយ ហើយ​រំពើក​ឡើង ពី​ព្រោះ​ទ្រង់​មាន​សេចក្ដី​ក្រោធ មាន​ផ្សែង​ហុយ​ចេញ​ពី​ព្រះ‌នាសា​ទ្រង់ ហើយ​មាន​ភ្លើង​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក​បញ្ឆេះ​បំផ្លាញ ក៏​កាត់​ឡើង​ជា​រងើក​ដែរ ទ្រង់​បាន​បន្ទាប​ផ្ទៃ​មេឃ ហើយ​យាង​ចុះ​មក មាន​ងងឹត​យ៉ាង​ក្រាស់ នៅ​ក្រោម​ព្រះ‌បាទ​ទ្រង់ ទ្រង់​គង់​លើ​ចេរូប៊ីន​ហោះ​មក អើ ទ្រង់​ក៏​សំកាំង​នៅ​លើ​ខ្យល់ ទ្រង់​បាន​យក​សេចក្ដី​ងងឹត​ធ្វើ​ជា​ទី​បាំង​អង្គ​ទ្រង់ ជា​ពន្លា​នៅ​ព័ទ្ធ​ជុំវិញ គឺ​ជា​ទី​ងងឹត​នៃ​ទឹក ជា​ពពក​យ៉ាង​ក្រាស់​នៅ​លើ​មេឃ ពពក​យ៉ាង​ក្រាស់​របស់​ទ្រង់​ក៏​រសាត់​ចេញ ដោយ​រស្មី​នៅ​ចំពោះ​ទ្រង់ ព្រម​ទាំង​ព្រឹល នឹង​រងើក​ភ្លើង​ផង