ទំនុកតម្កើង 18:20-27
ទំនុកតម្កើង 18:20-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ ព្រះយេហូវ៉ាបានប្រទានរង្វាន់ដល់ខ្ញុំ តាមសេចក្ដីសុចរិតរបស់ខ្ញុំ ព្រះអង្គបានសងខ្ញុំ តាមអំពើបរិសុទ្ធដែលដៃខ្ញុំធ្វើ។ ដ្បិតខ្ញុំបានកាន់តាម អស់ទាំងផ្លូវរបស់ព្រះយេហូវ៉ា ហើយមិនបានថយចេញពីព្រះនៃខ្ញុំ ដោយប្រព្រឹត្តអំពើអាក្រក់ឡើយ។ ដ្បិតអស់ទាំងវិន័យរបស់ព្រះអង្គ នៅចំពោះមុខខ្ញុំ ហើយខ្ញុំមិនបានងាកចេញពីបញ្ញត្តិ របស់ព្រះអង្គទេ។ ខ្ញុំគ្មានសៅហ្មងនៅចំពោះព្រះអង្គ ហើយខ្ញុំបានរក្សាខ្លួនមិនឲ្យមានកំហុសឡើយ។ ហេតុនេះ ព្រះយេហូវ៉ាបានប្រទានរង្វាន់ដល់ខ្ញុំ តាមអំពើសុចរិតរបស់ខ្ញុំ គឺតាមអំពើបរិសុទ្ធ ដែលដៃខ្ញុំធ្វើ នៅចំពោះព្រះនេត្រព្រះអង្គ។ ៙ ចំពោះអ្នកដែលមានចិត្តមេត្តា ព្រះអង្គសម្ដែងអង្គទ្រង់ជាអ្នកមានចិត្តមេត្តា ចំពោះអ្នកដែលមានចិត្តស្មោះស ព្រះអង្គសម្ដែងអង្គទ្រង់ជាអ្នកមានចិត្តស្មោះស ចំពោះអ្នកដែលមានចិត្តបរិសុទ្ធ ព្រះអង្គសម្ដែងអង្គទ្រង់ជាអ្នកបរិសុទ្ធ ហើយចំពោះអ្នកដែលមានចិត្តវៀចវេរ ព្រះអង្គសម្ដែងអង្គទ្រង់ជាអ្នកទាស់ប្រឆាំង។ ដ្បិតព្រះអង្គសង្គ្រោះមនុស្សរាបសា តែមនុស្សឆ្មើងឆ្មៃ ព្រះអង្គបន្ទាបគេចុះ។
ទំនុកតម្កើង 18:20-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់បានប្រព្រឹត្តចំពោះខ្ញុំ ស្របតាមសេចក្ដីសុចរិតរបស់ខ្ញុំ ព្រះអង្គតបស្នងមកខ្ញុំវិញ ស្របតាមអំពើបរិសុទ្ធដែលខ្ញុំបានប្រព្រឹត្តដែរ ដ្បិតខ្ញុំបានប្រតិបត្តិតាមមាគ៌ារបស់ព្រះអម្ចាស់ ហើយខ្ញុំមិនបានឃ្លាតចេញពីព្រះរបស់ខ្ញុំ ដោយប្រព្រឹត្តអំពើអាក្រក់នោះឡើយ។ ខ្ញុំបានប្រព្រឹត្តតាមវិន័យទាំងប៉ុន្មាន របស់ព្រះអង្គ ខ្ញុំមិនបានបំពានលើបញ្ញត្តិ របស់ព្រះអង្គទេ។ ព្រះអង្គជ្រាបថាខ្ញុំគ្មានសៅហ្មង ហើយខ្ញុំបានប្រយ័ត្នខ្លួន មិនឲ្យមានកំហុសឡើយ។ ព្រះអម្ចាស់ប្រោសប្រណីដល់ខ្ញុំ ស្របតាមអំពើសុចរិតដែលខ្ញុំបានប្រព្រឹត្ត ព្រោះព្រះអង្គឈ្វេងយល់ថា ខ្ញុំប្រព្រឹត្តអំពើបរិសុទ្ធ។ ព្រះអម្ចាស់អើយ ព្រះអង្គសម្តែងព្រះហឫទ័យស្មោះត្រង់ចំពោះអ្នក ដែលមានចិត្តស្មោះត្រង់ ព្រះអង្គសម្តែងព្រះហឫទ័យស្មោះសរ ចំពោះអ្នកដែលមានចិត្តស្មោះសរ។ ចំពោះអ្នកដែលមានចិត្តបរិសុទ្ធ ព្រះអង្គក៏សម្តែងថា ព្រះអង្គបរិសុទ្ធដែរ ចំពោះអ្នកដែលមានចិត្តវៀចវេរវិញ ព្រះអង្គសម្តែងថាព្រះអង្គឈ្លាសវៃ ដ្បិតព្រះអង្គហើយដែលសង្គ្រោះមនុស្សទន់ទាប និងបន្ទាបអស់អ្នកដែលមានចិត្តឆ្មើងឆ្មៃ។
ទំនុកតម្កើង 18:20-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់បានប្រទានរង្វាន់មក តាមសេចក្ដីសុចរិតរបស់ទូលបង្គំ ទ្រង់បានសងទូលបង្គំ តាមសេចក្ដីបរិសុទ្ធនៃដៃទូលបង្គំ ដ្បិតទូលបង្គំបានកាន់តាមអស់ទាំងផ្លូវរបស់ព្រះយេហូវ៉ា ហើយមិនបានថយចេញពីព្រះនៃទូលបង្គំ ដោយប្រព្រឹត្តសេចក្ដីអាក្រក់ឡើយ ពីព្រោះគ្រប់ទាំងច្បាប់របស់ទ្រង់ក៏នៅចំពោះមុខទូលបង្គំ ហើយទូលបង្គំមិនបានងាកចេញពីក្រិត្យណាមួយ របស់ទ្រង់ឡើយ ទូលបង្គំបានគ្រប់លក្ខណ៍នៅចំពោះទ្រង់ ហើយបានរក្សាខ្លួនឲ្យរួចពីសេចក្ដីទុច្ចរិតរបស់ទូលបង្គំ ហេតុនោះ ព្រះយេហូវ៉ា ទ្រង់ប្រទានរង្វាន់មកទូលបង្គំ តាមសេចក្ដីសុចរិតរបស់ទូលបង្គំ គឺតាមសេចក្ដីបរិសុទ្ធ នៃដៃទូលបង្គំ នៅចំពោះព្រះនេត្រទ្រង់ នៅចំពោះអ្នកមានចិត្តមេត្តា នោះទ្រង់នឹងសំដែងអង្គ ទ្រង់ជាអ្នកមានចិត្តមេត្តាដែរ នៅចំពោះមនុស្សគ្រប់លក្ខណ៍ នោះទ្រង់នឹងសំដែង អង្គទ្រង់ជាអ្នកគ្រប់លក្ខណ៍ នៅចំពោះអ្នកបរិសុទ្ធ នោះទ្រង់នឹងសំដែងអង្គទ្រង់ជា អ្នកបរិសុទ្ធដូចគ្នា ហើយនៅចំពោះមនុស្សក្រវិចក្រវៀន នោះទ្រង់នឹង សំដែងអង្គទ្រង់ជាអ្នកប្រទាំងនឹងគេវិញ ដ្បិតទ្រង់នឹងជួយសង្គ្រោះមនុស្សដែលរងវេទនា តែឯមនុស្សឆ្មើងឆ្មៃ នោះទ្រង់នឹងបន្ទាបគេចុះវិញ