ទំនុកតម្កើង 18:20-24

ទំនុកតម្កើង 18:20-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

៙ ព្រះ‌យេហូវ៉ា​បាន​ប្រទាន​រង្វាន់​ដល់​ខ្ញុំ តាម​សេចក្ដី​សុចរិត​របស់​ខ្ញុំ ព្រះ‌អង្គ​បាន​សងខ្ញុំ តាម​អំពើ​បរិសុទ្ធ​ដែល​ដៃខ្ញុំ​ធ្វើ។ ដ្បិត​ខ្ញុំ​បាន​កាន់​តាម អស់​ទាំង​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា ហើយ​មិន​បាន​ថយ​ចេញ​ពី​ព្រះ​នៃ​ខ្ញុំ ដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់​ឡើយ។ ដ្បិត​អស់​ទាំង​វិន័យ​របស់​ព្រះ‌អង្គ នៅ​ចំពោះ​មុខ​ខ្ញុំ ហើយ​ខ្ញុំ​មិន​បាន​ងាក​ចេញ​ពី​បញ្ញត្តិ របស់​ព្រះ‌អង្គ​ទេ។ ខ្ញុំ​គ្មាន​សៅ​ហ្មង​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ខ្ញុំ​បាន​រក្សា​ខ្លួន​មិន​ឲ្យ​មាន​កំហុស​ឡើយ។ ហេតុ​នេះ ព្រះ‌យេហូវ៉ា​បាន​ប្រទាន​រង្វាន់​ដល់​ខ្ញុំ តាម​អំពើ​សុចរិត​របស់​ខ្ញុំ គឺ​តាម​អំពើ​បរិសុទ្ធ ដែល​ដៃ​ខ្ញុំ​ធ្វើ នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌អង្គ។

ទំនុកតម្កើង 18:20-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​បាន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ ស្រប​តាម​សេចក្ដី​សុចរិត​របស់​ខ្ញុំ ព្រះអង្គ​តប​ស្នង​មក​ខ្ញុំ​វិញ ស្រប​តាម​អំពើ​បរិសុទ្ធ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត​ដែរ ដ្បិត​ខ្ញុំ​បាន​ប្រតិបត្តិ​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់ ហើយ​ខ្ញុំ​មិន​បាន​ឃ្លាត​ចេញ​ពី​ព្រះ​របស់​ខ្ញុំ ដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់​នោះ​ឡើយ។ ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​វិន័យ​ទាំង​ប៉ុន្មាន របស់​ព្រះអង្គ ខ្ញុំ​មិន​បាន​បំពាន​លើ​បញ្ញត្តិ របស់​ព្រះអង្គ​ទេ។ ព្រះអង្គ​ជ្រាប​ថា​ខ្ញុំ​គ្មាន​សៅ‌ហ្មង ហើយ​ខ្ញុំ​បាន​ប្រយ័ត្ន​ខ្លួន មិន​ឲ្យ​មាន​កំហុស​ឡើយ។ ព្រះ‌អម្ចាស់​ប្រោស‌ប្រណី​ដល់​ខ្ញុំ ស្រប​តាម​អំពើ​សុចរិត​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត ព្រោះ​ព្រះអង្គ​ឈ្វេង​យល់​ថា ខ្ញុំ​ប្រព្រឹត្តអំពើ​បរិសុទ្ធ។

ទំនុកតម្កើង 18:20-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​រង្វាន់​មក តាម​សេចក្ដី​សុចរិត​របស់​ទូលបង្គំ ទ្រង់​បាន​សង​ទូលបង្គំ តាម​សេចក្ដី​បរិសុទ្ធ​នៃ​ដៃ​ទូលបង្គំ ដ្បិត​ទូលបង្គំ​បាន​កាន់​តាម​អស់​ទាំង​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា ហើយ​មិន​បាន​ថយ​ចេញ​ពី​ព្រះ​នៃ​ទូលបង្គំ ដោយ​ប្រព្រឹត្ត​សេចក្ដី​អាក្រក់​ឡើយ ពី​ព្រោះ​គ្រប់​ទាំង​ច្បាប់​របស់​ទ្រង់​ក៏​នៅ​ចំពោះ​មុខ​ទូលបង្គំ ហើយ​ទូលបង្គំ​មិន​បាន​ងាក​ចេញ​ពី​ក្រិត្យ​ណា​មួយ របស់​ទ្រង់​ឡើយ ទូលបង្គំ​បាន​គ្រប់​លក្ខណ៍​នៅ​ចំពោះ​ទ្រង់ ហើយ​បាន​រក្សា​ខ្លួន​ឲ្យ​រួច​ពី​សេចក្ដី​ទុច្ចរិត​របស់​ទូលបង្គំ ហេតុ​នោះ ព្រះ‌យេហូវ៉ា ទ្រង់​ប្រទាន​រង្វាន់​មក​ទូលបង្គំ តាម​សេចក្ដី​សុចរិត​របស់​ទូលបង្គំ គឺ​តាម​សេចក្ដី​បរិសុទ្ធ នៃ​ដៃ​ទូលបង្គំ នៅ​ចំពោះ​ព្រះ‌នេត្រ​ទ្រង់