ទំនុកតម្កើង 18:13-20

ទំនុកតម្កើង 18:13-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​មាន​ផ្គរ​លាន់​នៅ​លើ​មេឃ ព្រះ​ដ៏​ខ្ពស់​បំផុត ព្រះ‌អង្គ​បន្លឺ​ព្រះ​សូរសៀង ព្រម​ទាំង​ព្រឹល និង​រងើក​ភ្លើង។ ព្រះ‌អង្គ​បាញ់​ព្រួញ​របស់​ព្រះ‌អង្គ ទៅ​កម្ចាត់‌កម្ចាយ​គេ ព្រះ‌អង្គ​បាញ់​ផ្លេក​បន្ទោរ​ទៅ​បំបាក់​ពួក‌គេ។ ពេល​នោះ បាត​សមុទ្រ​ក៏​លេច​ឲ្យ​ឃើញ ហើយ​គ្រឹះ​ផែន​ដី​លេច​ចេញ​មក ដោយ​ព្រះ‌អង្គ​បន្ទោស ឱ​ព្រះ‌យេហូវ៉ា​អើយ គឺ​ដោយ​ខ្យល់​គំហុក ចេញ​មក​ពី​ព្រះ‌នាសា​ព្រះ‌អង្គ។ ៙ ព្រះ‌អង្គ​បាន​លូក​ព្រះ‌ហស្ដ​ពី​លើ​ស្ថាន​ដ៏​ខ្ពស់ មក​ចាប់​ខ្ញុំ ព្រះ‌អង្គ​ស្រង់​ខ្ញុំ​ចេញ​ពី​ទឹក​ធំ ព្រះ‌អង្គ​បានរំ​ដោះ​ខ្ញុំ ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​ដ៏​ខ្លាំង​ពូកែ ហើយ​ពី​អស់​អ្នក​ដែល​ស្អប់​ខ្ញុំ​ដែរ ដ្បិត​គេ​មាន​កម្លាំង​ជាង​ខ្ញុំ។ នៅ​ថ្ងៃ​ដែល​ខ្ញុំ​មាន​ទុក្ខ​វេទនា គេ​នាំ​គ្នា​សង្ខុញ មក​លើ​ខ្ញុំ ប៉ុន្តែ ព្រះ‌យេហូវ៉ា​ជា​ជំនួយ​របស់​ខ្ញុំ។ ព្រះ‌អង្គ​បាន​នាំ​ខ្ញុំ​ចេញ​ទៅ​ឯ​ទី​ធំ​ទូលាយ ព្រះ‌អង្គ​រំ​ដោះ​ខ្ញុំ ដ្បិត​ព្រះ‌អង្គ​រីករាយ​នឹង​ខ្ញុំ។ ៙ ព្រះ‌យេហូវ៉ា​បាន​ប្រទាន​រង្វាន់​ដល់​ខ្ញុំ តាម​សេចក្ដី​សុចរិត​របស់​ខ្ញុំ ព្រះ‌អង្គ​បាន​សងខ្ញុំ តាម​អំពើ​បរិសុទ្ធ​ដែល​ដៃខ្ញុំ​ធ្វើ។

ទំនុកតម្កើង 18:13-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់ធ្វើ​ឲ្យ​មាន​ស្នូរ​ផ្គរ‌លាន់​នៅ​លើ​មេឃ ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បន្លឺ​ព្រះ‌សូរសៀង។ ព្រះអង្គ​បាញ់​ព្រួញ​របស់​ព្រះអង្គ​ទៅ​លើ​ខ្មាំង​សត្រូវ ដើម្បី​កម្ចាត់‌កម្ចាយ​ពួក​គេ។ ព្រះអង្គ​បាញ់​ផ្លេក​បន្ទោរ ធ្វើ​ឲ្យ​ពួក​គេ​បាក់​ទ័ព។ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌បន្ទូល​គំរាម​របស់​ព្រះអង្គ និង​ខ្យល់​ព្យុះ ដែល​បក់​ចេញ​មក​ពី​ព្រះ‌នាសា​របស់​ព្រះអង្គ បាន​ធ្វើ​ឲ្យ​បាត​សមុទ្រ​លេច​ចេញ​មក ហើយ​គ្រឹះ​របស់​ផែនដី​ក៏​លេច​មក​ដែរ។ ព្រះអង្គ​បាន​លាត​ព្រះ‌ហស្ដ​ពី​ស្ថាន​លើ​មក​រក​ខ្ញុំ ព្រះអង្គ​ស្រង់​ខ្ញុំ​ចេញ​ឲ្យ​ផុត​ពី​ទឹក​សមុទ្រ ព្រះអង្គ​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី ខ្មាំង​សត្រូវ​ដ៏​ខ្លាំង​ពូកែ ហើយ​ឲ្យ​ខ្ញុំ​រួច​ផុត​ពី​អស់​អ្នក​ដែល​ស្អប់​ខ្ញុំ ព្រម​ទាំង​អស់​អ្នក​ដែល​មាន​កម្លាំង ខ្លាំង​ជាង​ខ្ញុំ​ផង។ នៅ​ពេល​ខ្ញុំ​មាន​ទុក្ខ​វេទនា អ្នក​ទាំង​នោះ​នាំ​គ្នា​មក​វាយ​ប្រហារ​ខ្ញុំ ក៏​ប៉ុន្តែ ព្រះ‌អម្ចាស់​ធ្វើ​ជា​បង្អែក​របស់​ខ្ញុំ។ ព្រះអង្គ​បាន​នាំ​ខ្ញុំ​ចេញ​ឲ្យ​ផុត​ពី​គ្រោះ​ថ្នាក់ ព្រះអង្គ​រំដោះ​ខ្ញុំ មក​ពី​ព្រះអង្គ​ស្រឡាញ់​ខ្ញុំ។ ព្រះ‌អម្ចាស់​បាន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ ស្រប​តាម​សេចក្ដី​សុចរិត​របស់​ខ្ញុំ ព្រះអង្គ​តប​ស្នង​មក​ខ្ញុំ​វិញ ស្រប​តាម​អំពើ​បរិសុទ្ធ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត​ដែរ

ទំនុកតម្កើង 18:13-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​បញ្ចេញ​ជា​ផ្គរ​នៅ​លើ​មេឃ ព្រះ​ដ៏​ខ្ពស់​បំផុត ទ្រង់​បញ្ចេញ​ព្រះ​សូរ‌សៀង ព្រម​ទាំង​ព្រឹល នឹង​រងើក​ភ្លើង​ផង ក៏​បាញ់​ព្រួញ​នៃ​ទ្រង់​ទៅ​កំចាត់‌កំចាយ​គេ នឹង​រន្ទះ​ជា​ច្រើន ទៅ​បំបាក់​ពួក​គេ នោះ​បាត​ផ្លូវ​ទឹក​ក៏​លេច​ឡើង ហើយ​ឫស​លោកីយ​បាន​បើក​ឲ្យ​ឃើញ ដោយ​ទ្រង់​បន្ទោស ឱ​ព្រះ‌យេហូវ៉ា​អើយ គឺ​ដោយ​ឮ​សូរ​ខ្យល់​គំហុក ចេញ​ពី​ព្រះ‌នាសា​ទ្រង់ ទ្រង់​បាន​ចាត់​ពី​លើ​ស្ថាន​ដ៏​ខ្ពស់​មក ចាប់​ស្រង់​ទូលបង្គំ​ចេញ​ពី​ទឹក​ធំ ទ្រង់​បាន​ដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​ដ៏​ខ្លាំង​ពូកែ ហើយ​ពី​អស់​អ្នក​ដែល​ស្អប់​ទូលបង្គំ​ដែរ ដ្បិត​គេ​មាន​កំឡាំង​ជាង​ទូលបង្គំ នៅ​ថ្ងៃ​ដែល​ទូលបង្គំ​ត្រូវ​វេទនា នោះ​គេ​បាន​សង្ខុញ មក​លើ​ទូលបង្គំ ប៉ុន្តែ​ព្រះ‌យេហូវ៉ា ទ្រង់​ជា​ជន្ទល់​នៃ​ទូលបង្គំ ទ្រង់​បាន​នាំ​ទូលបង្គំ​ចេញ​ទៅ​នៅ​ឯ​ទី​ធំ​ទូលាយ ទ្រង់​បាន​ដោះ​ទូលបង្គំ​ឲ្យ​រួច ដ្បិត​ទ្រង់​ស្រឡាញ់ ដល់​ទូលបង្គំ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​រង្វាន់​មក តាម​សេចក្ដី​សុចរិត​របស់​ទូលបង្គំ ទ្រង់​បាន​សង​ទូលបង្គំ តាម​សេចក្ដី​បរិសុទ្ធ​នៃ​ដៃ​ទូលបង្គំ