ទំនុកតម្កើង 18:1-7

ទំនុកតម្កើង 18:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ‌យេហូវ៉ា ជា​កម្លាំង​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​ស្រឡាញ់​ព្រះ‌អង្គ។ ព្រះ‌យេហូវ៉ា​ជា​ថ្ម​ដា ជា​បន្ទាយ​របស់​ទូល‌បង្គំ និង​ជា​អ្នក​ជួយ​រំដោះ​របស់​ទូល‌បង្គំ ព្រះ​នៃ​ទូល‌បង្គំ ជា​ថ្ម​ដា​ដែល​ទូល‌បង្គំ​ពឹង​ជ្រក ជា​ខែល​នៃ​ទូល‌បង្គំ ជា​ស្នែង​នៃ​ការ​សង្គ្រោះ​របស់​ទូល‌បង្គំ និង​ជា​ជម្រក​ដ៏​មាំ​មួន​របស់​ទូល‌បង្គំ។ ខ្ញុំ​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​ស័ក្ដិ‌សម​នឹង​លើក​សរសើរ យ៉ាង​នោះ​ខ្ញុំ​នឹង​បាន​សង្គ្រោះ រួច​ពី​ពួក​ខ្មាំង​សត្រូវ​របស់​ខ្ញុំ។ ចំណង​នៃ​សេចក្ដី​ស្លាប់​បាន​រួប​រឹត​ខ្ញុំ ហើយ​ជំនន់​នៃ​សេចក្ដី​វិនាស​បាន​បំភ័យ​ខ្ញុំ ចំណង​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​រឹត​ជុំ‌វិញ​ខ្ញុំ អន្ទាក់​នៃ​សេចក្ដី​ស្លាប់​បាន​ទាក់​ខ្ញុំ។ ៙ ក្នុង​គ្រា​ដែល​ខ្ញុំ​មាន​ទុក្ខ​វេទនា ទូល‌បង្គំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ខ្ញុំបាន​ស្រែក​រក​ជំនួយ​ដល់​ព្រះ​នៃ​ខ្ញុំ ពី​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​ឮ​សំឡេង​ខ្ញុំ ហើយ​សម្រែក​ដែល​ខ្ញុំ​ស្រែក​រក​ព្រះ‌អង្គ បាន​ទៅ​ដល់​ព្រះ‌កាណ៌​របស់​ព្រះ‌អង្គ។ ៙ ពេល​នោះ ផែនដី​បាន​កក្រើក ហើយ​រញ្ជួយ គ្រឹះ​ភ្នំ​ទាំង​ឡាយ​ក៏​ញាប់​ញ័រ ហើយ​រំពើក​ឡើង ព្រោះ​ព្រះ‌អង្គ​ក្រោធ។

ទំនុកតម្កើង 18:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ស្រឡាញ់​ព្រះអង្គ ព្រោះ​ព្រះអង្គ​ជា​កម្លាំង​របស់​ទូលបង្គំ! ព្រះ‌អម្ចាស់​ជា​ថ្ម‌ដា​ការពារ​ទូលបង្គំ ជា​បន្ទាយ​ដ៏​រឹង‌មាំ​របស់​ទូលបង្គំ ជា​ព្រះ​ដែល​ជួយ​រំដោះ​ទូលបង្គំ ព្រះអង្គ​ជា​ព្រះ​នៃ​ទូលបង្គំ ជា​ថ្ម‌ដា​សម្រាប់​ទូលបង្គំ​ពឹង​ជ្រក ព្រះអង្គ​ជា​ខែល ជា​កម្លាំង​ដែល​សង្គ្រោះ​ទូលបង្គំ និង​ជា​ជម្រក​ដ៏​មាំ‌មួន​របស់​ទូលបង្គំ។ ពេល​ខ្ញុំ​ស្រែក​រក​ព្រះអង្គ ព្រះអង្គ​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​របស់​ខ្ញុំ សូម​លើក​តម្កើង​ព្រះ‌អម្ចាស់!។ សេចក្ដី​ស្លាប់​រួប​រឹត​ខ្ញុំ រីឯ​សេចក្ដី​វិនាស​អន្តរាយ ធ្លាក់​មក​លើ​ខ្ញុំ ដូច​ទឹក​ហូរ​មក​យ៉ាង​ខ្លាំង។ សេចក្ដី​ស្លាប់​នៅ​ព័ទ្ធ​ជុំ‌វិញ​ខ្ញុំ ដូច​ជា​សំណាញ់​ដែល​គេ​បោះ​មក​លើ​ខ្ញុំ។ នៅ​ពេល​មាន​ទុក្ខ​វេទនា ខ្ញុំ​អង្វរ​រក​ព្រះ‌អម្ចាស់ ខ្ញុំ​ស្រែក​ហៅ​រក​ព្រះ​របស់​ខ្ញុំ ពី​ក្នុង​ព្រះ‌វិហារ​របស់​ព្រះអង្គ ទ្រង់​ព្រះ‌សណ្ដាប់​ឮ​សំឡេង​ខ្ញុំ ហើយ​ស្នូរ​សម្រែក​របស់​ខ្ញុំ​បាន​ឮ​ទៅ​ដល់ ព្រះ‌កាណ៌​របស់​ព្រះអង្គ។ ពេល​នោះ ផែនដី​ក៏​កក្រើក​ញាប់‌ញ័រ ភ្នំ​ទាំង‌ឡាយ​ត្រូវ​រង្គើ​រហូត​ដល់​គ្រឹះ​របស់​វា ហើយ​កក្រើក ដោយ‌សារ​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ។

ទំនុកតម្កើង 18:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​កំឡាំង​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​ស្រឡាញ់​ទ្រង់ ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ថ្មដា ជា​បន្ទាយ ហើយ​ជា​អ្នក​ជួយ​សង្គ្រោះ​របស់​ទូលបង្គំ គឺ​ជា​ព្រះ​នៃ​ទូលបង្គំ ជា​ថ្មដា​ដែល​ទូលបង្គំ​យក​ជា​ទី​ពឹង ក៏​ជា​ខែល ជា​ស្នែង​នៃ​សេចក្ដី​សង្គ្រោះ​របស់​ទូលបង្គំ ហើយ​ជា​ប៉ម​យ៉ាង​ខ្ពស់​ផង ទូលបង្គំ​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​គួរ​សរសើរ យ៉ាង​នោះ​ទូលបង្គំ​នឹង​បាន​សង្គ្រោះ រួច​ពី​ពួក​សត្រូវ​របស់​ទូលបង្គំ។ ៙ ឯ​ចំណង​នៃ​សេចក្ដី​ស្លាប់​បាន​រុំ​ជុំវិញ​ទូលបង្គំ ហើយ​ជំនន់​នៃ​សេចក្ដី​ទុច្ចរិត​បាន​បំភ័យ​ទូលបង្គំ ចំណង​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ក៏​រួប​ជុំវិញ​ទូលបង្គំ អន្ទាក់​នៃ​សេចក្ដី​ស្លាប់​បាន​ទាក់​ទូលបង្គំ ក្នុង​គ្រា​ដែល​ទូលបង្គំ​មាន​សេចក្ដី​វេទនា នោះ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ទូលបង្គំ​បាន​ស្រែក​ទូល​ដល់​ព្រះ​នៃ​ទូលបង្គំ ទ្រង់​ក៏​ឮ​សំឡេង​ទូលបង្គំ ពី​ក្នុង​ព្រះ‌វិហារ​ទ្រង់ ហើយ​សំរែក​ដែល​ទូលបង្គំ​ស្រែក នៅ​ចំពោះ​ទ្រង់ ក៏​ឮ​ដល់​ព្រះ‌កាណ៌​ទ្រង់ នោះ​ផែនដី​បាន​កក្រើក ឫស​ភ្នំ​ទាំង​ប៉ុន្មាន​ក៏​ញ័រ​រញ្ជួយ ហើយ​រំពើក​ឡើង ពី​ព្រោះ​ទ្រង់​មាន​សេចក្ដី​ក្រោធ

ទំនុកតម្កើង 18:1-7

ទំនុកតម្កើង 18:1-7 គខបទំនុកតម្កើង 18:1-7 គខបទំនុកតម្កើង 18:1-7 គខបទំនុកតម្កើង 18:1-7 គខប