ទំនុកតម្កើង 17:1-7

ទំនុកតម្កើង 17:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់ សេចក្ដី​ដែល​ទៀង​ត្រង់ សូម​ប្រុង​ស្តាប់​សម្រែក​របស់​ទូល‌បង្គំ សូម​ផ្ទៀង​ព្រះ‌កាណ៌ ស្តាប់​ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ ដែល​ចេញ​ពី​បបូរ​មាត់​គ្មាន​ពុត​នេះ​ផង។ សូម​ការ​សម្រេច​ក្ដី​របស់​ទូល‌បង្គំ ចេញ​ពីព្រះ‌អង្គ​មក សូម​ព្រះ‌នេត្រ​ព្រះ‌អង្គ​ទត​មើល សេចក្ដី​ទៀង​ត្រង់។ ព្រះ‌អង្គ​បាន​ល្បង​មើល​ចិត្ត​ទូល‌បង្គំ ព្រះ‌អង្គ​បាន​ពិចារណា​មើល ទូល‌បង្គំ​នៅ​ពេល​យប់ ព្រះ‌អង្គ​បាន​ពិនិត្យ​មើល​ទូល‌បង្គំ ឥត​ឃើញ​មាន​បំណង​អាក្រក់​ឡើយ ទូល‌បង្គំ​បាន​សម្រេច​ចិត្ត​ថា មិន​ឲ្យ​មាត់​ទូល‌បង្គំ​មាន​បាប​ឡើយ។ ចំណែកឯ​ការ​ប្រព្រឹត្ត​របស់​មនុស្ស ទូល‌បង្គំ​បាន​ចៀស​ចេញ ពី​ផ្លូវ​របស់​មនុស្ស​ឃោរ‌ឃៅ ដោយ‌សារ​ព្រះ‌បន្ទូល ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ។ ទូល‌បង្គំ​បោះ​ជំហាន​តាម​ផ្លូវ​ច្រក របស់​ព្រះ‌អង្គ​ជាប់ ជើង​ទូល‌បង្គំ​មិន​បាន​រអិល​ឡើយ។ ឱ​ព្រះ​អើយ ទូល‌បង្គំ​បាន​អំពាវ‌នាវ​រក​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​នឹង​ឆ្លើយ​តប​មក​ទូល‌បង្គំ សូម​ផ្អៀង​ព្រះ‌កាណ៌​ស្តាប់​ទូល‌បង្គំ សូម​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌បង្គំ​ផង! ឱ​ព្រះ‌សង្គ្រោះ​នៃ​អស់​អ្នក ដែល​ស្វែង​រក​ទី​ពឹង​ជ្រក ក្រោម​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ ឲ្យ​រួច​ពី​ពួក​បច្ចា‌មិត្ត​អើយ សូម​សម្ដែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ​ផង។

ទំនុកតម្កើង 17:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ‌អម្ចាស់​អើយ! សូម​ទ្រង់​ព្រះ‌សណ្ដាប់​សំណូម​ពរ ដ៏​ត្រឹម​ត្រូវ​របស់​ទូលបង្គំ សូម​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង សម្រែក​របស់​ទូលបង្គំ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​ទូល‌អង្វរ​របស់ ទូលបង្គំ​ដែល​ហូរ​ចេញ​ពី​ដួង​ចិត្ត​ដ៏​ស្មោះ​ត្រង់។ សូម​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ​ផង ដ្បិត​ព្រះអង្គ​ទត​ឃើញ​យ៉ាង​ច្បាស់​នូវ​អ្វីៗ ដែល​ត្រឹម​ត្រូវ។ ព្រះអង្គ​ស្គាល់​ចិត្ត​ទូលបង្គំ​ច្បាស់​ហើយ ព្រះអង្គ​បាន​ពិនិត្យ​មើល​ចិត្ត​ទូលបង្គំ​នៅ​ពេល​យប់ ព្រះអង្គ​បាន​ល្បង​ចិត្ត​ទូលបង្គំ តែ​ពុំ​ឃើញ​មាន​បំណង​អាក្រក់​អ្វី​ទេ ទូលបង្គំ​មិន​បាន​ពោល​ពាក្យ​អ្វី​ខុស​ឡើយ។ ទូលបង្គំ​យក​ចិត្ត​ទុក​ដាក់​នឹង​ព្រះ‌បន្ទូល របស់​ព្រះអង្គ ហើយ​ប្រយ័ត្ន​ខ្លួន​មិន​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ ដូច​មនុស្ស​ឯ​ទៀតៗ​នោះ​ឡើយ។ ទូលបង្គំ​ដើរ​តាម​មាគ៌ា​របស់​ព្រះអង្គ​យ៉ាង​ខ្ជាប់​ខ្ជួន ទូលបង្គំ​បោះ​ជំហាន​តាម​ឥត​លម្អៀង​ទេ។ ឱ​ព្រះ‌ជាម្ចាស់​អើយ ទូលបង្គំ​អង្វរ​រក​ព្រះអង្គ ដ្បិត​ព្រះអង្គ​តែងតែ​ឆ្លើយ​តប​នឹង​ទូលបង្គំ! សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូលបង្គំ សូម​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​របស់​ទូលបង្គំ​ផង!។ ព្រះអង្គ​តែងតែ​សង្គ្រោះ​អស់​អ្នក ដែល​មក​ជ្រក​កោន​ក្រោម​ម្លប់​បារមី​របស់​ព្រះអង្គ ឲ្យ​រួច​ពី​ពួក​អ្នក​សង្កត់‌សង្កិន​គេ ដូច្នេះ សូម​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​ផង។

ទំនុកតម្កើង 17:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ស្តាប់​សេចក្ដី ដែល​ទៀង​ត្រង់ សូម​ប្រុង​ស្តាប់​សំរែក​នៃ​ទូលបង្គំ​ផង សូម​ផ្ទៀង​ព្រះ‌កាណ៌ ស្តាប់​សេចក្ដី​អធិស្ឋាន​របស់​ទូលបង្គំ ជា​សេចក្ដី​អធិស្ឋាន ដែល​មិន​ចេញ​ពី​បបូរ​មាត់​មាន​ពុត​ទេ សូម​ឲ្យ​ការ​សំរេច​ក្តី​របស់​ទូលបង្គំ បាន​ចេញ​ពី​ចំពោះ​ទ្រង់​មក សូម​ឲ្យ​ព្រះ‌នេត្រ​ទ្រង់​ទត​ចំពោះ​សេចក្ដី​ទៀង​ត្រង់ ទ្រង់​បាន​សាក​ល​ចិត្ត​ទូលបង្គំ​ហើយ ទ្រង់​បាន​ពិចារណា​ទូលបង្គំ​នៅ​វេលា​យប់ ទ្រង់​បាន​ពិនិត្យ​រឿង​ទូលបង្គំ ឥត​ឃើញ​កំហុស​អ្វី​សោះ ទូលបង្គំ​បាន​សំរេច​ចិត្ត​ថា មិន​ឲ្យ​មាត់​រំលង​ច្បាប់​ឡើយ ឯ​ត្រង់​ការ​ប្រព្រឹត្ត​របស់​មនុស្ស នោះ​ទូលបង្គំ​បាន​រវាំង​ខ្លួន ឲ្យ​រួច​ពី​ផ្លូវ​នៃ​មនុស្ស​ច្រឡោត ដោយ‌សារ​ព្រះ‌បន្ទូល ពី​ព្រះ‌ឱស្ឋ​ទ្រង់ ទូលបង្គំ​បាន​ឈាន​ជាប់​ទៅ​តាម​ផ្លូវ​ច្រក​របស់​ទ្រង់ ជើង​ទូលបង្គំ​មិន​បាន​រឥល​ឡើយ ឱ​ព្រះ‌អង្គ​អើយ ទូលបង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់ ដ្បិត​ទ្រង់​នឹង​មាន​បន្ទូល​ឆ្លើយ​មក​ទូលបង្គំ សូម​ទ្រង់​ផ្អៀង​ព្រះ‌កាណ៌ មក​ស្តាប់​ពាក្យ​របស់​ទូលបង្គំ​ផង ឱ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ដោយ​ព្រះ‌ហស្ត​ស្តាំ ចំពោះ​អស់​អ្នក​ដែល​ពឹង​ទ្រង់ ឲ្យ​គេ​បាន​រួច​ពី​អ្នក​តតាំង​អើយ សូម​ទ្រង់​សំដែង​សេចក្ដី​សប្បុរស​ដ៏​ប្រាកដ​ច្បាស់​មក​ផង