ទំនុកតម្កើង 16:1-6
ទំនុកតម្កើង 16:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះអើយ សូមការពារទូលបង្គំផង ដ្បិតទូលបង្គំយកព្រះអង្គជាទីជ្រកកោន។ ខ្ញុំទូលព្រះយេហូវ៉ាថា៖ «ព្រះអង្គ ជាព្រះអម្ចាស់នៃទូលបង្គំ ក្រៅពីព្រះអង្គ ទូលបង្គំរកសេចក្ដីល្អ មិនបានឡើយ»។ ចំណែកឯពួកបរិសុទ្ធនៅលើទឹកដីនេះ គេជាមនុស្សដ៏ប្រសើរ ដែលគាប់ចិត្តទូលបង្គំគ្រប់ជំពូក។ រីឯអស់អ្នកដែលបែរទៅតាមព្រះដទៃ ទុក្ខលំបាករបស់គេកាន់តែកើនឡើង ទូលបង្គំមិនព្រមច្រួចឈាម ថ្វាយដល់ព្រះទាំងនោះឡើយ ក៏មិនព្រមទាំងចេញឈ្មោះរបស់ព្រះទាំងនោះ ដោយបបូរមាត់ទូលបង្គំដែរ។ ព្រះយេហូវ៉ាជាចំណែកមត៌ករបស់ទូលបង្គំ ហើយជាពែងរបស់ទូលបង្គំ អនាគតរបស់ទូលបង្គំ ស្ថិតក្នុងព្រះហស្តព្រះអង្គ។ ខ្សែរង្វាស់បានធ្លាក់ នៅកន្លែងគាប់ចិត្តដល់ទូលបង្គំ អើ ទូលបង្គំបានទទួលមត៌កល្អណាស់។
ទំនុកតម្កើង 16:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះជាម្ចាស់អើយ សូមការពារទូលបង្គំផង ដ្បិតទូលបង្គំមកជ្រកកោនជាមួយព្រះអង្គហើយ! ខ្ញុំទូលព្រះអម្ចាស់ថា ព្រះអង្គជាព្រះអម្ចាស់ នៃទូលបង្គំ ក្រៅពីព្រះអង្គ គ្មានអ្វីប្រសើរសម្រាប់ទូលបង្គំឡើយ!។ ប្រជាជនដ៏វិសុទ្ធ*នៅលើទឹកដីនេះ សុទ្ធតែជាមនុស្សល្អ ទូលបង្គំពេញចិត្តនឹងនៅជាមួយពួកគេណាស់។ រីឯអស់អ្នកដែលងាកទៅថ្វាយបង្គំព្រះដទៃ កាន់តែធ្វើឲ្យខ្លួនរងទុក្ខថែមទៀត ទូលបង្គំនឹងមិនចូលរួមសម្លាប់សត្វធ្វើយញ្ញ ជាមួយពួកគេឡើយ ហើយទូលបង្គំក៏នឹងមិនថ្វាយបង្គំព្រះទាំងនោះ រួមជាមួយពួកគេដែរ។ ក្រៅពីព្រះអម្ចាស់ ទូលបង្គំគ្មានចំណែកមត៌កអ្វីទេ ព្រះអង្គប្រទានអ្វីៗទាំងអស់ ដែលទូលបង្គំត្រូវការ អនាគតរបស់ទូលបង្គំស្ថិតនៅលើព្រះអង្គ។ ព្រះអង្គប្រទានចំណែកដ៏ល្អវិសេសក្រៃលែង មកទូលបង្គំ គឺជាកេរមត៌កល្អប្រសើរបំផុតសម្រាប់ទូលបង្គំ។
ទំនុកតម្កើង 16:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះអង្គអើយ សូមការពារទូលបង្គំផង ដ្បិតទូលបង្គំយកទ្រង់ជាទីពឹង ខ្ញុំបានទូលដល់ព្រះយេហូវ៉ាថា ទ្រង់ជាព្រះអម្ចាស់នៃទូលបង្គំ ក្រៅពីទ្រង់ ទូលបង្គំរកសេចក្ដីល្អមិនបានឡើយ ចំណែកពួកបរិសុទ្ធដែលនៅផែនដី នោះជាពួកប្រសើរ ដែលគាប់ចិត្តទូលបង្គំគ្រប់ជំពូក ឯពួកអ្នកដែលអាល័យតែតាមព្រះដទៃ នោះសេចក្ដីទុក្ខលំបាកនឹងចំរើនជាច្រើនឡើងដល់គេ ទូលបង្គំមិនព្រមច្រួចឈាមថ្វាយដល់ព្រះទាំងនោះឡើយ ក៏មិនព្រមទាំងចេញឈ្មោះរបស់ព្រះទាំងនោះ ដោយបបូរមាត់ទូលបង្គំផង ព្រះយេហូវ៉ាទ្រង់ជាចំណែកនៃមរដក ហើយជាចំណែកក្នុងពែងរបស់ទូលបង្គំ គឺទ្រង់ហើយ ដែលត្រួតមើលចំណែកទូលបង្គំ ខ្សែរង្វាស់បានធ្លាក់នៅទីកន្លែងគាប់ចិត្តឲ្យទូលបង្គំ អើ ទូលបង្គំបានទទួលមរដកល្អណាស់