ទំនុកតម្កើង 15:1-5
ទំនុកតម្កើង 15:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះយេហូវ៉ាអើយ តើអ្នកណានឹងនៅក្នុង ព្រះដំណាក់របស់ព្រះអង្គបាន? តើអ្នកណានឹងនៅលើភ្នំបរិសុទ្ធ របស់ព្រះអង្គបាន? គឺអ្នកដែលដើរដោយទៀងត្រង់ ហើយប្រព្រឹត្តអំពើសុចរិត ព្រមទាំងពោលសេចក្ដីពិតពីក្នុងចិត្ត។ ជាអ្នកដែលមិននិយាយមួលបង្កាច់ដោយអណ្ដាត ហើយមិនធ្វើអាក្រក់ដល់មិត្តសម្លាញ់ ក៏មិនហែកកេរ្តិ៍ទាស់នឹងអ្នកជិតខាងខ្លួនឡើយ។ ជាអ្នកដែលមានភ្នែកមើលមនុស្សពាល ដោយសេចក្ដីស្អប់ខ្ពើម តែលើកមុខអស់អ្នកដែលកោតខ្លាច ដល់ព្រះយេហូវ៉ា ជាអ្នកដែលគោរពពាក្យសម្បថរបស់ខ្លួន ឥតប្រែប្រួលឡើយ ទោះជាត្រូវខាតបង់ក៏ដោយ។ ជាអ្នកដែលមិនបញ្ចេញប្រាក់ខ្លួន ដើម្បីយកការសោះ ក៏មិនទទួលសំណូកទាស់នឹងមនុស្ស ឥតទោសដែរ។ អ្នកណាដែលប្រព្រឹត្តយ៉ាងដូច្នេះ អ្នកនោះនឹងមិនរង្គើឡើយ។
ទំនុកតម្កើង 15:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់អើយ តើនរណាអាចស្នាក់នៅក្នុងព្រះពន្លា របស់ព្រះអង្គបាន? តើនរណាអាចស្ថិតនៅលើភ្នំដ៏វិសុទ្ធ* របស់ព្រះអង្គបាន? គឺមានតែមនុស្សឥតសៅហ្មង ដែលប្រព្រឹត្តអំពើសុចរិត ហើយនិយាយតែសេចក្ដីពិតដែលមាននៅ ក្នុងដួងចិត្តរបស់ខ្លួនប៉ុណ្ណោះ ទើបអាចនៅបាន។ គេមិននិយាយមួលបង្កាច់ មិនប្រព្រឹត្តអំពើអាក្រក់ចំពោះមិត្តភក្ដិរបស់ខ្លួន ហើយក៏មិនបង្អាប់បង្អោនកិត្តិយស បងប្អូនរួមជាតិរបស់ខ្លួនដែរ។ គេមិនរាប់រកអស់អ្នកដែលព្រះជាម្ចាស់ មិនគាប់ព្រះហឫទ័យនោះឡើយ តែគេលើកកិត្តិយសអស់អ្នកដែលគោរព កោតខ្លាចព្រះអម្ចាស់។ បើគេសន្យាអ្វីមួយ ទោះបីត្រូវខាតបង់យ៉ាងណាក៏ដោយ ក៏គេនៅតែគោរពតាមពាក្យសម្ដីរបស់ខ្លួនជានិច្ច។ គេឲ្យប្រាក់អ្នកដទៃខ្ចី ដោយមិនយកការ ហើយគេក៏មិនព្រមទទួលសំណូក ដើម្បីដាក់ទោសជនស្លូតត្រង់ដែរ។ អ្នកណាប្រព្រឹត្តដូច្នេះ អ្នកនោះនឹងបានសុខជានិច្ច។
ទំនុកតម្កើង 15:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះយេហូវ៉ាអើយ តើអ្នកណានឹងនៅក្នុង រោងឧបោសថរបស់ទ្រង់ តើអ្នកណានឹងនៅលើភ្នំបរិសុទ្ធនៃទ្រង់បាន គឺជាអ្នកណាដែលដើរដោយទៀងត្រង់ ហើយប្រព្រឹត្តសេចក្ដីសុចរិត ព្រមទាំងពោលសេចក្ដីពិតពីក្នុងចិត្តផង ជាអ្នកដែលមិនពោលបង្កាច់ដោយអណ្តាត ឬធ្វើអាក្រក់ដល់មិត្រសំឡាញ់ ឬយករឿងបកកេរពីអ្នកជិតខាងខ្លួនឡើយ ជាអ្នកដែលមានភ្នែកមើលមនុស្សពាល ដោយសេចក្ដីស្អប់ខ្ពើម តែលើកមុខអស់អ្នកដែលកោតខ្លាចដល់ព្រះយេហូវ៉ាវិញ ជាអ្នកដែលហ៊ានទាំងស្បថដល់បង់ប្រយោជន៍ខ្លួនផង ឥតប្រែព្រួលឡើយ ជាអ្នកដែលមិនបញ្ចេញប្រាក់ខ្លួន ដើម្បីយកការសោះ ក៏មិនទទួលសំណូក ទាស់នឹងមនុស្សឥតមានទោស អ្នកណាដែលប្រព្រឹត្តយ៉ាងដូច្នេះ អ្នកនោះនឹងមិនត្រូវរង្គើឡើយ។