ទំនុកតម្កើង 149:1-9

ទំនុកតម្កើង 149:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា ! ចូរ​ច្រៀង​បទ​មួយ​ថ្មី​ថ្វាយ​ព្រះ‌យេហូវ៉ា ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ នៅ​ក្នុង​អង្គ​ប្រជុំ​របស់​ពួកអ្នក​បរិសុទ្ធ! ចូរ​ឲ្យ​អ៊ីស្រា‌អែល​រីក‌រាយ​ក្នុង​ព្រះ​ដែល​បង្កើត​ខ្លួន ចូរ​ឲ្យ​ពួក​កូន​នៃ​ក្រុង​ស៊ីយ៉ូន​បាន​ត្រេក‌អរ នឹង​ព្រះ​មហា‌ក្សត្រ​របស់​ខ្លួន! គួរ​ឲ្យ​គេ​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ ដោយ​លោត​កញ្ឆេង គួរ​ឲ្យ​គេ​ច្រៀង​ថ្វាយ​ព្រះ‌អង្គ ដោយ​វាយ​ក្រាប់ និង​ចាប់​ស៊ុង! ដ្បិត​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ នឹង​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ព្រះ‌អង្គ​តាក់‌តែង​មនុស្ស​រាប‌សា ដោយ​ការ​សង្គ្រោះ។ ចូរ​ឲ្យ​ពួក​អ្នក​បរិសុទ្ធ​រីក‌រាយ​ឡើង​នឹង​សិរី‌ល្អ ចូរ​ឲ្យ​គេ​ច្រៀង​ដោយ​អំណរ ក្នុង​ដំណេក​របស់​ខ្លួន។ សូម​ឲ្យ​មានការ​សរសើរ​តម្កើង​យ៉ាង​ខ្ពស់ ពី​ព្រះនៅ​ក្នុង​មាត់​របស់​គេ ហើយឲ្យ​មាន​ដាវ​មុខ​ពីរ នៅ​ជាប់​នឹង​ដៃ​របស់​គេ​ដែរ ដើម្បី​សម្រេច​ការ​សង‌សឹក ដល់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន និង​ដាក់​ទោស​ដល់​ប្រជាជន​ទាំង‌ឡាយ ប្រយោជន៍​នឹង​ដាក់​ច្រវាក់​ដល់​ពួក​ស្តេច​របស់​គេ ហើយ​ដាក់​ខ្នោះ​ដែក ដល់​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​របស់​គេ ដើម្បី​សម្រេច​ការ​វិនិច្ឆ័យ​ដល់សាសន៍​ទាំង​នោះ ដូច​ជា​បាន​ចែង​ទុក​មក​ហើយ! ការ​នេះ​ជា​កិត្តិយស ដល់​អស់​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ហាលេលូយ៉ា !

ទំនុកតម្កើង 149:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ហាលេ‌លូយ៉ា! ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌អម្ចាស់! ចូរ​ច្រៀង​សរសើរ​ព្រះអង្គ នៅ​ក្នុង​អង្គ​ប្រជុំ​របស់​អ្នក​ជឿ​ព្រះអង្គ! ចូរ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល រីក‌រាយ​នឹង​ព្រះអង្គ​ដែល​បាន​បង្កើត​គេ​មក សូម​ឲ្យ​ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន មាន​អំណរ​សប្បាយ​នឹង​ព្រះ‌មហា‌ក្សត្រ​របស់​ខ្លួន! ចូរ​នាំ​គ្នា​រាំ​សរសើរ​តម្កើង​ព្រះអង្គ ចូរ​នាំ​គ្នា​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះអង្គ ដោយ​វាយ​ក្រាប់ និង​ដេញ​ពិណ! ដ្បិត​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ នឹង​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ព្រះអង្គ​លើក​កិត្តិយស​មនុស្ស​ទន់‌ទាប ដោយ​សង្គ្រោះ​ពួក​គេ ចូរ​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះអង្គ នាំ​គ្នា​អរ​សប្បាយ​ដ៏​លើស‌លុប ដោយ​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ សូម្បី​តែ​នៅ​ពេល​យប់ ក៏​គេ​ស្រែក​តម្កើង​ព្រះអង្គ​ដោយ​អំណរ​ដែរ! សូម​ឲ្យ​គេ​សរសើរ​តម្កើង​ព្រះអង្គ មិន​ដាច់​ពី​មាត់ ហើយ​ឲ្យ​គេ​កាន់​ដាវ​មុខ​ពីរ នៅ​ជាប់​នឹង​ដៃ​ជានិច្ច ដើម្បី​សង‌សឹក​ប្រជា‌ជាតិ​នានា និង​ដាក់​ទោស​ជាតិ​សាសន៍​ទាំង‌ឡាយ ហើយ​យក​ច្រវាក់​ចង​ស្ដេច និង​ដាក់​ខ្នោះ​មេ​ដឹក​នាំ​របស់​ពួក​គេ។ ការ​ដាក់​ទោស​សាសន៍​ទាំង​នោះ ស្រប​តាម​ការ​សម្រេច​របស់​ព្រះ‌ជាម្ចាស់​នេះ​ហើយ ដែល​ជា​កិត្តិយស​ដ៏​រុងរឿង​របស់​អស់​អ្នក ស្មោះ​ត្រង់​នឹង​ព្រះអង្គ! ហាលេ‌លូយ៉ា!

ទំនុកតម្កើង 149:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ចូរ​ច្រៀង​បទ​១​ថ្មី​ថ្វាយ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​សេចក្ដី​សរសើរ​ពី​ទ្រង់ នៅ​ក្នុង​ជំនុំ​នៃ​ពួក​អ្នក​បរិសុទ្ធ​ផង គួរ​ឲ្យ​ពួក​អ៊ីស្រាអែល​រីក‌រាយ​ឡើង​ក្នុង​ព្រះ​ដែល​បង្កើត​ខ្លួន គួរ​ឲ្យ​ពួក​កូន​ចៅ​នៃ​ក្រុង​ស៊ីយ៉ូន​បាន​ត្រេក‌អរ ក្នុង​មហា‌ក្សត្រ​របស់​ខ្លួន គួរ​ឲ្យ​គេ​សរសើរ​ព្រះ‌នាម​ទ្រង់ ដោយ​លោត‌កញ្ឆេង គួរ​ឲ្យ​គេ​ច្រៀង​សរសើរ​ទ្រង់ ដោយ​ក្រាប់នឹង​ស៊ុង ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​រាស្ត្រ​ទ្រង់ ទ្រង់​តាក់‌តែង​មនុស្ស​រាបសា ដោយ​សេចក្ដី​សង្គ្រោះ គួរ​ឲ្យ​ពួក​អ្នក​បរិសុទ្ធ​រីក‌រាយ​ឡើង​ក្នុង​សិរី‌ល្អ គួរ​ឲ្យ​គេ​ច្រៀង​ដោយ​អំណរ កំពុង​ដែល​ដេក​នៅ​ដំណេក​ខ្លួន គួរ​ឲ្យ​មាន​សេចក្ដី​សរសើរ​យ៉ាង​ប្រសើរ​ពី​ព្រះ នៅ​ក្នុង​មាត់​គេ នឹង​ដាវ​មាន​មុខ​២​នៅ​ដៃ​គេ​ដែរ ដើម្បី​នឹង​សំរេច​ការ​សង‌សឹក​ដល់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន នឹង​ការ​វាយ‌ផ្ចាល​ដល់​បណ្តាជន​ទាំង‌ឡាយ ប្រយោជន៍​នឹង​ដាក់​ច្រវាក់​ដល់​ពួក​ស្តេច​គេ នឹង​ខ្នោះ​ដែក​ដល់​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​របស់​គេ​ដែរ ដើម្បី​នឹង​សំរេច​ការ​វិនិច្ឆ័យ​ដល់​គេ ដូច​ជា​បាន​កត់​ទុក​ហើយ ការ​នេះ​ជា​កិត្តិយស​ដល់​ពួក​អ្នក​ដែល​បរិសុទ្ធ​របស់​ទ្រង់ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។