ទំនុកតម្កើង 149:1-5

ទំនុកតម្កើង 149:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា ! ចូរ​ច្រៀង​បទ​មួយ​ថ្មី​ថ្វាយ​ព្រះ‌យេហូវ៉ា ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ នៅ​ក្នុង​អង្គ​ប្រជុំ​របស់​ពួកអ្នក​បរិសុទ្ធ! ចូរ​ឲ្យ​អ៊ីស្រា‌អែល​រីក‌រាយ​ក្នុង​ព្រះ​ដែល​បង្កើត​ខ្លួន ចូរ​ឲ្យ​ពួក​កូន​នៃ​ក្រុង​ស៊ីយ៉ូន​បាន​ត្រេក‌អរ នឹង​ព្រះ​មហា‌ក្សត្រ​របស់​ខ្លួន! គួរ​ឲ្យ​គេ​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ ដោយ​លោត​កញ្ឆេង គួរ​ឲ្យ​គេ​ច្រៀង​ថ្វាយ​ព្រះ‌អង្គ ដោយ​វាយ​ក្រាប់ និង​ចាប់​ស៊ុង! ដ្បិត​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ នឹង​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ព្រះ‌អង្គ​តាក់‌តែង​មនុស្ស​រាប‌សា ដោយ​ការ​សង្គ្រោះ។ ចូរ​ឲ្យ​ពួក​អ្នក​បរិសុទ្ធ​រីក‌រាយ​ឡើង​នឹង​សិរី‌ល្អ ចូរ​ឲ្យ​គេ​ច្រៀង​ដោយ​អំណរ ក្នុង​ដំណេក​របស់​ខ្លួន។

ទំនុកតម្កើង 149:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ហាលេ‌លូយ៉ា! ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌អម្ចាស់! ចូរ​ច្រៀង​សរសើរ​ព្រះអង្គ នៅ​ក្នុង​អង្គ​ប្រជុំ​របស់​អ្នក​ជឿ​ព្រះអង្គ! ចូរ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល រីក‌រាយ​នឹង​ព្រះអង្គ​ដែល​បាន​បង្កើត​គេ​មក សូម​ឲ្យ​ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន មាន​អំណរ​សប្បាយ​នឹង​ព្រះ‌មហា‌ក្សត្រ​របស់​ខ្លួន! ចូរ​នាំ​គ្នា​រាំ​សរសើរ​តម្កើង​ព្រះអង្គ ចូរ​នាំ​គ្នា​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះអង្គ ដោយ​វាយ​ក្រាប់ និង​ដេញ​ពិណ! ដ្បិត​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ នឹង​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ព្រះអង្គ​លើក​កិត្តិយស​មនុស្ស​ទន់‌ទាប ដោយ​សង្គ្រោះ​ពួក​គេ ចូរ​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះអង្គ នាំ​គ្នា​អរ​សប្បាយ​ដ៏​លើស‌លុប ដោយ​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ សូម្បី​តែ​នៅ​ពេល​យប់ ក៏​គេ​ស្រែក​តម្កើង​ព្រះអង្គ​ដោយ​អំណរ​ដែរ!

ទំនុកតម្កើង 149:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ចូរ​ច្រៀង​បទ​១​ថ្មី​ថ្វាយ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​សេចក្ដី​សរសើរ​ពី​ទ្រង់ នៅ​ក្នុង​ជំនុំ​នៃ​ពួក​អ្នក​បរិសុទ្ធ​ផង គួរ​ឲ្យ​ពួក​អ៊ីស្រាអែល​រីក‌រាយ​ឡើង​ក្នុង​ព្រះ​ដែល​បង្កើត​ខ្លួន គួរ​ឲ្យ​ពួក​កូន​ចៅ​នៃ​ក្រុង​ស៊ីយ៉ូន​បាន​ត្រេក‌អរ ក្នុង​មហា‌ក្សត្រ​របស់​ខ្លួន គួរ​ឲ្យ​គេ​សរសើរ​ព្រះ‌នាម​ទ្រង់ ដោយ​លោត‌កញ្ឆេង គួរ​ឲ្យ​គេ​ច្រៀង​សរសើរ​ទ្រង់ ដោយ​ក្រាប់នឹង​ស៊ុង ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​រាស្ត្រ​ទ្រង់ ទ្រង់​តាក់‌តែង​មនុស្ស​រាបសា ដោយ​សេចក្ដី​សង្គ្រោះ គួរ​ឲ្យ​ពួក​អ្នក​បរិសុទ្ធ​រីក‌រាយ​ឡើង​ក្នុង​សិរី‌ល្អ គួរ​ឲ្យ​គេ​ច្រៀង​ដោយ​អំណរ កំពុង​ដែល​ដេក​នៅ​ដំណេក​ខ្លួន