ទំនុកតម្កើង 148:7-13

ទំនុកតម្កើង 148:7-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

៙ ចូរ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា​ចេញ​ពី​ផែនដី ឯង​ដែល​ជា​សត្វ​ដ៏​សម្បើម​នៅ​ក្នុង​សមុទ្រ និង​ទី​ជម្រៅ​ទាំង​ប៉ុន្មាន ភ្លើង និង​ព្រឹល ហិមៈ និង​ចំហាយ​ទឹក ខ្យល់​ព្យុះដែល​សម្រេច​តាម ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ភ្នំ​ធំ​ភ្នំ​តូច​ទាំង​ឡាយ ដើម​ឈើ​ដែល​មាន​ផ្លែ និង​ដើម​តា‌ត្រៅ​ទាំង​ប៉ុន្មាន សត្វ​ព្រៃ និង​សត្វ​ស្រុក​ទាំង​ប៉ុន្មាន សត្វ​លូន​វារ ព្រម​ទាំង​សត្វ​ហើរ​ដែរ។ ៙ ស្តេច​នៅ​ផែនដី និង​ប្រជា‌រាស្ត្រ​ទាំង‌ឡាយ អ្នក​ធំ និង​អ្នក​គ្រប់​គ្រង​នៅ​ផែនដី យុវជន និង​យុវនារី មនុស្ស​ចាស់ ព្រម​ទាំង​កូន​ក្មេង​ដែរ! ៙ ចូរ​ឲ្យ​ទាំង​អស់​សរសើរ​តម្កើង ព្រះ‌នាម​ព្រះ‌យេហូវ៉ា ដ្បិត​មាន​តែ​ព្រះ‌នាម​ព្រះ‌អង្គ​ប៉ុណ្ណោះ ត្រូវ​លើក​តម្កើង តេជានុភាពរបស់​ព្រះ‌អង្គ ខ្ពស់​ជាង​ផែនដី និង​ផ្ទៃ​មេឃ។

ទំនុកតម្កើង 148:7-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់​នៅ​លើ​ផែនដី មហា‌សាគរ និង​សត្វ​ដ៏​ធំៗ​នៅ​ក្នុង​សមុទ្រ​អើយ ចូរ​សរសើរ​តម្កើង​ព្រះអង្គ។ ភ្លើង ព្រឹល ទឹក​កក និង​អ័ព្ទ ព្រម​ទាំង​ខ្យល់​ព្យុះ ដែល​តែងតែ​ធ្វើ​តាម​បញ្ជា​របស់​ព្រះអង្គ ភ្នំ​តូច​ធំ​ទាំង‌ឡាយ ដើម​ឈើ​ដែល​មាន​ផ្លែ និង​ដើម​គគីរ​ទាំង​ប៉ុន្មាន​អើយ ចូរ​សរសើរ​តម្កើង​ព្រះអង្គ! សត្វ​ព្រៃ និង​សត្វ​ស្រុក ព្រម​ទាំង​បក្សា‌បក្សី និង​សត្វ​លូន​វារ​ទាំង‌ឡាយ​អើយ ចូរ​សរសើរ​តម្កើង​ព្រះអង្គ! ស្ដេច​ទាំង‌ឡាយ​នៅ​ផែនដី ព្រម​ទាំង​ប្រជា‌រាស្ត្រ អ្នក​ដឹក​នាំ និង​អ្នក​គ្រប់‌គ្រង​ទាំង​ប៉ុន្មាន​នៅ​ផែនដី ចូរ​សរសើរ​តម្កើង​ព្រះអង្គ! យុវជន និង​យុវ‌នារី មនុស្ស​ចាស់​ជរា និង​កូន​ក្មេង ចូរ​សរសើរ​តម្កើង​ព្រះអង្គ! ចូរ​ឲ្យ​ទាំង​អស់​គ្នា​សរសើរ​តម្កើង ព្រះ‌នាម​ព្រះ‌អម្ចាស់ ដ្បិត​មាន​តែ​ព្រះ‌នាម​ព្រះអង្គ​ប៉ុណ្ណោះ ដែល​ឧត្ដម​ប្រសើរ​លើស​គេ ព្រះអង្គ​សម្តែង​ភាព​ថ្កុំ‌ថ្កើង​រុងរឿង ពាស‌ពេញ​លើ​ផែនដី និង​ផ្ទៃ​មេឃ។

ទំនុកតម្កើង 148:7-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ពី​ផែនដី​ដែរ នែ អស់​ទាំង​សត្វ​សំបើម​នៅ​ក្នុង​សមុទ្រ នឹង​ទី​ជំរៅ​ទាំង​ប៉ុន្មាន អស់​ទាំង​ភ្លើង នឹង​ព្រិល ហិមៈ នឹង​ចំហាយ​ទឹក ទាំង​ខ្យល់​ព្យុះ ដែល​សំរេច​តាម​ព្រះ‌បន្ទូល​ទ្រង់ ព្រម​ទាំង​ភ្នំ​ធំ​តូច​ទាំង​អស់ ដើម​ឈើ​ដែល​មាន​ផ្លែ នឹង​ដើម​តាត្រៅ​ទាំង​ប៉ុន្មាន គ្រប់​ទាំង​សត្វ​ព្រៃ សត្វ​ស្រុក សត្វ​លូន​វារ នឹង​សត្វ​ស្លាប អស់​ទាំង​ស្តេច​នៅ​ផែនដី នឹង​បណ្តាជន​ទាំង‌ឡាយ ពួក​អ្នក​ធំៗ នឹង​ពួក​ចៅ‌ក្រម​នៅ​ផែនដី ទាំង​មនុស្ស​កំឡោះ នឹង​ស្រី​ក្រមុំ ទាំង​ចាស់​ទាំង​ក្មេង​អើយ ត្រូវ​ឲ្យ​ទាំង​អស់​សរសើរ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​មាន​តែ​ព្រះ‌នាម​ទ្រង់​១ដែល​ខ្ពស់​ប្រសើរ សិរី‌ល្អ​នៃ​ទ្រង់​ខ្ពស់​ជាង​ផែនដី នឹង​ផ្ទៃ​មេឃ​ទៅ​ទៀត