ទំនុកតម្កើង 147:1-20 - Compare All Versions
ទំនុកតម្កើង 147:1-20 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ហាលេលូយ៉ា! ស្មូត្រទំនុកតម្កើង ថ្វាយព្រះនៃយើង ជាការល្អប្រពៃណាស់ សរសើរតម្កើងព្រះអង្គ ជាការមួយដ៏សប្បាយ ហើយប្រសើរបំផុត។ ព្រះអម្ចាស់សង់ក្រុងយេរូសាឡឹមឡើងវិញ ព្រះអង្គនាំជនជាតិអ៊ីស្រាអែល ដែលខ្ចាត់ខ្ចាយឲ្យត្រឡប់មកវិញ។ ព្រះអង្គប្រោសអ្នកដែលមានចិត្តគ្រាំគ្រា ឲ្យបានធូរស្បើយ ព្រះអង្គរុំរបួសឲ្យគេ។ ព្រះអង្គរាប់ចំនួនផ្កាយទាំងប៉ុន្មាន ហើយព្រះអង្គដាក់ឈ្មោះឲ្យផ្កាយទាំងនោះ។ ព្រះរបស់យើងធំឧត្ដុង្គឧត្ដម ព្រះអង្គមានព្រះចេស្ដាដ៏ខ្លាំងបំផុត ព្រះតម្រិះរបស់ព្រះអង្គឥតមានព្រំដែនឡើយ។ ព្រះអម្ចាស់ជួយគាំទ្រជនក្រីក្រ តែព្រះអង្គបន្ទាបមនុស្សអាក្រក់ដល់ដី។ ចូរនាំគ្នាច្រៀងអរព្រះគុណព្រះអម្ចាស់ ចូរស្មូត្រទំនុកតម្កើង ថ្វាយព្រះនៃយើង ទាំងដេញពិណកំដរផង! ព្រះអង្គធ្វើឲ្យមានពពកបាំងបិទផ្ទៃមេឃ ព្រះអង្គរៀបចំឲ្យមាន ភ្លៀងធ្លាក់មកលើផែនដី ព្រះអង្គធ្វើឲ្យមានស្មៅដុះនៅតាមភ្នំ ព្រះអង្គប្រទានចំណីដល់សត្វពាហនៈ ហើយពេលកូនក្អែកយំ ព្រះអង្គក៏ប្រទានចំណីដល់វាដែរ។ ព្រះអង្គមិនសព្វព្រះហឫទ័យនឹងកម្លាំងរបស់សេះទេ ហើយព្រះអង្គក៏មិនរវីរវល់នឹងកម្លាំងកាយ របស់មនុស្សដែរ តែព្រះអង្គគាប់ព្រះហឫទ័យនឹងអស់អ្នក ដែលគោរពកោតខ្លាចព្រះអង្គ គឺអស់អ្នកដែលផ្ញើជីវិតលើព្រះហឫទ័យ មេត្តាករុណារបស់ព្រះអង្គ។ ក្រុងយេរូសាឡឹមអើយ ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអម្ចាស់! ក្រុងស៊ីយ៉ូនអើយ ចូរសរសើរតម្កើងព្រះរបស់អ្នក! ដ្បិតព្រះអង្គការពារ និងពង្រឹងអ្នកឲ្យមានសន្តិសុខ ព្រះអង្គនឹងប្រទានពរដល់ប្រជាជន ដែលរស់នៅក្នុងទីក្រុង។ ព្រះអង្គប្រទានឲ្យទឹកដីអ្នកមានសន្តិភាព ព្រះអង្គប្រទានឲ្យអ្នកមានស្រូវដ៏ល្អៗ យ៉ាងបរិបូណ៌ ព្រះអង្គមានព្រះបន្ទូលបញ្ជាទៅផែនដី ហើយព្រះបន្ទូលរបស់ព្រះអង្គផ្សព្វផ្សាយ ទៅយ៉ាងរហ័ស ព្រះអង្គធ្វើឲ្យមានទឹកកកធ្លាក់ចុះមកដូចសំឡី ព្រះអង្គធ្វើឲ្យមានសន្សើម ត្រជាក់ធ្លាក់ចុះមកយ៉ាងសក្បុស ព្រះអង្គធ្វើឲ្យមានព្រឹលធ្លាក់ចុះមកទាំងដុំៗ តើនរណាអាចទ្រាំនឹងធាតុអាកាសត្រជាក់ ដែលព្រះអង្គបានបង្កើតមកនេះ? ពេលព្រះអង្គមានព្រះបន្ទូល នោះទឹកកក និងព្រឹលក៏រលាយទៅជាទឹក ព្រះអង្គធ្វើឲ្យមានខ្យល់បក់មក ហើយទឹកនោះក៏ហូរទៅ។ ព្រះអង្គសម្តែងឲ្យពូជពង្ស របស់លោកយ៉ាកុបស្គាល់ព្រះបន្ទូលរបស់ព្រះអង្គ ព្រះអង្គប្រទានច្បាប់ និងវិន័យរបស់ព្រះអង្គ ឲ្យជនជាតិអ៊ីស្រាអែល។ ព្រះអង្គពុំបានប្រោសប្រទានដូច្នេះ ចំពោះប្រជាជាតិទាំងឡាយទេ ពួកគេពុំស្គាល់វិន័យរបស់ព្រះអង្គឡើយ។ ហាលេលូយ៉ា!។
ទំនុកតម្កើង 147:1-20 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ចូរសរសើរដល់ព្រះយេហូវ៉ា ដ្បិតការដែលច្រៀងសរសើរ ដល់ព្រះនៃយើងខ្ញុំ នោះជាការសំណំហើយ ក៏ពីរោះផង សេចក្ដីសរសើរជាការគួរគប្បី ព្រះយេហូវ៉ាទ្រង់កំពុងតែសង់ក្រុងយេរូសាឡិមឡើង ទ្រង់កំពុងតែប្រមូលពួកសាសន៍អ៊ីស្រាអែល ដែលត្រូវបំបរទៅជាឈ្លើយ មកវិញ ទ្រង់ប្រោសអស់អ្នកដែលមានចិត្តសង្រេងឲ្យបានជា ក៏រុំរបួសឲ្យគេផង ទ្រង់រាប់ចំនួននៃអស់ទាំងផ្កាយ ក៏ហៅបានតាមឈ្មោះទាំងអស់ ព្រះអម្ចាស់នៃយើងខ្ញុំទ្រង់ធំប្រសើរ ហើយមានឫទ្ធានុភាពក្រៃលែង ឯប្រាជ្ញាញាណរបស់ទ្រង់ក៏យល់គ្រប់ទាំងអស់ ព្រះយេហូវ៉ាទ្រង់ទប់ទល់មនុស្សរាបសា តែបង្ក្រាបពួកមនុស្សអាក្រក់ចុះដល់ដីវិញ ចូរច្រៀងថ្វាយព្រះយេហូវ៉ា ដោយពាក្យអរព្រះគុណ ចូរច្រៀងបទសរសើរដល់ព្រះនៃយើងខ្ញុំ ដោយចាប់ស៊ុង ទ្រង់បាំងមេឃដោយពពក ក៏ចាត់ចែងភ្លៀងសំរាប់ផែនដី ហើយធ្វើឲ្យមានស្មៅដុះឡើងនៅលើភ្នំ ទ្រង់ប្រទានអាហារដល់សត្វទាំងប៉ុន្មាន ព្រមទាំងដល់កូនក្អែកដែលយំផង ទ្រង់មិនសព្វព្រះហឫទ័យនឹងកំឡាំងនៃសេះទេ ក៏មិនត្រូវការនឹងជើងមនុស្សដែរ គឺព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យតែនឹងអស់អ្នក ដែលកោតខ្លាចទ្រង់ ហើយនឹងអស់អ្នកដែលសង្ឃឹមដល់សេចក្ដីសប្បុរស របស់ទ្រង់ប៉ុណ្ណោះ ឱក្រុងយេរូសាឡិមអើយ ចូរសរសើរដល់ព្រះយេហូវ៉ា ឱក្រុងស៊ីយ៉ូនអើយ ចូរសរសើរដល់ព្រះនៃឯងចុះ ដ្បិតទ្រង់បានធ្វើឲ្យរនុកទ្វារឯងបានមាំមួនឡើង ក៏បានប្រទានពរដល់កូនចៅនៅកណ្តាលឯងដែរ ទ្រង់ធ្វើឲ្យមានសេចក្ដីសុខ នៅក្នុងដែនខេត្តរបស់ឯង ទ្រង់ចំអែតឯង ដោយស្រូវសាលីយ៉ាងល្អបំផុត ទ្រង់ចាត់ព្រះរាជបញ្ជាមកលើផែនដី ព្រះបន្ទូលទ្រង់ក៏រត់លឿនណាស់ផង ទ្រង់ប្រទានហិមៈមក ឲ្យដូចជារោមចៀម ក៏បាចសាចសន្សើមកកដូចជាផែះ ទ្រង់បោះទឹកកករបស់ទ្រង់មកជាដុំៗ តើមានអ្នកណានឹងទ្រាំចំពោះពេលរងារបស់ទ្រង់បាន ទ្រង់បញ្ចេញព្រះបន្ទូលទៅរំលាយទាំងអស់វិញ ទ្រង់ធ្វើឲ្យខ្យល់របស់ទ្រង់បកមក នោះទឹកក៏ហូរ ទ្រង់សំដែងព្រះបន្ទូលដល់យ៉ាកុប ហើយបញ្ញត្ត នឹងច្បាប់របស់ទ្រង់ ដល់អ៊ីស្រាអែល ទ្រង់មិនដែលប្រព្រឹត្តនឹងសាសន៍ណាទៀត យ៉ាងនោះឡើយ ឯច្បាប់ទាំងប៉ុន្មានរបស់ទ្រង់ គេមិនបានស្គាល់ទេ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។
ទំនុកតម្កើង 147:1-20 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ចូរសរសើរតម្កើងព្រះយេហូវ៉ា ! ដ្បិតការដែលច្រៀងសរសើរដល់ព្រះនៃយើង ជាការប្រពៃណាស់ ដ្បិតនេះជាទីដ៏សប្បាយរីករាយ ហើយចម្រៀងសរសើរតម្កើង ស័ក្ដិសមណាស់! ព្រះយេហូវ៉ាសង់ក្រុងយេរូសាឡិមឡើងវិញ ព្រះអង្គប្រមូលអ៊ីស្រាអែល ដែលខ្ចាត់ខ្ចាយឲ្យត្រឡប់មកវិញ។ ព្រះអង្គប្រោសអ្នកដែលមានចិត្តខ្ទេចខ្ទាំ ឲ្យបានជា ព្រះអង្គរុំរបួសឲ្យគេ។ ព្រះអង្គកំណត់ចំនួនផ្កាយ ហើយព្រះអង្គដាក់ឈ្មោះឲ្យផ្កាយទាំងនោះ។ ព្រះអម្ចាស់របស់យើងធំអស្ចារ្យ ហើយមានពេញដោយព្រះចេស្ដា ប្រាជ្ញាញាណរបស់ព្រះអង្គ មិនអាចវាស់ស្ទង់បានឡើយ។ ព្រះយេហូវ៉ាលើកមនុស្សរាបសា តែព្រះអង្គបន្ទាបមនុស្សអាក្រក់ដល់ដី។ ៙ ចូរច្រៀងថ្វាយព្រះយេហូវ៉ា ដោយពាក្យអរព្រះគុណ ចូរលើកទំនុកថ្វាយព្រះនៃយើង ដោយចាប់ស៊ុង។ ព្រះអង្គបិទបាំងផ្ទៃមេឃដោយពពក ព្រះអង្គរៀបចំឲ្យមានភ្លៀងសម្រាប់ផែនដី ព្រះអង្គធ្វើឲ្យមានស្មៅដុះនៅលើភ្នំ។ ព្រះអង្គប្រទានឲ្យសត្វពាហនៈមានអាហារ ហើយក៏ប្រទានឲ្យកូនក្អែកដែលយំដែរ។ ព្រះអង្គមិនសព្វព្រះហឫទ័យនឹងកម្លាំងសេះទេ ក៏មិនរីករាយនឹងជើងមនុស្សដែរ តែព្រះយេហូវ៉ាសព្វព្រះហឫទ័យ នឹងអស់អ្នកដែលកោតខ្លាចព្រះអង្គ គឺនឹងអស់អ្នកដែលសង្ឃឹមដល់ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។ ៙ ឱក្រុងយេរូសាឡិមអើយ ចូរសរសើរតម្កើងព្រះយេហូវ៉ា! ឱក្រុងស៊ីយ៉ូនអើយ ចូរសរសើរតម្កើងព្រះរបស់អ្នក! ដ្បិតព្រះអង្គពង្រឹងរនុកទ្វារឯងឲ្យរឹងមាំ ព្រះអង្គប្រទានពរកូនចៅដែលរស់នៅក្នុងឯង។ ព្រះអង្គធ្វើឲ្យមានសេចក្ដីសុខ នៅក្នុងព្រំដែនរបស់ឯង ព្រះអង្គចម្អែតឯង ដោយស្រូវសាលីយ៉ាងល្អបំផុត។ ព្រះអង្គចាត់ព្រះរាជបញ្ជារបស់ព្រះអង្គមកផែនដី ព្រះបន្ទូលរបស់ព្រះអង្គក៏រត់ទៅយ៉ាងរហ័ស។ ព្រះអង្គប្រទានឲ្យមានព្រឹលសក្បុស ដូចរោមចៀម ព្រះអង្គបាចសាចសន្សើម កកដូចផេះ។ ព្រះអង្គបោះទឹកកករបស់ព្រះអង្គមកជាដុំៗ តើអ្នកណាអាចទ្រាំនឹងធាតុអាកាសត្រជាក់ របស់ព្រះអង្គបាន? ព្រះអង្គចាត់ព្រះបន្ទូលទៅ ហើយទាំងអស់ក៏រំលាយទៅ ព្រះអង្គធ្វើឲ្យខ្យល់របស់ព្រះអង្គបកមក ហើយទឹកនោះក៏ហូរ។ ព្រះអង្គប្រកាសព្រះបន្ទូល របស់ព្រះអង្គដល់យ៉ាកុប គឺច្បាប់ និងវិន័យរបស់ព្រះអង្គដល់អ៊ីស្រាអែល។ ព្រះអង្គមិនបានប្រព្រឹត្តដូច្នេះ ចំពោះសាសន៍ដទៃណាឡើយ គេមិនស្គាល់វិន័យរបស់ព្រះអង្គទេ។ ហាលេលូយ៉ា !