ទំនុកតម្កើង 146:1-10
ទំនុកតម្កើង 146:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហាលេលូយ៉ា ! ឱព្រលឹងខ្ញុំអើយ ចូរសរសើរតម្កើងព្រះយេហូវ៉ា! ខ្ញុំនឹងសរសើរតម្កើងព្រះយេហូវ៉ាអស់មួយជីវិត ខ្ញុំនឹងច្រៀងសរសើរដល់ព្រះរបស់ខ្ញុំ កាលខ្ញុំនៅមានជីវិតនៅឡើយ។ ៙ កុំឲ្យទុកចិត្តនឹងអ្នកធំ ឬទុកចិត្តនឹងមនុស្សលោក ដែលមិនអាចសង្គ្រោះអ្នកណាបាននោះឡើយ។ កាលគេផុតដង្ហើមទៅ គេវិលត្រឡប់ទៅជាដីវិញ នៅថ្ងៃនោះឯង គំនិតរបស់គេ ក៏សូន្យបាត់ទៅដែរ។ ៙ មានពរហើយអ្នកណាដែលមានព្រះ របស់យ៉ាកុបជាជំនួយរបស់ខ្លួន ជាអ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ា ជាព្រះរបស់ខ្លួន ជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងសមុទ្រ និងអ្វីៗសព្វសារពើ នៅស្ថានទាំងនោះ ព្រះអង្គរក្សាសេចក្ដីពិតត្រង់ជារៀងរហូត។ ព្រះអង្គរកយុត្តិធម៌ឲ្យពួកអ្នក ដែលត្រូវគេសង្កត់សង្កិន ព្រះអង្គប្រទានអាហារដល់អស់អ្នក ដែលស្រេកឃ្លាន។ ព្រះយេហូវ៉ាដោះលែងអ្នកជាប់ឃុំឃាំង ព្រះយេហូវ៉ាប្រោសភ្នែកមនុស្សខ្វាក់ឲ្យមើលឃើញ ព្រះយេហូវ៉ាលើកអស់អ្នកដែលត្រូវឱនចុះ ឲ្យងើបឡើងវិញ ព្រះយេហូវ៉ាស្រឡាញ់មនុស្សសុចរិត។ ព្រះយេហូវ៉ាការពារពួកអ្នកស្នាក់អាស្រ័យ ព្រះអង្គទ្រទ្រង់ក្មេងកំព្រា និងស្ត្រីមេម៉ាយ តែឯផ្លូវរបស់មនុស្សអាក្រក់វិញ ព្រះអង្គនាំទៅរកសេចក្ដីវិនាស។ ៙ ព្រះយេហូវ៉ានឹងសោយរាជ្យអស់កល្បជានិច្ច ឱក្រុងស៊ីយ៉ូនអើយ ព្រះរបស់អ្នក នឹងសោយរាជ្យគ្រប់ជំនាន់តរៀងទៅ! ហាលេលូយ៉ា!
ទំនុកតម្កើង 146:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហាលេលូយ៉ា! ខ្ញុំសូមសរសើរ តម្កើងព្រះអម្ចាស់! ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់អស់មួយជីវិត ខ្ញុំនឹងស្មូត្រទំនុកតម្កើង ថ្វាយព្រះកិត្តិនាម ព្រះរបស់ខ្ញុំក្នុងពេលដែលខ្ញុំនៅរស់នៅឡើយ។ កុំទុកចិត្តអ្នកធំ កុំទុកចិត្តមនុស្សលោកដែលពុំអាចសង្គ្រោះ នរណាបានឡើយ ដ្បិតពេលគេត្រូវផុតដង្ហើម គេវិលត្រឡប់ទៅជាធូលីដីវិញ ហើយគម្រោងការរបស់គេ ក៏នឹងរលាយសូន្យនៅថ្ងៃនោះដែរ។ អ្នកណាដែលព្រះរបស់លោកយ៉ាកុបជួយសង្គ្រោះ ហើយអ្នកណាសង្ឃឹមទុកចិត្តលើព្រះអម្ចាស់ ជាព្រះរបស់ខ្លួន អ្នកនោះមានសុភមង្គលហើយ!។ ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី ព្រះអង្គបានបង្កើតសមុទ្រ និងអ្វីៗទាំងអស់ដែលស្ថិតនៅក្នុងសមុទ្រ ព្រះអង្គតែងតែគោរពតាមព្រះបន្ទូលសន្យា របស់ព្រះអង្គជានិច្ច។ ព្រះអង្គរកយុត្តិធម៌ឲ្យអស់អ្នក ដែលត្រូវគេសង្កត់សង្កិន ព្រះអង្គប្រទានអាហារដល់អស់អ្នក ដែលស្រេកឃ្លាន ព្រះអម្ចាស់ដោះលែងអ្នកជាប់ឃុំឃាំង ព្រះអម្ចាស់ប្រោសមនុស្សខ្វាក់ឲ្យមើលឃើញ ព្រះអម្ចាស់លើកអ្នកដែលអស់សង្ឃឹម ឲ្យងើបឡើងវិញ ព្រះអម្ចាស់ស្រឡាញ់មនុស្សសុចរិត ព្រះអម្ចាស់ការពារជនបរទេស ព្រះអង្គជួយគាំទ្រក្មេងកំព្រា និងស្ត្រីមេម៉ាយ តែព្រះអង្គធ្វើឲ្យគម្រោងការរបស់មនុស្ស អាក្រក់ត្រូវរលាយសូន្យ។ ព្រះអម្ចាស់នឹងគ្រងរាជ្យអស់កល្បជានិច្ច! ក្រុងស៊ីយ៉ូនអើយ ព្រះរបស់អ្នក នឹងគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ! ហាលេលូយ៉ា!។
ទំនុកតម្កើង 146:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរសរសើរដល់ព្រះយេហូវ៉ា នែ ព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ កាលខ្ញុំកំពុងរស់នៅឡើយ នោះខ្ញុំនឹងសរសើរដល់ព្រះយេហូវ៉ា ខ្ញុំនឹងច្រៀងសរសើរដល់ព្រះនៃខ្ញុំ ក្នុងកាលដែលនៅមានជីវិតតទៅ កុំឲ្យទុកចិត្តនឹងអ្នកធំ ឬនឹងពូជពង្សនៃមនុស្សណាឡើយ គេនឹងជួយឯងមិនបានទេ គេផុតដង្ហើមទៅ ហើយត្រឡប់ទៅជាដីវិញ នៅថ្ងៃនោះឯង អស់ទាំងគំនិតរបស់គេក៏សូន្យបាត់ទៅ សប្បាយហើយ អ្នកណាដែលមានព្រះនៃយ៉ាកុប ជាជំនួយរបស់ខ្លួន ជាអ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ាជាព្រះនៃខ្លួន ជាព្រះដែលបង្កើតផ្ទៃមេឃ នឹងផែនដី ព្រមទាំងសមុទ្រនឹងរបស់សព្វសារពើ ដែលនៅស្ថានទាំងនោះផង ទ្រង់ក៏រក្សាសេចក្ដីពិតត្រង់ជាដរាប ទ្រង់សំរេចសេចក្ដីសុចរិតដល់ពួកអ្នក ដែលត្រូវគេសង្កត់សង្កិន ក៏ប្រទានអាហារដល់អស់អ្នកដែលឃ្លានដែរ ព្រះយេហូវ៉ាទ្រង់ស្រាយពួកអ្នក ដែលជាប់ចំណង ឲ្យរួចចេញ ព្រះយេហូវ៉ាទ្រង់បំភ្លឺភ្នែករបស់មនុស្សខ្វាក់ ព្រះយេហូវ៉ាទ្រង់លើកអស់អ្នកដែលត្រូវឱន ឲ្យត្រង់ឡើងវិញ ព្រះយេហូវ៉ាទ្រង់ស្រឡាញ់ពួកមនុស្សសុចរិត ព្រះយេហូវ៉ាទ្រង់ការពារពួកអ្នកប្រទេសដទៃ ទ្រង់ទប់ទល់ពួកកូនកំព្រា នឹងស្រីមេម៉ាយ តែឯផ្លូវរបស់មនុស្សអាក្រក់ នោះទ្រង់បំបត់បំបែនវិញ ព្រះយេហូវ៉ាទ្រង់នឹងសោយរាជ្យនៅអស់កល្បជានិច្ច គឺព្រះនៃឯង ឱក្រុងស៊ីយ៉ូនអើយ ទ្រង់នឹងសោយរាជ្យ ដរាបដល់អស់ទាំងដំណតទៅ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។