ទំនុកតម្កើង 145:9-13
ទំនុកតម្កើង 145:9-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាល្អដល់មនុស្សទាំងអស់ ហើយព្រះហឫទ័យអាណិតអាសូររបស់ព្រះអង្គ គ្របលើអ្វីៗទាំងអស់ ដែលព្រះអង្គបានបង្កើតមក។ ៙ ឱព្រះយេហូវ៉ាអើយ អស់ទាំងស្នាព្រះហស្តរបស់ព្រះអង្គ នឹងអរព្រះគុណដល់ព្រះអង្គ ហើយអស់ទាំងពួកអ្នកបរិសុទ្ធរបស់ព្រះអង្គ នឹងថ្វាយព្រះពរព្រះអង្គ! គេនឹងថ្លែងពីសិរីល្អនៃព្រះរាជ្យរបស់ព្រះអង្គ ហើយរៀបរាប់ពីព្រះចេស្ដារបស់ព្រះអង្គ ដើម្បីឲ្យពួកកូនមនុស្សស្គាល់ ពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ និងពីសិរីល្អដ៏រុងរឿងនៃព្រះរាជ្យរបស់ព្រះអង្គ។ ព្រះរាជ្យរបស់ព្រះអង្គ ជារាជ្យដ៏ស្ថិតស្ថេរអស់កល្បជានិច្ច ហើយអំណាចរបស់ព្រះអង្គ ក៏នៅស្ថិតស្ថេរគ្រប់ជំនាន់តរៀងទៅ។ [ព្រះយេហូវ៉ាស្មោះត្រង់ក្នុងគ្រប់សេចក្ដី ដែលព្រះអង្គមានព្រះបន្ទូល ហើយក៏សប្បុរសក្នុងគ្រប់ទាំងកិច្ចការ ដែលព្រះអង្គធ្វើ។ ]
ទំនុកតម្កើង 145:9-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស ចំពោះមនុស្សទាំងអស់ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរ ដល់សត្វលោកទាំងអស់ ដែលព្រះអង្គបានបង្កើតមក។ ឱព្រះអម្ចាស់អើយ សត្វលោកដែលព្រះអង្គបានបង្កើតមក នឹងនាំគ្នាលើកតម្កើងព្រះអង្គ ហើយប្រជាជនរបស់ព្រះអង្គ ក៏នឹងនាំគ្នាសរសើរតម្កើងព្រះអង្គដែរ។ គេនឹងរៀបរាប់អំពីព្រះរាជ្យ ដ៏រុងរឿងរបស់ព្រះអង្គ គេនឹងថ្លែងអំពីឫទ្ធានុភាពរបស់ព្រះអង្គ ដើម្បីឲ្យមនុស្សទាំងអស់បានដឹង ពីការអស្ចារ្យរបស់ព្រះអង្គ និងសិរីរុងរឿងដ៏ភ្លឺចិញ្ចែងចិញ្ចាច នៃព្រះរាជ្យរបស់ព្រះអង្គ ព្រះអង្គគ្រងរាជ្យគ្រប់ជំនាន់ទាំងអស់ ព្រះអង្គជាព្រះមហាក្សត្រ អស់កល្បជាអង្វែងតរៀងទៅ។ ព្រះអម្ចាស់តែងគោរពតាមព្រះបន្ទូល សន្យារបស់ព្រះអង្គជានិច្ច ហើយអ្វីៗដែលព្រះអង្គប្រព្រឹត្ត សុទ្ធតែផុសចេញពីព្រះហឫទ័យសប្បុរស។
ទំនុកតម្កើង 145:9-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់ល្អដល់មនុស្សទាំងអស់ ហើយព្រះហឫទ័យទន់សន្តោសរបស់ទ្រង់ ក៏គ្របលើកិច្ចការរបស់ទ្រង់ទាំងប៉ុន្មាន ឱព្រះយេហូវ៉ាអើយ អស់ទាំងស្នាដៃរបស់ទ្រង់នឹងអរព្រះគុណដល់ទ្រង់ ហើយពួកអ្នកបរិសុទ្ធរបស់ទ្រង់នឹងសូមឲ្យទ្រង់បានប្រកប ដោយព្រះពរ គេនឹងថ្លែងពីសិរីល្អនៃនគរទ្រង់ នឹងពីតេជានុភាពរបស់ទ្រង់ ប្រយោជន៍ឲ្យពួកមនុស្សជាតិបានស្គាល់ អស់ទាំងការឥទ្ធិឫទ្ធិរបស់ទ្រង់ ហើយនឹងសិរីល្អនៃឫទ្ធានុភាពរបស់រាជ្យទ្រង់ រាជ្យទ្រង់ស្ថិតស្ថេរនៅអស់កល្បជានិច្ច ហើយអំណាចទ្រង់ក៏នៅ ដរាបដល់អស់ទាំងដំណតទៅ