ទំនុកតម្កើង 145:8-14

ទំនុកតម្កើង 145:8-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

៙ ព្រះ‌យេហូវ៉ា​ប្រកប ដោយ​ព្រះហឫ​ទ័យ​ប្រណី​សន្ដោស និង​អាណិត​អាសូរ ព្រះ‌អង្គ​យឺត​នឹង​ខ្ញាល់ ហើយ​ពោរ​ពេញ​ដោយ ព្រះ‌ហឫ‌ទ័យ​សប្បុរស។ ព្រះ‌យេហូវ៉ា​ល្អ​ដល់​មនុស្ស​ទាំង​អស់ ហើយ​ព្រះ‌ហឫ‌ទ័យ​អាណិត​អាសូរ​របស់​ព្រះ‌អង្គ គ្រប​លើ​អ្វីៗ​ទាំងអស់ ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក។ ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ អស់​ទាំង​ស្នាព្រះ‌ហស្ត​របស់​ព្រះ‌អង្គ នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ហើយ​អស់​ទាំង​ពួក​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ នឹង​ថ្វាយ​ព្រះពរ​ព្រះ‌អង្គ! គេ​នឹង​ថ្លែង​ពី​សិរី‌ល្អ​នៃ​ព្រះ​រាជ្យ​របស់​ព្រះ‌អង្គ ហើយ​រៀប​រាប់​ពីព្រះ​ចេស្ដា​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​ពួក​កូន​មនុស្ស​ស្គាល់ ពីកិច្ច​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ និង​ពី​សិរី‌ល្អ​ដ៏​រុង​រឿង​នៃ​ព្រះ​រាជ្យ​របស់​ព្រះ‌អង្គ។ ព្រះ​រាជ្យ​របស់​ព្រះ‌អង្គ ជា​រាជ្យ​ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច ហើយ​អំណាច​របស់​ព្រះ‌អង្គ ក៏​នៅ​ស្ថិត​ស្ថេរ​គ្រប់​ជំនាន់​តរៀង​ទៅ។ [ព្រះ‌យេហូវ៉ា​ស្មោះ​ត្រង់​ក្នុង​គ្រប់​សេចក្ដី ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល ហើយ​ក៏​សប្បុរស​ក្នុង​គ្រប់​ទាំង​កិច្ច‌ការ ដែល​ព្រះ‌អង្គ​ធ្វើ។ ] ព្រះ‌យេហូវ៉ា​ទ្រទ្រង់​អស់​អ្នក​ដែល​ដួល ក៏​លើក​អស់​អ្នក​ដែល​ត្រូវ​ឱន​ចុះ ឲ្យ​ងើប​ឡើង​វិញ។

ទំនុកតម្កើង 145:8-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ហឫទ័យ ប្រណី‌សន្ដោស និង​អាណិត‌អាសូរ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ ហើយ​ពោរ‌ពេញ​ទៅ​ដោយ ព្រះ‌ហឫទ័យ​មេត្តា‌ករុណា។ ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស ចំពោះ​មនុស្ស​ទាំង​អស់ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ ដល់​សត្វ​លោក​ទាំង​អស់ ដែល​ព្រះអង្គ​បាន​បង្កើត​មក។ ឱ​ព្រះ‌អម្ចាស់​អើយ សត្វ​លោក​ដែល​ព្រះអង្គ​បាន​បង្កើត​មក នឹង​នាំ​គ្នា​លើក​តម្កើង​ព្រះអង្គ ហើយ​ប្រជា‌ជន​របស់​ព្រះអង្គ ក៏​នឹង​នាំ​គ្នា​សរសើរ​តម្កើង​ព្រះអង្គ​ដែរ។ គេ​នឹង​រៀប​រាប់​អំពី​ព្រះ‌រាជ្យ ដ៏​រុងរឿង​របស់​ព្រះអង្គ គេ​នឹង​ថ្លែង​អំពី​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ដឹង ពី​ការ​អស្ចារ្យ​របស់​ព្រះអង្គ និង​សិរី‌រុងរឿង​ដ៏​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច នៃ​ព្រះ‌រាជ្យ​របស់​ព្រះអង្គ ព្រះអង្គ​គ្រង​រាជ្យ​គ្រប់​ជំនាន់​ទាំង​អស់ ព្រះអង្គ​ជា​ព្រះ‌មហា‌ក្សត្រ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ព្រះ‌អម្ចាស់​តែង​គោរព​តាម​ព្រះ‌បន្ទូល សន្យា​របស់​ព្រះអង្គ​ជានិច្ច ហើយ​អ្វីៗ​ដែល​ព្រះអង្គ​ប្រព្រឹត្ត សុទ្ធ​តែ​ផុស​ចេញ​ពី​ព្រះ‌ហឫទ័យ​សប្បុរស។ ព្រះ‌អម្ចាស់​ជួយ​គាំទ្រ​អស់​អ្នក​ដែល​ជំពប់​ដួល ព្រះអង្គ​លើក​អ្នក​ដែល​អស់​សង្ឃឹម ឲ្យ​ងើប​ឡើង​វិញ។

ទំនុកតម្កើង 145:8-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​ប្រកប​ដោយ​មេត្តា‌ករុណា នឹង​អាណិត‌អាសូរ ទ្រង់​យឺត​នឹង​ខ្ញាល់ ក៏​មាន​សេចក្ដី​សប្បុរស​ដ៏​ធំ​ទូលាយ ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ​ដល់​មនុស្ស​ទាំង​អស់ ហើយ​ព្រះ‌ហឫទ័យ​ទន់​សន្តោស​របស់​ទ្រង់ ក៏​គ្រប​លើ​កិច្ច‌ការ​របស់​ទ្រង់​ទាំង​ប៉ុន្មាន ឱ​ព្រះ‌យេហូវ៉ា​អើយ អស់​ទាំង​ស្នាដៃ​របស់​ទ្រង់​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ហើយ​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់​នឹង​សូម​ឲ្យ​ទ្រង់​បាន​ប្រកប ដោយ​ព្រះ‌ពរ គេ​នឹង​ថ្លែង​ពី​សិរី‌ល្អ​នៃ​នគរ​ទ្រង់ នឹង​ពី​តេជា‌នុភាព​របស់​ទ្រង់ ប្រយោជន៍​ឲ្យ​ពួក​មនុស្ស​ជាតិ​បាន​ស្គាល់ អស់​ទាំង​ការ​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់ ហើយ​នឹង​សិរី‌ល្អ​នៃ​ឫទ្ធា‌នុភាព​របស់​រាជ្យ​ទ្រង់ រាជ្យ​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប‌ជានិច្ច ហើយ​អំណាច​ទ្រង់​ក៏​នៅ ដរាប​ដល់​អស់​ទាំង​ដំណ​ត​ទៅ ព្រះ‌យេហូវ៉ា​ទ្រង់​គាំទ្រ​ដល់​អស់​អ្នក​ដែល​ដួល ក៏​លើក​ពួក​អ្នក​ដែល​ត្រូវ​ឱន​ឡើង​វិញ